(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខ និងការផ្គត់ផ្គង់សុនខជំនាញបច្ចេកទេស ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាពិសេសការប្រឆាំងភេរវកម្ម និងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

នាយឧត្តមសេនីយ៍ ស ថេត មានប្រសាសន៍ថា ការសហការជួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នេះធ្វើឡើងបន្ទាប់ទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឲ្យស្ថាប័នទាំងពីរ រួមសហការគ្នាឲ្យកាន់តែចិត្តស្និតបន្ថែមទៀត លើការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខនេះ ដើម្បីលើកកម្ពស់កិច្ចការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា ការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខនេះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការត្រួតពិនិត្យនូវអាវុធជាតិផ្ទុះ និងបញ្ហាគ្រឿងញៀន ដែលនឹងអាចត្រូវដាក់ពង្រាយគោលដៅអាទិភាពនៅតាមបណ្តោយរាជធានីភ្នំពេញ-ខេត្តមួយចំនួន ជាពិសេស តំបន់ទេសចរណ៍ តំបន់សេដ្ឋកិច្ចពិសេស តំបន់កំពង់អភិវឌ្ឍន៍ ច្រកចេញចូលព្រំដែន និងតំបន់ដែលមានហានិភ័យខ្ពស់ ដោយសារគ្រាប់មីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ ដោយកងកម្លាំងនគរបាលជាតិបានចូលរួមសហការយ៉ាងជិតស្និតក្នុងការផ្ដល់ព័ត៌មាន និងសម្របសម្រួលឈានទៅដល់ការរកឃើញ និងកម្ទេចចោលគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាមបានរាប់ម៉ឺនគ្រាប់។

លោកបន្តថា មណ្ឌលសុនខ CMAC បានពង្រឹងសមត្ថភាពក្នុងការអភិវឌ្ឍជំនាញសុនខលើការងារសន្តិសុខ និងសណ្តា ប់ធ្នាប់សង្គមមានដូចជា សុនខប្រឆាំងភេរវកម្ម សុនខប្រឆាំងបាតុកម្ម សុនខសន្តិសុខសាធារណៈ សុនខល្បាតព្រំដែននិងសុនខការងារសង្គមនានា។ ទន្ទឹមនឹងនេះ មណ្ឌលសុនខ ក៏បានធ្វើការស្រាវ ជ្រាវហ្វឹកហ្វឺន សុនខប្រឆាំងជម្ងឺកូវីដ-១៩ និងសុនខប្រឆាំងគ្រឿងញៀន ដោយទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈផងដែរ។

បច្ចុប្បន្ននេះអង្គភាព CMAC មានសុនខសរុបចំនួនប្រមាណ ១៤៤ក្បាលហើយក្នុងឆ្នាំ ២០២៥នេះមានផែនការបង្កាត់ពូជសុនខចំនួន ១០០ក្បាលបន្ថែមទៀត ដែលធ្វើឲ្យអង្គភាព CMAC មានសមត្ថភាពផលិតសុនខគាំទ្រដល់បញ្ជាការដ្ឋាន ជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានអង្គរក្ស បញ្ជាការដ្ឋានទ័ពពិសេស នៃកងទ័ពជើងគោកនាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ និងក្រុមហ៊ុន Prince Security Services ព្រមទាំងផ្គត់ផ្គង់ដល់ប្រទេសមួយចំនួនដូចជាប្រទេសអាហ្សាបៃហ្សង់ អាហ្វ្រិក កណ្ដាល តួគី កូឡុំប៊ី និងអង្គការអន្ដរជាតិមួយចំនួនផងដែរ។

សូមជម្រាបថា នៅក្នុងឆ្នាំ២០២៤ អង្គភាពCMAC បានផ្តល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីនគរបាលស្ម័គ្រចិត្តចំនួន ១,១៥៦នាក់ នៅក្នុងខេត្តចំនួន៨ គឺ ព្រះវិហារ ខេត្តកំពង់ធំ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ក្រចេះ ព្រៃវែង និងខេត្តតាកែវ ដើម្បីក្លាយជាគ្រូបង្គោលនៃកម្មវិធីកាត់បន្ថយគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមតាមសហគមន៍៕