(ព្រះសីហនុ)៖ កម្លាំងជំនាញការិយាល័យកណ្ដាលនគរបាលព្រហ្មទណ្ឌ ខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ បន្ទាប់ពីបានធ្វើសកម្មភាព ឆក់កាបូប ស្ដ្រីម្នាក់ រយៈពេល២ថ្ងៃ។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងនគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យទាំង៣ បានឃាត់ខ្លួននេះ បានធ្វើសកម្មភាពឆក់កាបូប ពីស្ដ្រីម្នាក់ឈ្មោះ អ៊ុក រ័ត្ននា រស់នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ នៅចំណុចមុខផ្ទះ សំណាក់អង្គរ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី បញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួន ទី១-ឈ្មោះ នួន លីណា អាយុ៣០ឆ្នាំ ទី២-ឈ្មោះ កៅ ចិន អាយុ៣៤ឆ្នាំ និងទី៣-ឈ្មោះ តូច វែង អាយុ២៧ឆ្នាំ ដោយក្នុងនោះកម្លាំងនគរបាលជំនាញ ដកហូតបាន ទូរស័ព្ទដៃម៉ាក Samsung S5 ១គ្រឿង ហើយបានប្រគល់ឲ្យជនរងគ្រោះវិញ និងម៉ូតូមួយគ្រឿង ម៉ាកអ៊ែរប្លែត ជាមធ្យោបាយធ្វើសកម្មភាព។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបាននគរបាលជំនាញ កសាងសំណុំរឿងដើម្បីបញ្ជូនទៅចាត់ការបន្ដ។
ជាមួយគ្នានេះ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានចុះបង្រ្កាបបទល្មើសគ្រឿងញៀនចំនួន ២ករណី ក្នុងថ្ងៃតែមួយ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ព្រមទាំងដកហូតថ្នាំញៀនសរុប ១០កញ្ចប់ និងវត្ថុតាងមួយចំនួន។
ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ទាំង២ករណីនោះ រួមមាន៖ ករណីទី១.កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ ១នាក់ មានឈ្មោះ សុខ វណ្ណរ៉ា អាយុ២៥ឆ្នាំ ត្រង់ចំណុចភូមិ៤ សង្កាត់លេខ២ ក្រុងព្រះសីហនុ ដោយបានដកហូតបានថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន១កញ្ចប់, កញ្ឆាក្រៀម១កញ្ចប់, និងទូរស័ព្ទដៃ១គ្រឿង។
ករណីទី២.កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ២នាក់ មានឈ្មោះ ហម មករា អាយុ២០ឆ្នាំ និងឈ្មោះ ពៅ ខេមរា អាយុ៣០ឆ្នាំ ត្រង់ចំណុចភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយបានដកហូតថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន៩កញ្ចប់, ទូរស័ព្ទដៃ២គ្រឿង និងម៉ូតូ១គ្រឿង។
ក្រោយពីបានប្រមូលជនសង្ស័យទាំង៣នាក់ខាងលើ យកទៅសាកសួររួចមក កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តព្រះសីហនុ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕