(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញបើកកិច្ចប្រជុំស្តីពីយុទ្ធនាការផ្សព្វផ្សាយ និងពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក នៅសាលប្រជុំរំដួល នៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង និងមន្ទីរធនធានទឹក និងឧតុមនិយមរាជធានី-ខេត្ត។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំថ្ងៃនេះ គឺជាការចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ និងពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹកដែលជាការងារស្នូលរបស់ក្រសួង ហើយក្នុងនាមជាក្រសួងជំនាញដែលទទួលបន្ទុកការងារគ្រប់គ្រងធនធានទឹក និងអាកាសធាតុគឺមានតួនាទីដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងច្បាស់អំពីបរិមាណទឹកដែលមានសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងបម្រើឱ្យការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា កាលពីឆ្នាំកន្លងទៅ ពេលរដូវប្រាំងចូលមកដល់ ក្រសួងបានធ្វើការផ្សព្វផ្សាយជូនដំណឹងតាមគោលនយោបាយប្រព័ន្ធតែមួយ ដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ទឹក ហើយក៏បានសំណូមពរដល់ប្រជាពលរដ្ឋមិនឱ្យធ្វើស្រែប្រាំងលើកទី២ និងលើកទី៣ ដែលអាចប្រឈមនឹងការខ្វះខាតទឹកស្រោចស្រព ធ្វើឱ្យមានការខាតបង់ និងប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។
រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានសង្កត់ធ្ងន់ថា នៅឆ្នាំនេះក៏ដូចជាឆ្នាំកន្លងទៅដែរ ក្រសួងបានធ្វើការផ្សព្វផ្សាយជូនដំណឹង ក៏ប៉ុន្តែមានភាពជាក់លាក់ជាងមុន ច្បាស់ជាងមុន មានភស្តុតាងច្បាស់លាស់ ដោយមន្ទីរធនធានទឹក និងឧតុនិយមតាមខេត្តនីមួយៗធ្វើផែនទីទឹក និងបញ្ជាក់ពីបរិមាណទឹកដែលមានសម្រាប់ការងារស្រោចស្រពនិងការប្រើប្រាស់ប្រចាំថ្ងៃ និងផែនការធ្វើស្រែប្រាំងនៅតាមមូលដ្ឋានក្នុងបណ្តាខេត្ត ដើម្បីជំរុញការផ្សព្វផ្សាយនៅក្នុងកិច្ចប្រជុំត្រីវិស័យ កសិកម្ម ទឹក ជនបទ ព្រមទាំងផ្សព្វផ្សាយជូនប្រជាកសិករដែលជាអ្នកប្រើប្រាស់ទឹកនៅមូលដ្ឋានផ្ទាល់ឱ្យអនុវត្តការដាំដុះទៅតាមផែនការ និងជៀសវាងការខាតបង់ដោយសារការខ្វះខាតទឹកស្រោចស្រព។
ជាការកត់សម្គាល់ សហគមន៍កសិករប្រើប្រាស់ទឹកនៅទូទាំងប្រទេសមានចំនួន ៥៧៧កន្លែង ក្នុងនោះឆ្នាំ២០២៤ ក្រសួងបានបង្កើតសហគមន៍ថ្មីចំនួន ៧កន្លែង និងបានចុះត្រួតពិនិត្យ និងគាំទ្របច្ចេកទេសសម្រាប់ ស.ក.ប.ទ. ចំនួន ១៧៧កន្លែង ហើយក្នុងឆ្នាំ២០២៥នេះ ក្រសួងនឹងបន្តចុះរៀបចំបង្កើតសហគមន៍ថ្មីចំនួន ៧កន្លែង ក្នុងខេត្តពោធិ៍សាត់, ១កន្លែង ខេត្តកំពង់ឆ្នាំង, ២កន្លែង ខេត្តកំពង់ស្ពឺ, ២កន្លែង និងខេត្តកំពង់ធំ ២កន្លែង ព្រមទាំងបន្តចុះត្រួតពិនិត្យ និងគាំទ្របច្ចេកទេស សម្រាប់ ស.ក.ប.ទ. ចំនួន ១៨៥ កន្លែង នៅទូទាំង ២៥ រាជធានី-ខេត្ត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅនេះ ក្រសួងធនធានទឹក និងឧតុនិយមបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិមួយស្តីពីប្រកាសសម្រាប់កិច្ចដំណើរការ និងការគ្រប់គ្រងសហគមន៍កសិករប្រើប្រាស់ទឹក និងគោលការណ៍ណែនាំកិច្ចប្រតិបត្តិការ និងការថែទាំប្រព័ន្ធធារាសាស្រ្ត ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយក្នុងការអនុវត្តអនុក្រឹត្យ លេខ៣១ អនក្រ.បក. ស្តីពីនីតិវិធីនៃការបង្កើត ការរំលាយចោល និងការកំណត់តួនាទីនិងភារកិច្ចនៃសហគមន៍កសិករប្រើប្រាស់ទឹក(ស.ក.ប.ទ.)។ ឯកសារគតិយុត្តទាំងនេះមានទំនាក់ទំនង និងគាំទ្រគ្នាទៅវិញទៅមកប្រកបដោយបរិយាបន្ន ហើយប្រមូលផ្តុំជាក្របខ័ណ្ឌឯកសាររួម សំដៅគាំទ្រដល់ការគ្រប់គ្រងធនធានទឹក និងការបែងចែកទឹកនៅក្នុងដែនប្រព័ន្ធធារាសាស្ត្រប្រកបដោយចីរភាព ដោយមានការលើកកម្ពស់ការចូលរួមរបស់សហគមន៍ប្រកបដោយគុណាធិបតេយ្យ និងផ្តល់នូវយន្តការសម្រាប់ការដោះស្រាយជម្លោះប្រកបដោយប្រសិទ្ធភាព យុត្តិធម៌ និងស័ក្តិសិទ្ធិភាព៕