(ភ្នំពេញ)៖ ដោយសារការរីកចំរើនរបស់កម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃ បានជំរុញឲ្យពាណិជ្ជករថៃ ដែលមានក្រុមហ៊ុនជាលក្ខណៈ Franchise ចង់រកស៉ីជាមួយយពាណិជ្ជករកម្ពុជា។
ជាក់ស្តែងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ ក្រុមហ៊ុនចំនួន៣៣របស់ថៃនឹងមកកម្ពុជា ដើម្បីស្វែងរកដៃគូជាមួយពាណិជ្ជករកម្ពុជា លក្ខណៈ Franchise។
លោក ជីរ៉ាវុទ្ធ អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំប្រទេសថៃបានថ្លែងប្រាប់ ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះថា «យើងនឹងនាំពាណិជ្ជករថៃជា Franchise ធ្វើដំណើរមកកម្ពុជាមកជួបពិភាក្សាចរចាជាមួយអ្នកជំនួញកម្ពុជា ដែលជាការធ្វើពាណិជ្ជកម្មរវាងម្ចាស់ Franchise សហការជាមួយអ្នកទិញ Franchise នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ខាងមុខ»។
លោកបានបន្ដទៀតថា ប្រទេសថៃ បច្ចុប្បន្នគឺមានការអភិវឌ្ឍន៍យ៉ាងច្រើន ទៅលើមុខជំនួញជាលក្ខណៈ Franchise នេះ ហើយពាណិជ្ជករថៃ បានក្លាយជាម្ចាស់ Franchise ផងដែរ ដូច្នេះពួកគេពិតជាត្រូវការដៃគូ សហការជាមួយគ្នានៅប្រទេសកម្ពុជា។
លោកស្រី ណាក់ផា ផន សែងធានឆាយ ទីប្រឹក្សាគម្រោងអភិវឌ្ឍ Franchise បានឲ្យដឹងថា «ខ្ញុំមានសេចក្ដីរីករាយយ៉ាងខ្លាំងណាស់ ដែលអគ្គនាយកដ្ឋានអភិវឌ្ឍន៍មុខជំនួញ បាននាំយកនូវពាណិជ្ជករថៃ ដែលជាម្ចាស់ Franchise ដើម្បីមកធ្វើការចាប់ដៃគូជាមួយ ពាណិជ្ជករកម្ពុជា»។
លោស្រីបានបន្ដទៀតថា ការរៀបចំចាប់ដៃគូពាណិជ្ជកម្មកាលពីឆ្នាំកន្លងទៅ បានរៀបចំកម្មវិធីចាប់ដៃគូរវាងម្ចាស់ Franchise ថៃ និងអ្នកជំនួញកម្ពុជាម្ដងរួចទៅហើយ ដោយមានចំនួន២២ក្រុមហ៊ុនចូលរួម ហើយក្នុងឆ្នាំនេះ យើងបាននាំយកម្ចាស់ Franchise មកធ្វើការចាប់ដៃគូជាមួយប្រទេសកម្ពុជាជាថ្មីម្ដងទៀត ដោយមានម្ចាស់ Franchise កើនឡើងរហូតទៅដល់៣៣ក្រុមហ៊ុន។
លោកស្រីបានឲ្យដឹងទៀតថា ម្ចាស់ Franchise របស់ថៃចំនួន៣៣ក្រុមហ៊ុន ដែលនឹងចូលរួមកម្មវិធីនេះ គឺមានម្ចាស់ Franchise ខាងទំនិញ ម្ហូបអាហារ និងភេសជ្ជៈចំនួន២១ក្រុមហ៊ុន និងម្ចាស់ Franchise ជាប្រភេទទំនិញចំនួន១២ក្រុមហ៊ុន។
សូមជម្រាបថា ការរៀបចំចាប់ដៃគូពាណិជ្ជកម្ម រវាងថៃ និងកម្ពុជា នឹងរៀបចំឡើងនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៦ នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា៕