(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្មីៗនេះ បានសម្រេចផ្តល់ប្រាក់គោលរបបសន្តិសុខសង្គមមួយចំនួន ជូនគ្រួសារជនរងគ្រោះដែលស្លាប់ ក្នុងឧបទ្ទវហេតុបាក់ថ្មភ្នំសង្កត់លើ នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ Fresh News ឱ្យដឹងថា ជនរងគ្រោះទាំងបីនាក់ដែលរងគ្រោះនោះមានឈ្មោះទី១ លឹម គឹមឡេង អាយុ៥២ឆ្នាំ ទី២ឈ្មោះ លឹម គឹមឡុង អាយុ ២៦ឆ្នាំ ទី៣ឈ្មោះ ថន ស៊ីថា អាយុ ៣៧ឆ្នាំ។ ជនរងគ្រោះទាំង៣នាក់ រស់នៅក្នុងភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
លោក ហេង សួរ បានបន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់មន្ត្រីជំនាញ នៃបេឡាជាតិរបបសន្តិសុខសង្គម ចុះអង្កេតលើករណីខាងលើដែលជាគ្រោះថ្នាក់ការងារ និងបានផ្តល់គោលរបបសន្តិសុខសង្គម ជូនដល់គ្រួសារជនរងគ្រោះនីមួយៗទទួលបានដូចជា៖ ១. សោហ៊ុយដឹកសព ២. សោហ៊ុយបូជាសព ចំនួន ៤លាន(៤,០០០,០០០)រៀល ៣. ផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារជនរងគ្រោះ ប្រពន្ធ កូន និងជនចាស់ជរានៅក្នុងបន្ទុក ៤. ប្រាក់ឧបត្ថម្ភដល់កូនដល់អាយុ ១៨ឆ្នាំ បើនៅរៀនផ្តល់ដល់អាយុ ២១ឆ្នាំ ៥. ផ្តល់ប្រាក់ឧបត្ថម្ភជនរងគ្រោះរហូតដល់ប្រពន្ធជនរងគ្រោះរៀបអាពាហ៍ពិពាហ៍ជាថ្មី ៦. ផ្តល់ប្រាក់ឧបត្ថម្ភដល់ឪពុកម្តាយ ជនចាស់ជរា ឬអ្នកនៅក្នុងបន្ទុកមួយជីវិត។
បើតាមការអះអាងរបស់ក្រសួងការងារ ក្រោយពេលកើតហេតុ លោក លឹម ហេង ម្ចាស់ការដ្ឋានថ្មបានជួយទំនុកបំរុង លើការចំណាយរៀបចំបុណ្យសព បន្ទាប់មកលោកក៏បានឧបត្ថម្ភជូន ដល់គ្រួសារសពក្នុងមួយគ្រួសារទទួលបានថវិកា ចំនួន ១០លាន (១០,០០០,០០០)រៀល។
សូមបញ្ជាក់ថា នាថ្មីៗនេះ ក្រសួងរ៉ែ និងថាមពល បានសម្រេចបិទការដ្ឋានវាយថ្មរបស់លោក លឹម ហេង ដែលស្ថិតនៅទីតាំងតំបន់ភ្នំ ឃុំប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ក្រោយកើតមានឧបទ្ទវហេតុ បាក់ភ្នំសង្កត់មនុស្ស៣នាក់ស្លាប់ យ៉ាងអាណោចអាធ័ម៕