(កំពង់ចាម)៖ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្លាំងប្រដាប់អាវុធ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរក្នុងឆ្នាំ២០២៤កន្លងទៅ។
អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ, មន្ទីរ-អង្គភាពជុំវិញខេត្ត, រដ្ឋបាលក្រុង-ស្រុក, ឃុំ-សង្កាត់, ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានសហការគ្នា បំពេញ ការងារជាច្រើននៅឆ្នាំ២០២៤ ក្នុងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការខិតខំរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់សាធារណៈនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បានយ៉ាងល្អប្រសើរ រួមទាំងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ទៅតាមកម្មវិធីនយោបាយគោលនយោបាយរបស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត អបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ, ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់, កងកម្លាំងប្រដាប់អាវុធ, មន្ទីរ-អង្គភាពជុំវិញខេត្ត, រដ្ឋបាលក្រុង-ស្រុក, ឃុំ-សង្កាត់ក្នុងកិច្ចខិតខំរួមគ្នាសម្រេចបានក្នុង ការអនុវត្ត កម្មវិធីកំណែទម្រង់ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ក្នុងនោះស្នាដៃ និងសមិទ្ធផលដែលបានកើតចេញពីការខិតខំព្រមៗគ្នារបស់មន្ត្រីរាជការ និងថ្នាក់ដឹកនាំគ្រប់ថ្នាក់ ជាពិសេសមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ដែលនាំឱ្យសម្រេចបាននូវសមិទ្ធផលធំៗលើគ្រប់វិស័យ ទាំងនយោបាយ សង្គម និងសេដ្ឋកិច្ច និងដែលបាននាំឱ្យខេត្តកំពង់ចាមសម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់គួរជាទីមោទនៈផងដែរ។
អភិបាលខេត្ត ក៏បានយកឱកាសនោះ ថ្លែងអំណរគុណដល់សមាជិក សមាជិកា នៃអង្គសន្និបាត ដែលបានចូលរួមធ្វើការពិភាក្សាតាមប្រធានបទដែលបានដាក់ចេញ និងបានរកឃើញនូវបញ្ហាប្រឈម សំណូមពររួមនឹងដំណោះស្រាយ ដែលក្រុមពិភាក្សានីយមួយៗ ពិតជាបានផ្តល់ធាតុចូលយ៉ាងសំខាន់សម្រាប់ការដាក់ចេញនូវផែនការ និងទិសដៅការងារបន្តសម្រាប់ការអនុវត្តនៅឆ្នាំ២០២៥នេះ ក៏ដូចជាឆ្នាំបន្តបន្ទាប់ទៀត៕