(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែធ្នូកន្លងទៅ បានព្រមានថានឹងមាន «អាសន្នធំ» ប្រសិនបើចំណាប់ខ្មាំងដែលកំពុងស្ថិតនៅក្នុងកណ្ដាប់ដៃ ក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា មិនត្រូវបានដោះលែង មុនថ្ងៃលោកស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា។ លោក ត្រាំ បានព្រមានបែបនេះសាជាថ្មី កាលពីថ្ងៃទី៧ ខែមករា ដោយនិយាយថានឹងចាត់វិធានការក្ដៅដែលគេមើលឃើញថាហាក់ដូចជាការគំរាមពីការធ្វើអន្តរាគមន៍យោធា ប្រសិនបើចំណាប់ខ្មាំងមិនត្រូវបានដោះលែង មុនពេលរូបលោកស្បថចូលកាន់តំណែងជា ប្រធានាធិបតីអាមេរិក ទេនោះ។
ប៉ុន្តែព្រមពេលជាមួយគ្នា លោក ត្រាំ មិនបានបញ្ជាក់លម្អិតពីអ្វីដែលលោកចង់សំដៅដល់ ឬក៏ថាតើលោកនឹងចាត់វិធានការបែបណាឡើយ ក្នុងករណីឱសានវាទរបស់លោកផុតកំណត់ទៅដោយមិនមានអ្វី កើតឡើងតាមការចង់បានរបស់លោក? ការព្រមានរបស់លោក ត្រាំ ចំពោះក្រុមហាម៉ាស កើតមានឡើងចំពេលនៃការប្រែប្រួលស្ថានការណ៍ដ៏សំខាន់ និងភាពចលាចលក្នុងតំបន់មជ្ឈិមបូព៌ា ជាពិសេស នោះគឺថាតើប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះនឹងលូកដៃចូលក្នុងតំបន់មជ្ឈិមបូព៌ាយ៉ាងដូចម្ដេច ក្រោយរូបលោកផ្ទាល់បានសន្យាជាមួយអ្នកគាំទ្រថានឹងទប់ស្កាត់មិនឱ្យសង្រ្គាមកើតឡើងក្នុង អាណត្តិរបស់លោក?
ជុំវិញការព្រមានរបស់លោក ត្រាំ លោក Jonathan Panikoff ដែលធ្លាប់បម្រើការឱ្យក្រុមប្រឹក្សាស៊ើបការណ៍សម្ងាត់ជាតិរបស់សហរដ្ឋអាមេរិកពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ និងសព្វថ្ងៃ ជានាយកកម្មវិធី Scowcroft Middle East Security Initiative មកពីវិទ្យាស្ថាន Atlantic Council យល់ថាការគំរាមរបស់លោក ត្រាំ មានគោលដៅបញ្ជូនសារឱ្យក្រុមហាម៉ាសថាពួកគេអាចនឹងមានកិច្ចព្រមព្រៀងដ៏ល្អ មួយ ជាមួយរដ្ឋបាលជិតផុតអាណត្តិរបស់លោក ចូ បៃដិន ជាជាងជាមួយអនាគតរដ្ឋបាលរបស់លោក ត្រាំ។ និយាយជារួម បច្ចុប្បន្នគឺជាពេលត្រូវចុះកិច្ចព្រមព្រៀង។ លោក Panikoff បន្ថែមថាខណៈ លោក ត្រាំមានជម្រើសដាក់សម្ពាធលើក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា តាមរយៈការគាំទ្រដល់ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល មេដឹកនាំក្រុមហាម៉ាសមួយចំនួនធំកំពុងស្ថិតនៅក្រៅ តំបន់ហ្កាហ្សា។ ម្លោះហើយ លោក ត្រាំ អាចដាក់ទណ្ឌកម្មលើមេដឹកនាំហាម៉ាសទាំងនោះ និងគ្រួសាររបស់ពួកគេ ដើម្បីបង្កើនការដាក់សម្ពាធ។
សម្រាប់លោក Joseph Votel វិញ ដែលជាឧត្តមសេនីយ៍ចូលនិវត្តន៍ម្នាក់ និងធ្លាប់ត្រួតពិនិត្យលើប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ាពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ ក្នុងនាមជា មេបញ្ជាការនៃទីបញ្ជាការយោធាកណ្ដាលអាមេរិក បាននិយាយថាដោយកំណត់ឱសានវាទត្រឹមថ្ងៃទី២០ ខែមករា សម្រាប់ការដោះលែងចំណាប់ខ្មាំង លោក ត្រាំ កំពុងព្យាយាមបង្កើនការដាក់សម្ពាធលើ ដំណើរការ និងបង្កើតលក្ខខណ្ឌមួយនៃតម្រូវការបទឈប់បាញ់ជាបន្ទាន់។ តាមលោក Votel វាមើលទៅមិនទំនងនោះទេដែលលោក ត្រាំអាចនឹងធ្វើអន្តរាគមន៍យោធា ឬប្រើប្រាស់អំណាចយោធារបស់ សហរដ្ឋអាមេរិកជាដំណោះស្រាយ ក្នុងករណីសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាសនៅតែបន្តកើតឡើងរហូតដល់ថ្ងៃ ឬក្រោយថ្ងៃលោកស្បថចូលកាន់តំណែងនោះទេ។ ផ្ទុយទៅវិញ លោក ត្រាំ អាចបង្កើន ការគំាទ្រដល់សកម្មភាពយោធារបស់អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សា ជាការបង្កើនការដាក់សម្ពាធលើក្រុមហាម៉ាស។ ប៉ុន្តែក្នុងពេលដែលការបំផ្លិចបំផ្លាញក្នុងតំបន់ហា្កហ្សា មានវិសាលភាពធំធេង រួចទៅហើយនោះ គេពិតជាពិបាកស្រមៃណាស់ថាតើនឹងមានអ្វីឡើងបន្តទៀត?
ម្យ៉ាងវិញទៀត ជំហានមួយទៀតដែលលោក ត្រាំ អាចនឹងដើរ នោះគឺការគាំទ្រដល់អ៉ីស្រាអែល ក្នុងការបង្កើនការរឹតត្បិតលើលំហូរជំនួយមនុស្សធម៌ទៅក្នុងតំបន់ហ្កាហ្សា ដូចដែលមនុស្សជំនិតម្នាក់របស់ នាយករដ្ឋមន្ត្រីអ៉ីស្រាអែលបានស្នើឡើង។ នេះបើតាមលោក Dennis Ross ជាអតីតបេសកជនពិសេសអាមេរិកសម្រាប់តំបន់មជ្ឈិមបូព៌ា។ តែទោះជាបែបនេះក្ដី ការធ្វើរបៀបនេះអាចនឹងបង្កឱ្យមាន ការថ្កោលទោសលើសហរដ្ឋអាមេរិកទាំងនៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។ លោក Ross បន្តថាវាមានលទ្ធភាព ៥០-៥០ សម្រាប់កិច្ចព្រមព្រៀងមួយ។ ដ្បិតមានឧបសគ្គជាច្រើន មិនទាន់ត្រូវបាន ដោះស្រាយ ក្នុងនោះរួមមានក្រុមហាម៉ាសនៅតែចង់បានការធានាមួយចំនួន នៅមុនពួកគេចុះកិច្ចព្រមព្រៀង នោះគឺថាសង្រ្គាមនឹងបិទបញ្ចប់ទាំងស្រុង។ តែលោក ណេតាន់យ៉ាហ៊ូ នៅតែស្ទាក់ស្ទើរនៅឡើយ ក្នុងការផ្ដល់ការធានាបែបនេះ។ លើសពីនេះទៅទៀត ថាតើមានចំណាប់ខ្មាំងនៅមានជីវិតប៉ុន្មាននាក់ដែលនឹងត្រូវបានដោះលែង ព្រមទាំងចំនួនជនជាតិប៉ាឡេស្ទីនដែលហាម៉ាសទាមទារឱ្យដោះលែង ក៏ជាបញ្ហាចោទមួយផងដែរនៅក្នុងកិច្ចចរចា។
យ៉ាងណាក៏ដោយ លោក Ross យល់ថាវាមានលទ្ធភាពខ្ពស់ជាង ៥០-៥០ នោះគឺឥទ្ធិពលរបស់លោក ត្រាំ។ តាមអតីតបេសកជនពិសេសអាមេរិករូបនេះ ក្រុមហាម៉ាសប្រហែលជាចង់បានកិច្ចព្រមព្រៀង ឱ្យបានមុនថ្ងៃទី២០ ខែមករា ជាមួយការជឿថាប្រសិនបើមានបទឈប់បាញ់មុននឹងលោក ត្រាំ ចូលកាន់តំណែង នោះលោក ត្រាំនឹងមិនចង់ឃើញសង្រ្គាមផ្ទុះឡើងជាថ្មី ក្រោយលោកចូលកាន់តំណែង នោះឡើយ។ បន្ថែមពីលើនេះ ក្រុមហាម៉ាសអាចកំពុងស្ថិតក្រោមការដាក់សម្ពាធពីកាតា អេហ្ស៉ីប ឬក៏អាចរងសម្ពាធពីតួកគីផងដែរ ដែលសុទ្ធតែកំពុងព្យាយាមបង្ហាញលោក ត្រាំ ថាពួកគេកំពុងប្រឹងប្រែង សម្រេចឱ្យបាននូវអ្វីដែលលោកចង់បាន។
ដោយឡែក ជាឧបសគ្គដល់កិច្ចចរចាដែរ នោះគឺអាស្រ័យលើលោក ណេតាន់យ៉ាហ៊ូ ដែលកំពុងរងការរិះគន់ពីក្រុមគ្រួសារសាច់ញាតិចំណាប់ខ្មាំង និងត្រូវបានចោទប្រកាន់ថាកំពុងរារាំងដល់កិច្ចព្រមព្រៀង ដោះលែងចំណាប់ខ្មាំង។ លោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ មានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា ប៉ុន្តែលោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល ក៏កំពុងព្យាយាមការពាររដ្ឋាភិបាលចម្រុះដ៏ផុយស្រួលរបស់លោកកុំឱ្យ ដួលរលំផងដែរ ពីព្រោះសម្ព័ន្ធមិត្តស្ដាំនិយមជ្រុលនៅក្នុងក្រុមចម្រុះរបស់លោក បានគំរាមថានឹងដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ ប្រសិនបើលោក ណេតាន់យ៉ាហ៊ូ យល់ព្រមទទួលយកបទឈប់បាញ់។
គួរបបញ្ជាក់ថា បើតាមលោក Panikoff ឱសានវាទត្រឹមថ្ងៃទី២០ ខែមករា របស់លោក ត្រាំ ប្រហែលជាមិនមានឥទ្ធិពលអ្វីលើលោក ណេតាន់យ៉ាហ៊ូនោះទេ លុះត្រាតែនាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះ ត្រូវបានគេចាត់ទុកថាជាឧបសគ្គរារាំងដល់កិច្ចព្រមព្រៀង។ ក្នុងន័យនេះប្រសិនបើក្រុមហាម៉ាសយល់ព្រមចុះកិច្ចព្រមព្រៀង នោះសម្ពាធនឹងត្រូវបង្វែរទៅលើលោក ណេតាន់យ៉ាហ៊ូ ពីព្រោះថាលោកនឹងត្រូវ ធ្វើអ្វីៗស្ទើរតែគ្រប់យ៉ាង លើកលែងតែការដួលរលំរដ្ឋាភិបាលរបស់លោក ដើម្បីធ្វើឱ្យប្រាកដថាលោកនឹងចាប់ផ្ដើមជាមួយអាណត្តិទី២របស់លោក ត្រាំ ដោយមានការគំាទ្រពីប្រធានាធិបតីអាមេរិកជាប់ឆ្នោតរូបនេះ៕