Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី រ៉ូណា ស្មីត៖ កម្ពុជាមានសន្តិភាពពេញបរិបូរណ៍ ប៉ុន្តែស្ថានភាពសិទ្ធមនុស្សមិនទាន់ល្អប្រសើរ

19-10-2016 18:36

(ភ្នំពេញ)៖ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានអះអាងថា ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មានសន្តិភាពពេញ​បរិបូរណ៍ហើយ តែនៅមិនទាន់ មានការការពារសិទ្ធិមនុស្ស បានល្អប្រសើរនោះទេ។ លោកស្រីជឿថា កម្ពុជាពិតជាមានឆន្ទៈធ្វើឲ្យប្រសើរឡើង នូវស្ថានភាពសិទ្ធមនុស្សទៅថ្ងៃខាងមុខ ។

នៅក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ លោកស្រី រ៉ូណា ស្មីត បានលើកឡើងថា កម្ពុជាពិតជាមានសន្តិភាពល្អគួរឲ្យកោតសរសើរ ប៉ុន្តែនៅត្រង់ថាមិនទាន់មាន​ការការពារសិទ្ធិមនុស្ស​បានល្អប្រសើរនៅឡើយ ដោយសារនៅមានការរំលោភបំពានលើសិទ្ធិមនុស្សមួយចំនួន ប៉ុន្តែឃើញថាកម្ពុជា ពិតជាមានឆន្ទៈ ធ្វើឲ្យប្រសើរឡើង នូវស្ថានភាពសិទ្ធមនុស្សនៅកម្ពុជា។ លោកស្រីថា «មនុស្សគ្រប់រូបនៅក្នុងប្រទេសកម្ពុជា ត្រូវទទួលបានសិទ្ធិសេរីភាព ដែលបានចែង នៅក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងលិខិតុបករណ៍សិទ្ធិ​មនុស្សពាក់​ព័ន្ធដទៃទៀត»

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចមកកម្ពុជា រយៈពេល១០ថ្ងៃមកកម្ពុជានេះ លោកស្រី រ៉ូណា ស្មីត បានតាមដាននូវសកម្មភាព មួយចំនួនរួមមាន៖ ក្រុមងាយរងគ្រោះ រដ្ឋាភិបាលកម្ពុជា អំពីបញ្ហាជនរស់​នៅតាមដងផ្លូវ នីតិរដ្ឋ និងយុត្តិធម៌ ពន្ធនាគារ ការរៀបចំ ការបោះឆ្នោតជាដើម។

លោកស្រី  រ៉ូណា ស្មីត បានមកបំពេញទស្សនកិច្ចនៅកម្ពុជាលើកទី៣ រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃ១០ ខែតុលា ឆ្នាំ២០១៦មក។ ក្នុងអំឡុង១០ថ្ងៃនេះ លោកស្រីបានជួបជាមួយសមាជិករដ្ឋាភិបាល គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និង សហគមន៍ពលរដ្ឋផងដែរ ដើម្បីប្រមូលព័ត៌មានអំពីសិទ្ធិមនុស្ស។

លោកស្រី រ៉ូណា ស្មីត ត្រូវបានអង្គការសហប្រជាជាតិ តែងតាំងឱ្យជំនួសលោក សូរិយា ប្រាសាទស៊ូប៊ែឌី ក្នុងខែមីនា ឆ្នាំ២០១៥។ លោកស្រី បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ២លើករួចទៅហើយ ក្នុងនោះ មានលើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០១៥ និងលើកទី២ នៅខែមីនា ឆ្នាំ២០១៦៕