(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវជាឧត្តមស្វាមីរបស់ លោកស្រី គ្រួច រ៉ាយូណែត ទីប្រឹក្សាក្រសួងសុខាភិបាល បានទទួលមរណភាព នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០២៖៣៦នាទីទៀបភ្លឺ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំក្រៃលែងនេះ ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រមទាំងបុគ្គលិកនៃក្រសួងសុខាភិបាលទាំងអស់ សូមចូលរួមរំលែកទុក្ខ និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាព លោក បុង ប៊ុនហួន គឺជាការបាត់បង់ឧត្តមស្វាមី ឪពុកបង្កើតមួយរូប ជាទីស្រឡាញ់បំផុត និងប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ ចំពោះបុត្រធីតា និងក្រុមគ្រួសារ រួមនឹងញាតិមិត្តជិតឆ្ងាយទាំងអស់ ហើយក៏ជាការបាត់បង់នូវឥស្សរជនមួយរូបរបស់ជាតិ ដែលបានខិតខំតស៊ូយកអស់កម្លាំងកាយចិត្តចូលរួមបម្រើការងារជូនជាតិមាតុភូមិ ជាពិសេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក បុង ប៊ុនហួន សូមឆាប់បានចាប់កំណើតក្នុងសុគតិភព គ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕