(ស្ទឹងត្រែង)៖ ការចុះហត្ថលេខាអនុស្សារណៈនៃការយោគយល់គ្នា (MoU) រវាងរដ្ឋបាលខេត្តស្ទឹងត្រែង និងក្រុមហ៊ុន យ៉ុងអានលី ខូអបភើរេសិន ស្តីពី ការគាំទ្រលើគម្រោងវិនិយោគដំណាំកសិកម្ម និងចិញ្ចឹមសត្វ បានធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ដែលមានក្នុងគោលបំណងបង្ហាញនូវឆន្ទៈ ដែលមានបំណងពិនិត្យមើលលទ្ធភាព ដើម្បីដាក់ទុនវិនិយោគលើដំណាំកសិកម្មនិងចិញ្ចឹមសត្វ នៅភូមិសាស្រ្តខេត្តស្ទឹងត្រែង នាពេលខាងមុខ។
នៅរសៀលថ្ងៃដដែលនោះ ប្រតិភូ នៃក្រុមហ៊ុន យ៉ុងអានលី ខូអបភើរេសិន ដឹកនាំដោយលោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទៅដល់ឃុំសាមឃួយ ស្រុកសេសាន ដើម្បីពិនិត្យលើស្ថានភាពដីស្រែមួយកន្លែង និងបានទៅដល់ដីចំការមួយកន្លែងទៀត នៅចំណុចគីឡូ៨ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ពិនិត្យលើដីចំការស្វាយ កែវល្មៀត និងស្វាយ ចន្ទី និងជីកដីទាំងនោះដើម្បីយកទៅពិនិត្យនៅប្រទេសចិន។
បើតាមលោកទុំ នីរ៉ូ ការយកដីទៅពិនិត្យនេះ គឺចង់ដឹងថា ដីនេះត្រូវការប្រើប្រាស់សារធាតុ និងជី ប្រភេទណាខ្លះ បំពេញដល់ដំណាំកសិកម្មរបស់សហគមន៍ ដាំដំណាំកសិកម្ម ជៀសវាងកសិករប្រើប្រាស់ជី កសិកម្មមិនសមស្រប ធ្វើឱ្យខូចដីទាំងស្រុងនាពេលអនាគត។
កាលពីថ្មីៗកន្លងទៅនេះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំគណៈប្រតិភូ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត មន្ទីររ៉ែថាមពល និងមន្ទីរបរិស្ថានខេត្ត រួមនិងមន្រ្តីពាក់ព័ន្ធ បំពេញទស្សនកិច្ចសិក្សា នៅក្រុមហ៊ុនជាច្រើន ដូចជា Wengfu Zijin Chemical Co., Ltd. ការដ្ឋានរ៉ែមាស និងរោងចក្រផលិតមាសរបស់ក្រុមហ៊ុន ZIJIN ក្រុមហ៊ុន ផលិតថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ ក្រុមហ៊ុន ផលិតសម្លៀកបំពាក់ និងសម្ភារៈបង្គុំ ក្រុមហ៊ុនផលិតថាមពលអគ្គីសនីដោយខ្យល់ធម្មជាតិតាមរយៈកង្ហាល់ សិប្បកម្មកែច្នៃថ្មម៉ាប ក្រុមហ៊ុនបញ្ជាទិញ Uptop ព្រមទាំងទស្សនកិច្ច នៅរោងចក្រផលិតកាបូបរបស់ក្រុមហ៊ុន HE TAI XING BAG CO.,LTD រោងចក្រផលិតស្បែកជើងរបស់ក្រុមហ៊ុន Huata (Fujian) Sports Goods Development Co.,Ltd.។
ការបំពេញទស្សនកិច្ចនៅប្រទេសចិន គឺបានឈានទៅរកការទំនាក់ទំនងយ៉ាងស្អិតរមួត ជាមួយវិនិយោគិនចិន ដើម្បីទាក់ទាញក្រុមហ៊ុននៃ ខេត្តហ្វូ ជាន នៃការបណ្តាក់ទុនវិនិយោគនៅខេត្តស្ទឹងត្រែង ដែលជាឱកាសសំរាប់ប្រជាពលរដ្ឋស្ទឹងត្រែង ហើយទទួលបានការអភិវឌ្ឍកាន់តែរីកចម្រើនបន្ថែមទៀត ក្រោមម្លប់នៃសន្តិភាព និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយរំពឹងថា អាចទាក់ទាញកៀរគរនូវការវិនិយោគិនទៅខេត្តស្ទឹងត្រែងដ៏ខ្លីខាងមុខនេះ ដែលជាគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ តែងតែគិតគូជានិច្ចចំពោះកិច្ចការអភិវឌ្ឍ និងទំនើបបកម្ម ហើយបានដាក់ចុះនូវកិច្ចចង្អុលការ និងដាក់ទិសដៅមកកាន់អាជ្ញាធរដោយធ្វើយ៉ាងណាឈោងចាប់ ក៏ដូចជាសហការជាមួយអ្នក វិនិយោគក្រៅប្រទេស ដើម្បីបង្កើតការងារឱ្យបានច្រើន សម្រាប់ប្រជាពលរដ្ឋ៕