(កំពង់ស្ពឺ)៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ លោក ហុង ចាន់សុខា បានប្រាប់អង្គភាព Fresh News នៅមុននេះបន្ដិចថា កំណាត់ផ្លូវជាតិលេខ៣ ត្រង់គីឡូម៉ែត្រលេខ៣៦-៣៧ ក្នុងឃុំវាល ស្រុកគង់ពិសី ប្រវែងជាង១០០ម៉ែត្រ ត្រូវផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន សម្រាប់រថយន្ដធុនធំចាប់ពីល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះតទៅ ដោយរង់ចាំទឹកស្រកវិញ នៅពេលខាងមុខ។
លោក ហុង ចាន់សុខា បានអំពាវនាវឲ្យអ្នកបើករថយន្ដធុនធំ ដែលចង់ធ្វើដំណើរតាមផ្លូវជាតិលេខ៣ អាចវៀងតាមផ្លូវលេខ៤១ ជំនួសវិញដោយសារតែ ចន្លោះគីឡូម៉ែត្រលេខ៣៦-៣៧ ត្រូវហាមឃាត់នៃការឆ្លងកាត់ ព្រោះខ្លាចខូចផ្លូវ។
លោកបានបញ្ជាក់ថា «តាមផ្លូវជាតិលេខ៣ ត្រង់គីឡូម៉ែត្រលេខ៣៦-៣៧ ទឹកនៅតែហូរកាត់ផ្លូវហើយឡានតូច និងម៉ូតូអាចធ្វើដំណើរបាន ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្ន ពីព្រោះមានជង្ហុកធំៗ ហើយឡានធំៗយើងអត់ឲ្យមកទេ ពីព្រោះខ្លាចខូចផ្លូវ តែអាចវៀងតាមផ្លូវលេខ៤១វិញ»។
បើតាមប្រធានមន្ទីរសាធារណការខេត្តកំពង់ស្ពឺ នៅពេលនេះក្រុមការងារពាក់ព័ន្ធទាំងអស់ បាននិងកំពុងជួយអន្តរាគមន៍នៅកន្លែងទឹកលិចហើយ។
ជាមួយគ្នានេះលោក បានសំណូមពរដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនានាត្រូវមានការប្រុងប្រយ័ត្ន ពីព្រោះដោយសារតែទឹកលិច ប៉ុន្តែមន្ទីរសាធារណការ សហការជាមួយអាជ្ញាធរពាក់ព័ន្ធកំពុងតែដោះស្រាយបញ្ហាទាំងនេះហើយ។ សម្រាប់ប្រជាពលរដ្ឋដែលត្រូវការបន្ទាន់លើការធ្វើដំណើរដូចជា ទៅមន្ទីរពេទ្យជាដើមនោះ ត្រូវទាក់ទងអាជ្ញាធរភ្លាម ដើម្បីជួយសម្រួលលើការធ្វើដំណើរ។
សូមបញ្ជាក់ថា ដោយសារតែភ្លៀងធ្លាក់ជាប់ៗគ្នា នៅប៉ុន្មានថ្ងៃនេះបានធ្វើឲ្យទឹកនៅខេត្តកំពង់ស្ពឺ បានហូរបុកខាងក្រោម លិចផ្លូវជាតិ លិចផ្ទះប្រជាពលរដ្ឋ ជាច្រើនខ្នងនៅខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងមួយផ្នែកនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ៕