(ភ្នំពេញ)៖ លោក សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា រាល់ការប្រព្រឹត្តិអំពើល្មើសច្បាប់ពាក់ព័ន្ធនឹងករណីក្មេងទំនើង នឹងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ដោយគ្មានការលើកលែងឡើយបើទោះបីជាកូនចៅអ្នកណាក៏ដោយ ហេតុដូច្នេះហើយ លោកអំពាវនាវដល់ឪពុកម្តាយអាណាព្យាបាលខិតខំអប់រំកូនចៅ និងអំពាវនាវដល់យុវជន ចៀសវាងធ្វើអំពើទាំងឡាយ ដែលប៉ះពាល់ដល់សង្គម និងច្បាប់។​ ​

លោក សេង ឌីណា គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលរយៈពេល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ»

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ជាថ្មីម្តងទៀតខ្ញុំចង់ឆ្លៀតយកឱកាសនេះ សូមបន្តអំពាវនាវទៅដល់ឪពុកម្តាយព្រមទាំងអាណាព្យាបាលទាំងអស់ ខិតខំប្រឹងប្រែង តាមដានអប់រំទូន្មាន ប្រៀនប្រដៅកូន ក្មួយឱ្យដើរតាមគន្លងត្រឹមត្រូវ ដើម្បីក្លាយខ្លួនទៅជាពលរដ្ឋល្អសម្រាប់សង្គមជាតិ ហើយក៏សូមអំពាវនាវទៅដល់យុវជនទាំងអស់ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ ធ្វើម៉េចត្រូវប្រកាន់ភ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូ និងជៀសវាងនូវរាល់សកម្មភាពទាំងឡាយណាដែលអាចបង្កនូវអន្តរាយដល់ខ្លួនឯង គ្រួសារ សង្គមជាតិ​ ជាពិសេសនឹងអាចក្លាយទៅជាអំពើល្មើសច្បាប់ដែលនាំឱ្យខ្លួនត្រូវប្រឈមនឹងការជាប់ទោសពីបទល្មើសព្រហ្មទណ្ឌ»

លោកបានគូសបញ្ជាក់បន្ថែមថា រាល់ករណីក្មេងទំនើង នឹងចាត់វិធានការម៉ឺងម៉ាត់ឱ្យតែមានការធ្វើសកម្មភាពផ្សេងៗដែលល្មើសច្បាប់ ដែលនេះគឺជាបទបញ្ជាយ៉ាងម៉ឺងម៉ាតរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ដូច្នេះមិនថាជាកូនចៅអ្នកណាទេឱ្យតែប្រព្រឹត្តិអំពើល្មើសច្បាប់ គឺនឹងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ដោយគ្មានការលើកលែងនោះទេ។

បើតាមលោក សេង ឌីណា ចាប់តាំងពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ មកទល់នឹងពេលនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្តទូទាំងប្រទេស បានទទួលចាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើងសរុបចំនួន២ ៣២៤ករណី បានចាត់ការរួចចំនួន១ ៧៨០ករណី ​ស្មើនឹង៧៦.៥៩% នៅសល់៥៤៤ ករណីស្មើនឹង២៣.៤១% ដែលកំពុងចាត់ការ។ ​ជនសង្ស័យសរុបទាក់ទងនឹងសំណុំរឿងក្មេងទំនើង​ មានចំនួន៣៦៥០នាក់។​

លោកបញ្ជាក់ថា ការដាក់ចេញនូវវិធានការម៉ឺងម៉ាត់នេះ បានចូលរួមចំណែកក្នុងការធានាឱ្យបាននូវសុវត្ថិភាពនិងសណ្តាប់ធ្នាប់សង្គម ដែលបច្ចុប្បន្ននេះសង្កេតឃើញសកម្មភាពក្មេងទំនើងមានការធ្លាក់ចុះច្រើន​៕