(រតនគិរី)៖ ដីព្រៃដែលជាប្រភេទដីព្រៃស្រោងទំហំជាង ២០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានគេលួចកាប់ទន្ទ្រាន។

យោងតាមរបាយការណ៍មន្ទីរបរិស្ថានខេត្តរតនគិរី បានឱ្យដឹងថា មន្ត្រីដែនជម្រកសត្វព្រៃលំផាត់ កម្លាំងប្រតិបត្តិការសឹករងស្រុកកូនមុំ  នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ បានចុះល្បាតត្រួតពិនិត្យ នៅចំណុចអូរតោន ស្ថិតក្នុងភូមិសាស្រ្តភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

ការចុះល្បាតនេះ បានប្រទះឃើញការលួចកាប់រានដីព្រៃចំនួន ២ទីតាំង។ ទីតាំងទី១ ស្ថិតនៅចំណុចអូរតោល និយាមកា ៦៨៣៣៤៣-១៥២០០៧៦ ទំហំផ្ទៃដីប្រហែល៥ហិកតា

ទីតាំងទី២ ស្ថិតនៅចំណុចខាងជើងភ្នំគ្រែ និយាមកា ៦៨៣៩៩៤-១៥១៩៩៧៦ ទំហំផ្ទៃដីប្រហែល ១៧ហិកតា។ ដីព្រៃរងការកាប់ទន្ទ្រាននេះ ជាប្រភេទដីព្រៃស្រោង។

របាយការណ៍ បានបញ្ជាក់ថា ក្រុមការងារនឹងបន្តតាមដាន ឃ្លាំមើល និងស្រាវជ្រាវរកជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕