(ភ្នំពេញ)៖ តាមរយៈប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងអាករពិសេស លើផលិតផលស៉ីម៉ង់ត៍ក្នុងស្រុក ដោយចាត់ទុកជាបន្ទុករបស់រដ្ឋ។ នេះបើតាមប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ។
បើតាមប្រការបស់ក្រសួងសេដ្ឋកិច្ច ការសម្រេចនេះ គឺដើម្បីចូលរួមគាំទ្រដល់ឧស្សាហកម្មផលិតស៊ីម៉ងត៍ក្នុងស្រុក។ ដោយត្រូវចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករពិសេសតាមអត្រា ៥ (ប្រាំ) ភាគរយ លើផលិតផលស៊ីម៉ងត៍ ក្នុងស្រុក សម្រាប់រយៈពេល ២ឆ្នាំ ចាប់ពីឆ្នាំ២០២៥ រហូតដល់ដំណាច់ឆ្នាំ២០២៦។
សហគ្រាសផលិតស៊ីម៉ងត៍ ក្នុងស្រុកទាំងអស់ត្រូវអនុវត្តនូវកាតព្វកិច្ច ដូចខាងក្រោម៖
១៖ ត្រូវដាក់លិខិតប្រកាសសារពើពន្ធប្រចាំខែនិងប្រចាំឆ្នាំ រួមទាំងពន្ធ-អាករដែលត្រូវបានចាត់ទុកជា បន្ទុករបស់រដ្ឋ ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធតាមអនឡាញ (e-Filing) របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
២៖ ត្រូវកាន់កត់ត្រា និងថែរក្សាឯកសារបញ្ជីកាគណនេយ្យ និងព័ត៌មានដែលទាក់ទិននឹងសកម្មភាព អាជីវកម្មស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារជាធរមាន។
៣៖ ត្រូវខិតខំបង្កើនការបណ្តុះបណ្តាល និងផ្ទេរចំណេះដឹងនិងបច្ចេកទេសទៅបុគ្គលិកក្នុងស្រុកឱ្យ បានកាន់តែច្រើន និងល្អប្រសើរ ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស។
៤៖ ត្រូវបំពេញកាតព្វកិច្ចចំពោះរដ្ឋឱ្យបានត្រឹមត្រូវ ដូចជា ការបង់ពន្ធ-អាករផ្សេងទៀត សួយសាររ៉ែ និងមូលនិធិបរិស្ថាននិងសង្គម ជាដើម។
៥៖ ត្រូវរៀបចំរបាយការណ៍ប្រចាំឆ្នាំ ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងថ្លៃដើម សមត្ថភាព ផលិត ការប្រើប្រាស់វត្ថុធាតុដើម ការបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹងនិងបច្ចេកទេសទៅ បុគ្គលិកក្នុងស្រុក និងការចូលរួមកិច្ចការសង្គម៕