(ភ្នំពេញ)៖ ក្រុមជ្រុលនិយម បានបង្កើនឧបាយកលទុច្ចរិតកាន់តែពិសពុល ដើម្បីចង់បណ្តេញសន្តិភាព ចេញពីប្រទេសកម្ពុជា ក្រោមយុទ្ធនាការលាបពណ៌វាយប្រហារដាក់មកលើគណបក្សប្រជាជនកម្ពុជា ជាពិសេសមកលើក្រុមគ្រួសារត្រកូល «ហ៊ុន»

Fresh Exclusive មានសេចក្តីរាយការណ៍ស៊ីជម្រៅមួយក្រោមចំណងជើងថា ៖ មានគណបក្សប្រជាជនកម្ពុជា និងមានត្រកូល «ហ៊ុន»,«សន្តិភាព» នឹងមិនរត់ចេញពីកម្ពុជាឡើយ!

អស់រយៈពេលជាង ២៦ឆ្នាំមកនេះ ប្រទេសកម្ពុជាបានឆ្លងកាត់សម័យសន្តិភាព និងស្ថិរភាពដែលមិនធ្លាប់មានពីមុនមក ដោយសារការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយចក្ខុវិស័យរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន។ សន្តិភាពរយៈពេល ២៦ឆ្នាំរួចមកនេះ ត្រូវបានសម្រេចតាមរយៈគោលនយោបាយ «ឈ្នះ-ឈ្នះ» ដែលបញ្ចប់ដោយជោគជ័យនូវសង្គ្រាមស៊ីវិល និងការឯកភាពទឹកដីទាំងស្រុងដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំកន្លងមកនៅលើទឹកដីកម្ពុជា។

បច្ចុប្បន្ន ខណៈប្រទេសកម្ពុជាកំពុងឈរជាសក្ខីភាពនៃភាពធន់ ជាមួយនឹងការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលដើម្បីនាំប្រទេសឱ្យសម្រេចចក្ខុវិស័យឆ្នាំ២០៥០ នៃប្រទេសដែលមានចំណូលខ្ពស់ និងដែលធ្វើឱ្យជីវភាពពលរដ្ឋក្នុងប្រទេសកាន់តែរុងរឿងនោះ ក្រុមជ្រុលនិយម បានព្យាយាមរារាំងមិនឱ្យរាជរដ្ឋាភិបាលសម្រេចបាននូវទិសដៅទាំងនោះឡើយ ពីព្រោះការសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាណាមួយ គឺជាបណ្តាសារចំពោះក្រុមជ្រុលនិយមដែលពួកគេបានកំណត់ទិសដៅចង់បណ្តេញ«សន្តិភាព» ចេញពីប្រទេសកម្ពុជា។

*តើការចង់បណ្តេញសន្តិភាពចេញពីកម្ពុជាដោយក្រុមជ្រុលនិយម ត្រូវបានអនុវត្តដោយរបៀបណា?

ក្រុមជ្រុលនិយម ដើម្បីរកវិធីបណ្តេញ «សន្តិភាព», ពួកគេបានព្យាយាមដុតបញ្ឆេះកំហឹងអោយពលរដ្ឋស្អប់គណបក្សប្រជាជនកម្ពុជា ស្អប់ក្រុមគ្រួសារត្រកូល «ហ៊ុន» ពីព្រោះ «សនិ្តភាព» នឹងមិនអាចរងភាពរង្គោះរង្គើបានឡើយ បើសិនជាកម្ពុជានៅមានគណបក្សប្រជាជនកម្ពុជា ជាពិសេសក្រុមគ្រួសារត្រកូល «ហ៊ុន» ដែលប្តេជ្ញារក្សា និងការពារសន្តិភាពមិនឱ្យឃ្លាតចេញពីប្រទេសកម្ពុជានោះ។ ដើម្បីរកលេសបណ្តេញសន្តិភាពចេញពីកម្ពុជា ក្រុមជ្រុលនិយម បានកំណត់ទិសដៅរបស់ខ្លួនតាំងពីដើមទី ដោយត្រូវនិយាយចោទប្រកាន់អ្វីៗទាំងអស់ដាក់លើត្រកូល «ហ៊ុន» និងលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាច់ចង្កូតដឹកនាំប្រទេសបច្ចុប្បន្ន។

យុទ្ធសាស្ត្រដ៏អាក្រក់បំផុតមួយ ដែលប្រើដោយក្រុមទាំងនេះ គឺការកេងប្រវ័ញ្ចនៃអំពើហិង្សាលើសកម្មជនប្រឆាំង។ នៅពេលណាដែលមានឧបទ្ទវហេតុបែបនេះកើតឡើង ក្រុមជ្រុលនិយមទាំងនោះ ត្រូវគេឃើញតែងប្រញាប់ប្រញាល់ណាស់ក្នុងការបញ្ចេញព័ត៌មានមិនពិត ព័ត៌មានស្មាន ដើម្បីរកការដាក់បន្ទុកលើក្រុមគ្រួសារត្រកូលហ៊ុន ឬមកលើគណបក្សប្រជាជនកម្ពុជា ដោយពួកគេត្រូវតែបន្ទរចោទប្រកាន់ថា អំពើនោះ គឺជាការទទួលខុសត្រូវរបស់ក្រុមគ្រួសារត្រកូល «ហ៊ុន» ឬដោយសារគណបក្សប្រជាជនកម្ពុជា។

ដូចអ្វីដែលបញ្ជាក់តាមសំណេរមួយលើបណ្តាញសង្គមរបស់សាស្ត្រាចារ្យវិទ្យាសាស្ត្រ នយោ បាយនៃខេត្តបាត់ដំបង ពាក់ព័ន្ធនឹងអ្វីដែលមេខ្លោងក្រុមជ្រុលនិយមនិងបក្ខពួកនាពេលនេះ បានចោទជុំវិញករណីឃាតកម្មលើលោក លិម គិមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះ ជាតិ នៅលើទឹកដីនៃប្រទេសថៃ កាលពីថ្ងៃទី៧មករាឆ្នាំ២០២៥។ សំណេររបស់សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយខេត្តបាត់ដំបង បានដាក់សំណួរយ៉ាងសាមញ្ញថា «តើអ្នកណាទទួលផលចំណេញពីរឿងនេះ?»

*តើផលចំណេញ និងផលខាតធ្លាក់ទៅលើអ្នកណា?

សំណួរនេះពិតជាសំខាន់ខ្លាំងណាស់ ពីព្រោះការជួលឃាតករសម្លាប់មនុស្សជារឿងធំណាស់ និងប្រថុយប្រថានណាស់។ ដូច្នេះទាល់តែមានផលចំណេញធំទើបគេសម្រេចចិត្តធ្វើកើត។ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយខេត្តបាត់ដំបង បានវិភាគលើទិដ្ឋភាពបួនចំណុចដើម្បី ការស្វែងរកចម្លើយនៅពេលដែលមានការចង់ដឹងថាតើអ្នកណាដែលទទួលផលចំណេញពី រឿងឃាតកម្មនោះ។

ចំណុចទី១សំណួរសួរថា តើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលកំពុងដឹកនាំប្រទេសបានចំណេញអ្វីពីឃាតកម្មបែបនេះ?
ចម្លើយ៖ រដ្ឋាភិបាលគ្មានផលចំណេញអ្វីទាល់តែសោះ ចំពោះករណីឃាតកម្មទៅលើអ្នកនយោបាយប្រឆាំង ពិសេសករណីលោក លិម គិមយ៉ា។ វាមិនត្រឹមតែមិនចំណេញទេ ប៉ុន្តែទទួលការខាតបង់ធំធេង ពីព្រោះ បើមានឃាតកម្មទៅលើអ្នកនយោបាយប្រឆាំង ច្បាស់ណាស់ថា មតិមហាជនច្បាស់ជាសង្ស័យទៅលើបក្សកាន់អំណាចដែលជាគូបដិបក្ខរបស់ជនរងគ្រោះ។

ដូច្នេះជាក់ស្តែងណាស់ គ្រាន់តែរឿងនេះកើតភ្លាម ក្រុមប្រឆាំងដែលមានលោក សម រង្ស៊ី ជាមេដឹកនាំ បានចោទប្រកាន់ភ្លាមៗដោយគ្មានសំចៃមាត់ បើទោះបីជាសមត្ថកិច្ច និងតុលាការមិនទាន់បានបង្ហាញលទ្ធផលនៃការស៊ើបអង្កេតណាមួយក៏ដោយ។ ចំណែកអ្នកនយោបាយ ឬអ្នកអត្ថាធិប្បាយសង្គមរួមទាំងប្រព័ន្ធផ្សព្វផ្សាយដែលមាននិន្នាការទៅរកក្រុមប្រឆាំងមួយចំនួនផងនោះ ក៏បានបន្ទរសំឡេងចោទប្រកាន់គ្មានមូលដ្ឋាននេះយ៉ាងកងរំពង។

ចំណុចទី២៖ បើពិនិត្យលើសកម្មភាពនយោបាយរបស់លោក លិម គិមយ៉ា វិញ។ លោកមិនមែនជាមនុស្សដែលមានឥទ្ធិពលសំខាន់នៅក្នុងឆាកនយោបាយទាល់តែសោះ។ លោក លិម គិមយ៉ា គ្រាន់តែជាអតីតអ្នកតំណាងរាស្ត្រមួយរូបមកពីកូតាគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ដែលរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ លោកមិនបានចេញមុខមាត់ក្នុងឆាកនយោបាយទៀតទេ។ មហាជនទូទៅមិនដែលបានឮឈ្មោះ និងមិនដែលបានស្គាល់លោក លិម គិមយ៉ាទាល់តែសោះ។ ដូច្នេះ គេអាចចោទសួរយ៉ាងសាមញ្ញថា តើរដ្ឋាភិបាលមានការចាំបាច់អ្វី ដែលត្រូវជួលមនុស្សឱ្យធ្វើឃាតលោក លិម គិមយ៉ា?

ចំណុចទី៣៖ ឥឡូវយើងមើលមកក្រុមប្រឆាំងវិញ! វាមានផលចំណេញច្រើនយ៉ាងដែលអាចទាញយកពីករណីឃាតកម្មលើលោក លិម គិមយ៉ា។ ជាក់ស្តែង ការចោទទម្លាក់កំហុសទៅលើរាជរដ្ឋាភិបាល ត្រូវបានលោក សម រង្ស៊ី និងគូកនធ្វើឡើងភ្លាមៗក្រោយពីអំពើឃាតកម្មបានកើតឡើង។ និយាយពីលោក លិម គិមយ៉ា នេះទៀតសោត លោកក៏មិនមែនជាគូបដិបក្ខអ្វីជាមួយគណបក្សកាន់អំណាចទេ ប៉ុន្តែផ្ទុយទៅវិញ លោក លិម គិមយ៉ា គឺជាសត្រូវធំរបស់លោក សម រង្ស៊ី ទៅវិញទេ។ មានរឿងរ៉ាវច្រើនណាស់ដែលអ្នកគាំទ្រលោក សម រង្ស៊ី បានបញ្ចេញក្រោយពេលអតីតតំណាងរាស្ត្របក្សប្រឆាំងរូបនេះត្រូវបានធ្វើឃាត។ បុរសម្នាក់ឈ្មោះ ឈុំ សេរីសុខុម ដែលជាអ្នកគាំទ្រលោក សម រង្ស៊ី នៅសហរដ្ឋ អាមេរិកបានទះដៃអបអរសាទរ ដោយអះអាងថា លិម គិមយ៉ា សមតែស្លាប់ពីព្រោះតែគាត់ធ្លាប់បាននិយាយបរិហារធ្ងន់ធ្ងរទៅលើលោក សម រង្ស៊ី។ ឈ្មោះ ឈុំ សេរីសុខុម នោះ មិនត្រឹមតែអបអរចំពោះការ ស្លាប់របស់ លិម គិមយ៉ា ប៉ុណ្ណោះទេ, គាត់ថែមទាំងគាំទ្រចំពោះផែនការណ៍និយាយទម្លាក់កំ ហុសដាក់មកលើប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជាថែមទៀត។

ឈ្មោះ ឈុំ សេរីសុខុម នោះ ក្នុងសម្តីរបស់ខ្លួនឯងតាមបណ្តាញសង្គម ថែមទាំងបង្ហាញនូវ សម្តីប្រមាថចង់ឱ្យមានការសម្លាប់ដល់មនុស្សមួយចំនួនទៀតដែលជាបុគ្គលនយោបាយប្រ ឆាំងនឹងលោក សម រង្ស៊ី៖ «ឃើញទេ បាបកម្មដល់មែនណា កុំបានព្រុសដូចឆ្កែចេញមកចេញវោហាមក…អាចុយម្រាយសក្តិសមនឹងស្លាប់បន្តិចទៀតមាន អាកឹម សុខា កឹម មនោវិទ្យា អាយ៉ែម ប៉ុញ្ញាឫទ្ធិ អាមុត ចន្ថា អា មុនីវណ្ណ អា អ៊ូ វីរៈ អាអ៊ូ វីរិទ្ធ កន្តួយម៉ែពួកអាចុយម្រាយអស់ហ្នឹងហើយ ពួកអាដែលក្បត់យើងហ្នឹងហើយ»

លោក កឹម សុខា កញ្ញាកឹម មនោវិទ្យា លោកយ៉ែម ប៉ុញ្ញាឫទ្ធិ លោក មុត ចន្ថា លោក ម៉ៅ មុន្នីវណ្ណ លោក អ៊ូ វីរៈ ជាដើម គឺជាបុគ្គលនយោបាយដែលឈ្មោះ ឈុំ សេរីសុខុម បាននិយាយប្រមាថចង់ឱ្យស្លាប់ថែមទៀត បន្ទាប់ពីមានការធ្វើឃាតដល់រូបលោក លិម គិមយ៉ា រួចមកនេះ ។ ហើយបើសិនជាសម្តីប្រមាថនេះ អាចជាបណ្តាសាអាក្រក់មួយកើតឡើងទៀតមែន ពួកគេច្បាស់ណាស់ពិតជា នឹងដាក់បន្ទុកមកលើគណបក្សប្រជាជនកម្ពុជា និងត្រកូល «ហ៊ុន» ឱ្យទទួលខុសត្រូវថែមទៀតជាមិនខានឡើយ ពីព្រោះវាជានយោបាយ «សត្វស្វាស៊ីបាយ លាប មាត់ពពែ»

ចំណុចទី៤៖ ឃាតកម្មលើលោក លិម គិមយ៉ា ក៏ត្រូវបានក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជានិងថៃទាញយកចំណេញរៀងៗខ្លួន និងយ៉ាងស៊ីសង្វាក់គ្នាផងដែរ។ ខណៈដែលក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា បាននាំគ្នាស្រែកទម្លាក់កំហុសមកលើរដ្ឋាភិបាល, ក្រុមប្រឆាំងជ្រុលនិយមនៅក្នុងប្រទេសថៃវិញ ក៏កំពុងដាក់សម្ពាធទៅលើរដ្ឋាភិបាលថៃ ដូចគ្នាដែរចំពោះករណីនេះ។ ភាពស្រុះគ្នារវាងក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា និងថៃ ហាក់បង្កើតការសង្ស័យថា ក្រុមទាំងពីរនេះដូចជាមានសេណារីយោរួមគ្នា ក្នុងការបង្កើតនិងបញ្ឆេះទំនាស់រវាងប្រទេសទាំងពីរកម្ពុជា-ថៃ ដើម្បីតែផលចំណេញនយោបាយរបស់ខ្លួន។

គោលដៅរបស់ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជានិងនៅថៃ គឺការផ្តួលរំលំរដ្ឋាភិបាលដែលកំពុងកាន់អំណាច។ គោលដៅដូចគ្នា និងភាពស៊ីសង្វាក់គ្នារវាងក្រុមទាំងពីរបានធ្វើឱ្យលេចចេញនូវសំណួរមួយទៀត នោះគឺតើអាចមានបាតដៃទី៣ជាអ្នករៀបចំដើម្បីជួយក្រុមទាំងពីរដោយទម្លាក់កំហុសឱ្យរដ្ឋាភិបាលរៀងៗខ្លួន?

តាមរយៈហេតុផលដូចបានលើកឡើងខាងលើ យើងអាចទាញសេចក្តីសន្និដ្ឋានបានថា គ្មានហេតុផលណាមួយដែលរដ្ឋាភិបាលភ្នំពេញក្តី ឬរដ្ឋាភិបាលបាងកកក្តី ជាអ្នករៀបចំឱ្យមានឃាតកម្មបែបនេះឡើយ ពីព្រោះវាជាការខាតបង់ធំធេងណាស់។ ខាងកម្ពុជាខាតបង់តាមរយៈការសង្ស័យនិងការចោទប្រកាន់ពីក្រុមប្រឆាំង ខណៈដែលខាងភាគីថៃវិញ ក៍ខាតបង់មុខមាត់ និងប៉ះពាល់ដល់វិស័យទេសចរណ៍ថែមទៀត។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយខេត្តបាត់ដំបង បានបន្តវិភាគថា ឃាតកម្មនេះបានផ្តល់ផលចំណេញ ៣យ៉ាង ដល់ពួកក្រុមជ្រុលនិយម៖

ទី១៖ ជាលេសក្នុងការចោទប្រកាន់ទម្លាក់កំហុសលើរដ្ឋាភិបាល

ទី២៖ កម្ចាត់សត្រូវដ៏ធំរបស់ខ្លួនគឺលោក លិម គិមយ៉ា

ទី៣៖ អាចជារងើកភ្លើងបញ្ឆេះកំហឹងដើម្បីបម្រើផលប្រយោជន៍បដិវត្តន៍ពណ៌របស់ខ្លួនដែលប៉ុនប៉ងមិនបានសម្រេចជាយូរមកហើយ។

ដូច្នេះ យោងតាមការរៀបរាប់របស់សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយខេត្តបាត់ដំបងនេះ គេអាចរកឃើញចម្លើយហើយថា តើអ្នកណាអាចជាអ្នកនៅពីក្រោយឃាតកម្មនេះ?

សម្តីលាតត្រដាងអំពីទំនាស់ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ ជាមួយនឹងការរៀបចំចង់ទម្លាក់កំហុសឱ្យមកលើគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចនេះ គឺដូចគ្នានឹងអ្វីដែលក្រុមគាំទ្រ សម រង្ស៊ី ធ្លាប់រៀបចំធ្វើសេណារីយោទុច្ចរិតមួយដើម្បីរកការចំណេញផលប្រយោជន៍នយោបាយ។

អតីតប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សា ភិបាលនៃវេទិកាសន្តិភាពកម្ពុជា លោកបានថ្លែងសង្ស័យថា វាជានយោបាយ «ស្វាស៊ីបាយលាបមាត់ពពែ»។ លោក សួន សេរីរដ្ឋា បានទម្លាយនូវអាថ៌កំបាំងមួយក្នុងពេលដែលលោក ធ្លាប់សេពគប់ជាមួយ សម រង្ស៊ី កាលពីអតីតកាល។ លោកថ្លែងថា កាលពីក្រោយបោះឆ្នោតឆ្នាំ២០១៣ រួបលោកត្រូវពួក សម រង្ស៊ី ធ្លាប់បានទាក់ទងល្បួងឱ្យរូបលោកចូលរួមក្នុងផែនការមួយដើម្បីសម្លាប់ លោក កឹម សុខា ដើម្បីយកលេសទម្លាក់កំហុសលើគណបក្សប្រជាជនកម្ពុជា រួចឱ្យក្រុម សម រង្ស៊ី យកសព កឹម សុខា ធ្វើអាជីវកម្ម។

លោកសួន សេរីរដ្ឋា បាននិយាយថាក្រុម សម រង្ស៊ី និងក្រុម កឹម សុខា គឺជាក្រុមដែលមានទស្សនៈនយោបាយខុសគ្នា បើទោះបីជាត្រូវបានគេច្របាច់ឱ្យបញ្ចូលគ្នាជាគណបក្សសង្គ្រោះជាតិតែមួយក៏ដោយ។

លោក លិម គិមយ៉ា មុនចេញពីបារាំងមកប្រទេសថៃ ធ្លាប់មានទំនាស់ទស្សនៈប្រឆាំងជាមួយ សម រង្ស៊ី រឿងបង្កើតចលនាតស៊ូរំដោះជាតិ ដោយ សារ លិម គិមយ៉ា យល់ និងចាត់ទុកថាចលនានេះ គឺជាខុសច្បាប់ អាចក្លាយជាក្រុមភេរវកម្មប្រឆាំងរដ្ឋជាសមាជិក UN ។ ដូចនេះហើយទើប លិម គិមយ៉ា សម្រេចចិត្តមកប្រទេសថៃ ដើម្បីស្វែងរកការចូលរួមនយោបាយជាមួយគណបក្ស ដែលបង្កើតឡើងដោយក្រុមអតីតសង្គ្រោះជាតិ ។ លោក លិម គិមយ៉ា ត្រូវគេរាយការណ៍ថា គ្រោងនឹងជួបជាមួយលោក យ៉ែម ប៉ុញ្ញាឬទ្ធិ ដើម្បីចូលរួមធ្វើនយោបាយក្នុងគណបក្សនេះ។

លោក សួន សេរីរដ្ឋា បានទាញការសន្និដ្ឋានថា ករណីឃាតកម្មលើ លិម គិមយ៉ា គឺមានជាប់ទាក់ទងនឹងក្រុមជាកម្លាំងនៅលើទឹកដីថៃ ដែលជាក្រុមបង្កើតនិងចិញ្ខឹមដោយ សម រង្ស៊ី និង កឹម សុខា ដើម្បីរកការទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងនយោបាយ «ស្វាស៊ីបាយ លាបមាត់ពពែ»

*យើងត្រូវប្រឆាំងឧបាយកលបណ្តេញសន្តិភាព

សម្តីចោទប្រកាន់របស់ក្រុមជ្រុលនិយមក្នុងការទម្លាក់កំហុសទាំងឡាយដាក់មកលើក្រុមគ្រួសារត្រកូល «ហ៊ុន» ឬមកលើគណបក្សប្រជាជនកម្ពុជា មិនមែនមានត្រឹមតែរឿងចោទប្រកាន់ឃាតកម្មតែមួយប៉ុណ្ណោះទេ, រឿងទាំងអស់ដែលពួកគេបានរៀបចំជាសេណារីយោទាំងឡាយ ដូចជារឿងបាត់បង់ទឹកដីខ្មែរឱ្យបរទេស, រឿងបំពានសិទ្ធិមនុស្ស រឿងអំពើពុករលួយ និងរឿងអាក្រក់ទូទៅ គឺជាបំណងទុច្ចរិតនៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីការបង្ខូចតួនាទីរបស់គ្រួសារ ហ៊ុន ជាអ្នកការពារសន្តិភាព។ វាជាយុទ្ធសាស្ត្រដោយចេតនាដែលមានគោលបំណងបំផ្លាញមូលដ្ឋានគ្រឹះសន្តិភាព និងស្ថិរភាពនយោបាយដែលគណបក្សប្រជាជនកម្ពុជា និងត្រកូល «ហ៊ុន» បានបង្កើតរយៈពេល២៦ឆ្នាំរួចមកនេះ។

យុទ្ធនាការរបស់ក្រុមជ្រុលនិយមដើម្បីបណ្តេញត្រកូល ហ៊ុន មិនគ្រាន់តែជាការវាយប្រហារលើគ្រួសារមួយប៉ុណ្ណោះទេ។ វាជាការវាយប្រហារមកលើសន្តិភាព និងស្ថិរភាពដែលប្រជាជនកម្ពុជាទាំងអស់កំពុងតែកោតគោរព។ ក្នុងនាមជាប្រជាជាតិមួយ យើងត្រូវតែបដិសេធចោលនូវយុទ្ធសាស្ត្របំបែកបំបាក់ទាំងនេះ ហើយឈររួបរួមក្នុងការការពារវឌ្ឍនភាពដែលយើងបានធ្វើ។ មានតែការធ្វើដូច្នេះទេ ទើបយើងអាចធានាបានថា ប្រទេសកម្ពុជានៅតែជាទឹកដីនៃសន្តិភាព សុខដុមរមនា និងក្តីសង្ឃឹមសម្រាប់មនុស្សជំនាន់ក្រោយ។

ក្រុមជ្រុលនិយម ត្រូវចាំឱ្យច្បាស់ថា ដរាបណាមានគណបក្សប្រជាជនកម្ពុជា និងមានត្រកូល «ហ៊ុន» «សន្តិភាព» នឹងមិនរត់ចេញពីកម្ពុជាឡើយ៕