(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ការពន្យល់ពីស្ថានភាពថ្លៃស្រូវអូអឹម មិនមែនជាការដោះសារ ឬការស្តីបន្ទោសដល់កសិករ តែជាការវាយតម្លៃសភាពការណ៍នៃទីផ្សារអង្ករលើសកលលោក។

ក្រោយពីមានការតវ៉ាបិទផ្លូវជាតិលេខ៥ របស់ប្រជាកសិករនៅភូមិសាស្រ្តខេត្តបាត់ដំបង, វីដេអូដែលមានរយៈពេល ១៤នាទី និង២៦វិនាទី របស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានបកស្រាយបញ្ជាក់អំពីបញ្ហាស្រូវធ្លាក់ថ្លៃ​ (ប្រភេទស្រូវ​ OM) និងអ្វីដែលរាជរដ្ឋាភិបាល​ តាមរយៈក្រសួងកសិកម្ម​ជាសេនាធិការបានធ្វើ​និងបំពេញសកម្មភាពរបស់ខ្លួនក្នុងការជួយដល់ប្រជាកសិករ។

បន្ទាប់ពីលោករដ្ឋមន្ត្រីបានបកស្រាយបញ្ជាក់ មានបណ្ដាញសារព័ត៌មានមួយចំនួន បានលើកឡើងថាការបកស្រាយរបស់លោករដ្ឋមន្ត្រី ជាការដោះសាររួចខ្លួន និងបន្ទោសទៅកាន់ប្រជាកសិករខ្មែរថែមទៀត ដែលប្រាស់ចាកពីក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។

ជាការឆ្លើយតបនឹងវិទ្យុអាស៊ីសេរី (RFA Khmer), អ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា «ពេលវេលានេះ មិនមែនជាពេលកេងចំណេញនយោបាយនោះទេ តែជាពេលមូរដៃអាវធ្វើការរួមគ្នា ដើម្បីប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាស ជួយនាំគ្នាផ្សព្វផ្សាយឱ្យត្រូវ ជំរុញឱ្យកសិករយើងងាកមកចាប់យកពូជអង្ករក្រអូបរបស់កម្ពុជា ជំនួសពូជស្រូវរបស់វៀតណាមវិញ»

លោកបានបន្តថា «ជាជាងទៅកាត់យកពាក្យសំដីត្រឹមតែជាង១នាទីនៃបទសម្ភាសជិត២០នាទី ហើយដាក់ចំណងជើងថា "រដ្ឋមន្ត្រីក្រសួងកសិកម្មស្តីបន្ទោសកសិករ" ក្នុងចេតនាព្យាយាមធ្វើឱ្យមានការយល់ច្រលំពីអត្ថន័យដើម និងបន្ទុចបង្អាក់ដល់ការបញ្ចូនសារដ៏មានសារៈសំខាន់របស់ឯកឧត្តមរដ្ឋមន្ត្រីជូនដល់បងប្អូនកសិករយើងក្នុងកាលៈទេសៈដ៏ចាំបាច់មួយនេះ»

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា «ការបកស្រាយពន្យល់ពីស្ថានភាពថ្លៃស្រូវអូអឹម មិនមែនជាការដោះសារឬការស្តីបន្ទោសដល់កសិករនោះទេ តែជាការវាយតម្លៃសភាពការណ៍យ៉ាងជាក់លាក់ នៃទីផ្សារអង្ករលើសកលលោក ពីសំណាក់អ្នកជំនាញ ដើម្បីផ្តល់ព័ត៌មានឱ្យបានត្រឹមត្រូវដល់បងប្អូនកសិករយើង រួមគ្នាដោះស្រាយបញ្ហាភ្លាមៗ និងត្រៀមរៀបចំដំណោះស្រាយនាពេលអនាគត ជៀសវាងការខាតបង់ពីហានិភ័យទីផ្សារនៅរដូវក្រោយៗទៀត»

ជាថ្មីម្ដងទៀត លោក ឃឹម ហ្វីណង់ បានសំណូមពរដល់សាធារណជន ជាពិសេសពុកម៉ែបងប្អូនកសិករដែលកំពុងដាំស្រូវអូអឹមទាំងអស់ អាចបើកចំហបេះដូង ហើយស្តាប់បទសម្ភាសទាំងមូលពីប្រភពផ្ទាល់ឱ្យបានដល់ចប់ ដើម្បីទទួលបានខ្លឹមសារពិតប្រាកដរបស់លោករដ្ឋមន្ត្រី។

លោកបានបន្តថា បើមិនបានជួយអ្វីដោយផ្ទាល់ដល់កសិករយើងបាន យ៉ាងហោចណាស់សូមធ្វើចំណែកមួយនៃដំណោះស្រាយ ប្រសើរជាងការបង្កើនបន្ថែមនូវបញ្ហា៕