(ភ្នំពេញ)៖ លោក Ali Akbar Nazari ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ បានវាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងឥតឈប់ឈររបស់កម្ពុជានាពេលកន្លងមក ក្នុងនោះវិស័យសុខាភិបាល ក៏ជាវិស័យមួយដែលមានវឌ្ឍនភាពយ៉ាងឆាប់រហ័សបំផុតមួយផងដែរ។

ការលើកឡើងបែបនេះរបស់លោកឯកអគ្គរដ្ឋទូត ក្នុងឱកាសទទួលបានការអនុញ្ញាតចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល។

ក្នុងឱកាសនោះលោកឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ជំហរ របស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ក្នុងការពង្រឹងនិងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការសិក្សាលទ្ធភាពរៀបចំអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ដែលរួមមាន ការផ្លាស់ប្តូរចែករំលែកចំណេះដឹង និងបទពិសោធន៍នៃបច្ចេកវិទ្យាវះកាត់ដោយរ៉ូបូត ការផ្លាស់ប្តូរបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងអ្នកសិក្សាស្រាវជ្រាវ ព្រមទាំងលទ្ធភាពនៃការវិនិយោគលើការនាំចូលផលិតផលឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងវ៉ាក់សាំងផងដែរ។

ទន្ទឹមនឹងនោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ដ៏កក់ក្ដៅ និងបានគូសបញ្ជាក់ផងដែរថា នឹងពិនិត្យមើលលទ្ធភាព រៀបចំកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល នៃប្រទេសទាំងពីរ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕