(បាត់ដំបង)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក សុវណ្ណ វិទិត្យា ជាប្រធានមន្ទីរព័ត៌មានខេត្តបាតដំបងថ្មី លោក សុវណ្ណ វិទិត្យា ជំនួសលោក សួស សុភ័ក្រ ដែលត្រូវទទួលភារកិច្ចថ្មី ជាសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង។

ពិធីនេះបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្ត ព្រមទាំងមន្រ្តីរាជការ តាមបណ្ដាក្រសួង មន្ទីរ អង្គភាពនានាយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តបាត់ដំបង ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃមន្ទីរព័ត៌មានខេត្ត ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធរួមសហការគ្នាខិតខំបំពេញភារកិច្ចបម្រើរដ្ឋ និងប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ ដើម្បីអភិវឌ្ឍន៍ខេត្តបាត់ដំបងឱ្យកាន់រីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះលោកអភិបាលខេត្ត បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទនៃមន្ទីរព័ត៌មានខេត្តបាត់ដំបង ដែលកន្លងមកបានរួបរួមសាមគ្គីគ្នាខិតខំបំពេញការងារអស់សមត្ថភាពតាមជំនាញនីមួយៗ ក្នុងព្រឹត្តការណ៍ធំៗនានាព្រមទាំងបានបំពេញការងារជូនអង្គភាព រហូតសម្រេចបានលទ្ធផលគាប់ប្រសើរ ទោះបីនៅមានបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ក៏ដោយ ក៏នឹងរួមគ្នាដោះស្រាយ បញ្ហាប្រឈមទាំងអស់នោះដើម្បីគ្រប់គ្រងវិស័យព័ត៌មាន និងសោទស្សន៍ក្នុងខេត្តទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិត និងបន្សាបព័ត៌មានផ្សេងៗឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របទៅតាមគោលនយោបាយ និងយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

នាកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានផ្ដាំផ្ញើដល់ប្រធានមន្ទីរដែលទើបតែងតាំងថ្មី ត្រូវបន្តខិតខំយកចិត្តទុកដាក់ សហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅលើវិស័យព័ត៌មាន ឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាពិសេសត្រូវអនុវត្តភារកិច្ចរបស់ខ្លួនដោយក្រមសីលធម៌វិជ្ជាជីវៈ មានឧត្តមគតិក្នុងការទទួលខុសត្រូវ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា សារព័ត៌មាន មានតួនាទីសំខាន់ណាស់ក្នុងសង្គម សម្រាប់ជាកញ្ចក់ឆ្លុះបញ្ជាំងពីទិដ្ឋភាពជាក់ស្តែង និងជាស្ពានចម្លងព័ត៌មាន ពីប្រជាពលរដ្ឋ ទៅថ្នាក់ដឹកនាំ និងពីថ្នាក់ដឹកនាំ មកប្រជាពលរដ្ឋវិញ អំពីហេតុការណ៍ ស្ថានភាពនៅតាមមូលដ្ឋាននានា សេចក្តីត្រូវការ និងការស្នើសុំជាដើម។ ដើម្បីឱ្យការងារទាំងនេះប្រព្រឹត្តទៅរលូន លឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់ ប្រធានមន្ទីរព័ត៌មានថ្មី ត្រូវរក្សាទំនាក់ទំនងល្អជាមួយស្ថាប័នរដ្ឋ ឯកជន ក្រុមហ៊ុន និងមន្ទីរនានាជុំវិញខេត្តឱ្យបានល្អ។

លោករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរចំពោះស្នាដៃទាំងឡាយដែលលោក សួស សុភ័ក្រ អតីតប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង រួមជាមួយមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសម្រេច នាពេលកន្លងមកបានធ្វើឱ្យអង្គភាព មានការរីកចម្រើន និងសម្រេចបានសមិទ្ធផល ជាបន្តបន្ទាប់ផងដែរ។

លោកសុវណ្ណ វិទិត្យា ប្រធានមន្ទីរថ្មី ដែលទើបតែប្រកាសឡើងកាន់តំណែង បានប្តេជ្ញាចិត្តថាស្មោះត្រង់ចំពោះជាតិ ព្រះរាជាណាចក្រកម្ពុជា សាសនា ព្រះមហាក្សត្រ និងគោរពតាមរដ្ឋធម្មនុញ្ញ, ប្តេជ្ញារួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ខិតខំគោរព និងរដ្ឋបាលខេត្ត អនុវត្តតាមបទបញ្ជា គោលការណ៍ណែនាំចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួង, ប្តេជ្ញាប្រកាន់យកអភិក្រមបុរេសកម្ម ក្នុងការអនុវត្តការងារប្រកបដោយភាពផ្តួចផ្តើម និងច្នៃប្រឌិត ស្របតាមបរិវត្តកម្មឌីជីថល ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយជាវិជ្ជមាន នៅរដ្ឋបាលថ្នាក់ក្រោម ជាតិឱ្យកាន់តែទូលំទូលាយ និងចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

យកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្យាយាម ប្រឹងប្រែង យកអស់ពីកម្លាំងកាយចិត្ត បញ្ញា ស្មារតី បន្តពង្រឹងវិន័យ និងពង្រីកសាមគ្គីភាព សហប្រតិបត្តិការ ឯកភាពផ្ទៃក្នុង របស់មន្ទីរព័ត៌មានខេត្តបាត់ដំបង ឱ្យកាន់តែមានភាពរឹងមាំជាធ្លុងមួយ ដើម្បីគុណតម្លៃ និងផលប្រយោជន៍រួម, ប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវតួនាទី ភារកិច្ច របៀបរបបការងារ បែបបទ នីតិវិធី សមត្ថកិច្ច និងលក្ខខណ្ឌការងាររបស់មន្ត្រី បុគ្គលិក សំដៅលើកកម្ពស់ប្រសិទ្ធិភាពការងារ, ប្តេជ្ញាអនុវត្តតាមតួនាទី ភារកិច្ច និងកិច្ចការដទៃទៀតដែលក្រសួងព័ត៌មាន រដ្ឋបាលខេត្តបាត់ដំបង ប្រគល់ជូនព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយមន្ទីរ ស្ថាប័ន អង្គភាពនានា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងការពង្រីកវិស័យព័ត៌មាន និងសោតទស្សន៍ និងប្រែក្លាយតួនាទីមន្ទីរព័ត៌មានឱ្យក្លាយជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋបាលខេត្តបាត់ដំបង៕