(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានណែនាំមន្ត្រីរបស់លោកឱ្យចាត់វិធានការច្បាប់លើរោងចក្រកាត់ដេរមួយកន្លែងនៅខណ្ឌសែនសុខ យកកម្ទេចកំណាត់ដុតបំភាយផ្សែងប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។
រោងចក្រកាត់ដេរយីហោ «ហ៊ុយ ម៉ីង» ស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានយកកម្ទេចកំណាត់ដុតលាយជាមួយអុស ដើម្បីបង្កើតចំហេះ បានបង្កផ្សែងខ្មួលខ្មាញ់ប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។
អាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ បានចុះទៅណែនាំរោងចក្រឱ្យផ្អាកសកម្មភាពនេះហើយ។ ការប្រើកំណាត់ទៅដុតយកចំហេះ ដោយមិនមានបច្ចេទេសដុតឱ្យត្រឹមត្រូវបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ការរស់នៅរបស់ប្រជាពលរដ្ឋ និងគុណភាពខ្យល់។
លោក អ៊ាង សុផល្លែត ណែនាំមន្ត្រីក្រសួងបរិស្ថាន ចាត់វិធានការទៅតាមច្បាប់ផ្នែកបរិស្ថាន ចំពោះម្ចាស់រោងចក្រនេះ ដោយគ្មានការអនុគ្រោះឡើយ៕