(បាត់ដំបង)៖ លោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ បានលើកឡើងថា «គ្មានការកែទម្រង់ណា ដែលមិនរងផលប៉ះពាល់ និងគេចផុតពីការឈឺចាប់នោះទេ ប៉ុន្តែយើងត្រូវតែរួមគ្នាដោះស្រាយដើម្បីប្រែក្លាយបញ្ហាប្រឈមឲ្យទៅជាឱកាសសម្រាប់ការអប់រំ និងអនាគតរបស់កូនចៅប្រជាជន។

លោកបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងព្រឹត្តិការណ៍ជួបជុំគ្នាលើកទី១ រួមគ្នាសម្រាប់ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដើម្បីចុះអន្តរាគមន៍ និងនាំយកវិធានការគន្លឹះ ក្នុងវិស័យអប់រំទៅតាមសាលារៀនគោលដៅ។ យុទ្ធនាការនេះក៏មានការចូលរួមជាកិត្តិយសពីសំណាក់ លោក សុខ លូ អភិបាលខេត្ត បាត់ដំបង, លោកស្រី ជា ដាណែត អភិបាលរងខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ ការិយាល័យពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន កងកម្លាំង នាយកសាលា គ្រូបង្រៀន និងឪពុកម្តាយសិស្សសរុបប្រមាណ ៤០០នាក់។

ថ្លែងក្នុងឱកាសនៃពិធីចាប់ផ្តើមយុទ្ធនាការនេះ លោក ពេជ សោភ័ន បានលើកឡើងថា៖ «យុទ្ធនាការវគ្គគាំទ្រសាលារៀនបានចាប់ផ្តើមថ្ងៃនេះ គឺដើម្បីជំរុញការផ្សព្វផ្សាយអំពីវិធានការគន្លឹះ គ.វ.អ. ដែលជាយន្តការកែទម្រង់វិស័យអប់រំរបស់រាជរដ្ឋាភិបាល និងលើកទឹកចិត្តដល់ប្រតិបត្តិករនៅតាមសាលារៀនគោលដៅទាំងអស់ឲ្យខិតខំអនុវត្តវិធានការគន្លឹះឲ្យមានប្រសិទ្ធភាពខ្ពស់។»

លេខាធិការដ្ឋាន គ.វ.អ. ក្នុងឆ្នាំសិក្សា២០២៤-២០២៥ នេះ បានពិនិត្យជ្រើសរើសសាលាគោលដៅបន្ថែម ចំនួន១១៩ សាលា នៅគ្រប់រាជធានី ខេត្ត។ ក្នុងខេត្តបាត់ដំបងបានជ្រើសរើសសាលាចំនួន ៨ រួមមាន ៖ សាលាបឋមសិក្សា សាលា បាឡាត់, សាលា វត្តកំផែង, សាលា រំចេក ៣, សាលា អន្លង់វិល, សាលា ឈើទាល, សាលា បៀលណាន់ស៊ីកូនខ្លុង, សាលា ព្រៃតូច និង សាលា ប៊ុនរ៉ានី ហ៊ុនសែន ឫស្សី។ ដោយឡែក ក្នុងខេត្តប៉ៃលិនបានជ្រើសរើសសាលាចំនួន ៤ រួមមាន ៖ សាលាបឋមសិក្សា អូរតាវ៉ៅ, សាលា បយ៉ាខា, សាលា ហ៊ុនសែន អូរច្រា និង សាលា ក្រចាប់ ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានរាយការណ៍អំពីវឌ្ឍនភាពកិច្ចការអប់រំក្នុងខេត្ត និងបានលើកឡើងថា៖ «រដ្ឋបាលខេត្តបាត់ដំបងមានមោទនភាពខ្ពស់ដោយលេខាធិការដ្ឋានបានជ្រើសរើសសាលាគោលដៅចំនួន ៨ សាលាសម្រាប់អនុវត្តវិធានការគន្លឹះ គ.វ.អ ព្រមទាំងសូមស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គ.វ.អ.។»
គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) គឺជាយន្តការរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ដើម្បីផលិតមូលដ្ឋានមនុស្សប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាពបំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ច និងទីផ្សារការងារ។

លោកទេសរដ្ឋមន្ត្រី ប្រធានលេខាធិការដ្ឋាន បានគូសបញ្ជាក់បន្ថែមថា៖ «ក្នុងសង្គមយើងសព្វថ្ងៃកំពុងលេចចេញបញ្ហានៃការធ្លាក់ចុះចំពោះវិន័យ សីលធម៌ ចរិយាធម៌ និងគុណធម៌ ដែលបានបង្កផលវិបាក និងជះឥទ្ធិពលអវិជ្ជមានដល់សិស្សានុសិស្ស និងសង្គមជាតិទាំងមូល។ ឫសគល់នៃបញ្ហាទាំងអស់នេះផ្តើមចេញពីលទ្ធផល និងគុណភាពនៃការអប់រំ ដែលត្រូវរួមគ្នាយកចិត្តទុកដាក់ដោះស្រាយឲ្យបានទាន់ពេលវេលា ចំគោលដៅ និងតាមវិធីសាស្ត្រត្រឹមត្រូវ។ ដូចនេះ វិធានការគន្លឹះគឺជាអន្តរាគមន៍បែបប្រាកដនិយម និង មិនតម្រូវឲ្យសិស្សបង់ប្រាក់សម្រាប់ការរៀនបន្ថែមម៉ោងនោះទេ។»

លេខាធិការដ្ឋានបានពិនិត្យជ្រើសរើសសាលាគោលដៅ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ដើម្បីអនុវត្តនូវវិធានការគន្លឹះក្នុងវិស័យអប់រំ ព្រមទាំងត្រូវបានពង្រីកជាដំណាក់កាលៗ ចំពោះសាលាបឋមសិក្សារដ្ឋដែលមានប្រមាណជាង៧០០០ សាលានៅទូទាំងប្រទេស តាមវិធីសាស្ត្រផ្ការីក ដើម្បីពង្រឹងគុណភាពអប់រំឲ្យបានជាអតិបរមា។

តំណាងគ្រូបង្គោលប្រចាំខេត្តបាត់ដំបង និងខេត្តប៉ៃលិន ព្រមទាំងតំណាងនាយកសាលគោលដៅក្នុងខេត្តទាំងពីរ បានឡើងប្តេជ្ញាចិត្តថា៖ «យើងខ្ញុំទាំងអស់គ្នាសូមប្តេជ្ញាខិតខំសហការជិតស្និទ្ធ និងកសាងស្នាដៃ និងឧត្តមានុវត្តន៍ដ៏ល្អបំផុតសម្រាប់សាលា, សិស្ស និង សហគមន៍ ស្របតាមគោលដៅវិធានការគន្លឹះ, ជាពិសេសអនុវត្តស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ក្នុងការពង្រឹងគុណភាព និងពង្រីកកិត្តិនាមរបស់សាលារៀនយើងខ្ញុំ និងបន្តផ្សព្វផ្សាយតាម វិធីសាស្រ្តផ្ការីក ឲ្យបានទូលំទូលាយបំផុត។»

គួរបញ្ជាក់ថា បន្ទាប់ពីខេត្តបាត់ដំបង ការចាប់ផ្តើមយុទ្ធនាការវគ្គគាំទ្រសាលារៀនគោលដៅ នឹងបន្តដំណើរឆ្ពោះទៅរៀបចំនៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តជាបន្តបន្ទាប់ទៀតដែលមានសាលាគោលដៅ។

លោកទេសរដ្ឋមន្ត្រី ប្រធានលេខាធិការដ្ឋាន បានផ្តាំផ្ញើដល់គ្រូបង្គោល និងសាលាគោលដៅទាំងអស់ថា៖ «ក្នុងពេលចុះអនុវត្តការងារ ត្រូវយកចិត្តទុកដាក់កត់សម្គាល់, ឆ្លុះបញ្ចាំង និងចងក្រងនូវចំណុចគន្លឹះល្អៗដើម្បីទុកជាករណីសិក្សា ឬចែករំលែកបន្ត។ ទន្ទឹមនេះ ត្រូវរិះរកវិធីដោះស្រាយបញ្ហា និងអន្តរាគមន៍ឲ្យមានប្រសិទ្ធភាពបំផុត»