(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានប្រកាសយកមន្ត្រីពីក្រសួងយុត្តិធម៌, ក្រសួងការបរទេស និងក្រសួងការពារជាតិ ទៅកាន់គណៈកម្មការជំនាញព្រឹទ្ធសភា ដើម្បីពង្រឹងនូវផ្នែកនានា ក្នុងព្រឹទ្ធសភា។
ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ដើម្បីពិនិត្យ និងអនុម័តសេចក្តីស្នើសុំវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំនឹងទាញយកសមាជិករដ្ឋាភិបាលមួយចំនួន មកកាន់ព្រឹទ្ធសភា សំដៅចូលរួមចំណែក ដើម្បីពង្រឹងនូវផ្នែកនានា ទាក់ទិនជាមួយនឹងខាងច្បាប់, កិច្ចការបរទេស និងយោធា»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសូមអរគុណសមាជិក-សមាជិកា នៃព្រឹទ្ធសភា ដែលបានគាំទ្រសម្រាប់កែប្រែនេះ ហើយបន្ទាប់ពីនេះ សូមឲ្យអគ្គលេខាធិការ រៀបចំការបោះពុម្ព និងសូមសំណូមពរ ឲ្យមានការបោះពុម្ព ទាំងភាសាជាតិ និងភាសាអង់គ្លេស៕