(ភ្នំពេញ)៖ លោក សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ក្នុងចំណោមបណ្តឹងពាក់ព័ន្ធនឹងអត្រានុកូលដ្ឋានមានចំនួន ៥៧,៥៨៤ករណី ក្នុងនោះដោះស្រាយដែលស្មើនឹង៩៨.១០ភាគរយ ហើយនៅសល់តែ១០៩៣ សំណុំរឿងទៀតប៉ុណ្ណោះ ស្មើ១.៩០% ដែលនៅកំពុងចាត់ការ។

ការលើកឡើងបែបនេះរបស់ លោក សេង ឌីណា បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលរយៈពេល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ» ដែលរៀបចំដោយក្រសួងយុត្តិធម៌។

ក្នុងឱកាសនោះដែរ លោក សេង ឌីណា បានថ្លែងថា លទ្ធផលនៃការអនុវត្ដវិធានការសំណុំច្បាប់តឹងរឹងក្នុងសំណុំរឿងអត្ថិភាពទាំង៤ ទីមួយគឺ សំណុំរឿងនៅក្នុងអត្រានុកូលដ្ឋាន ដែលមានក្នុងមុនពេលប្រកាសបើកយុទ្ធនាការនេះ គឺមានចំនួន៤៩,៩៨៣សំណុំរឿង គឺត្រូវបានដោះស្រាយចប់សព្វគ្រប់១០០% តាំងពីថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៤ កន្លងទៅម៉្លេះ។

លោក សេង ឌីណា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំណែកឯសំណុំអត្រានុកូលដ្ឋាន ដែលទើបតែចូលថ្មី ក្រោយពីប្រកាសដាក់ចេញយុទ្ធនាការមានចំនួន៥២៦០១សំណុំរឿង ត្រូវបានដោះស្រាយចប់សព្វគ្រប់បានចំនួន៥១៥០៨ សំណុំរឿង គឺអត្រានៃការចាត់ការនិងមានរហូតដល់ទៅ៩៧,៩២% ទូទាំងប្រទេស។ បើសរុបជារួមទៅសំណុំអត្រានុកូលដ្ឋានទូទាំងប្រទេស ទាំងចាស់ ទាំងថ្មី បូកសរុបបញ្ចូលគ្នា គឺមាន ៥៧,៥៨៤សំណុំរឿង ហើយចាត់ការរួចបាន៩៨.១០% នៅសល់ទូទាំងប្រទេសនៅសល់តែ១០៩៣ សំណុំរឿងទៀតប៉ុណ្ណោះ ស្មើ១.៩០% ដែលនូវកំពុងចាត់ការ»

លោករដ្ឋលេខាធិការ បានបន្ដថា ចំពោះចំណាត់នៅក្នុងសំណុំរឿងអត្រានុកូលដ្ឋាននេះ គណៈបញ្ជើការដឹកនាំយុទ្ធនាការបានសង្កេតឃើញជារួមថា ចំណាត់ការរបស់តុលាការ គឺលឿន ហើយត្រឹមត្រូវ នៅពេលដែលសង្កេតទៅយើងឃើញថា ចំណាត់ការបានលឿន បានត្រឹមត្រូវ ប្រជាពលរដ្ឋលោកតែងតែបានស្វាគមន៍ហើយ ចេញមកថ្លែងអំណរគុណ មានការចុះផ្សាយជាបន្ដបន្ទាប់តាមបណ្ដាញសង្គម ជាពិសេសតាមហ្វេសប៊ុក ដែលនិយាយអំពីតុលាការដែលបានខិតខំដោះស្រាយពាក្យបណ្ដឹងដោយស្នើសុំ ទៅតុលាការដើម្បីកែលិខិតអត្រាគោលដ្ឋាន បានលឿនហើយត្រឹមត្រូវ គឺមានជាបន្ដបន្ទាប់ ហើយជារឿងដែលកម្រណាស់ ភាគច្រើនគឺមានតែការរិះគន់តុលាការ យុន្ធនាការមួយឆ្នាំកន្លងទៅនេះ ជាពិសេសទាក់ទងទៅនិងអត្រាគោលដ្ឋានឃើញថា មានប្រជាពលរដ្ឋច្រើនដែលចេញមកស្វាគមន៍ និងថ្លែងអំណរគុនដល់តុលាការ។

បន្ថែមពីនេះ លោក សេង ឌីណា បានបញ្ជាក់ថា នៅពេលដែលចំណាត់ការ លឿនឆាប់រហ័សត្រឹមត្រូវប្រជាពលរដ្ឋកាន់តែមានជំនឿទុកចិត្ដទៅលើតុលាការក្នុងការដោះស្រាយសំណុំរឿងអត្រានុកូលដ្ឋាន ពេលខ្លះប្រជាពលរដ្ឋមានជំរើសរវាងការដាក់ពាក្យសុំកែអត្រានុកូលដ្ឋានទៅសមត្ថកិច្ច និងដាក់ពាក្យទៅតុលាការប្រជាពលរដ្ឋនាំគ្នាដាក់ទៅតុលាការ អញ្ចឹងទើបសំណុំរឿងមានកាន់តែច្រើន៕