(សៀមរាប)៖ ស្ត្រីទើបឆ្លងទន្លេរួច៣០គ្រួសារ នៅឃុំស្វាយដូនកែវ ស្រុកពួក និងភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទួលបានកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារក ព្រមទាំងថវិកាមួយចំនួន ដែលជាអំណោយរបស់លោកឧបនាយករដ្ឋមន្ដ្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកស្រី នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ តាមរយៈ ក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរា។
សម្ភារនៅក្នុងកញ្ចប់ ទ្រទ្រង់សុខុមាលភាពម្តាយ និងទារក ដែលចែកជូនដល់ស្រ្តីទើបឆ្លងទន្លេ នោះរួមមាន កន្ត្រក បំពង់ទឹកក្តៅ កន្សែងពោះគោ កូនមុង ស្រោមដៃ ស្រោមជើង និងខោអាវទារក។
ទន្ទឹមគ្នានេះដែរ ប្រធានក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរា ប្រចាំស្រុកពួក លោក ឈរ ថាណាត អគ្គនាយករង អាជ្ញាធរជាតិអប្សរា ក៏បានបញ្ជ្រាបចំណេះដឹង ដល់ពួកគាត់ឲ្យបានយល់ស្តីពី តួនាទីភារកិច្ចអាជ្ញាធរជាតិអប្សរា ចំពោះការថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌ ច្បាប់ការពារបេតិកភណ្ឌ ផលប្រយោជន៍ ដែលទទួលបានពីបេតិកភណ្ឌ និងតួនាទីភារកិច្ចរបស់ពួកគាត់ ដែលត្រូវចូលរួមគ្នាជួយថែរក្សាការពារ នូវសម្បត្តិបេតិកភណ្ឌដូនតា ដ៏មហាសាល មិនអាចកាត់ថ្លៃក្នុងនាម ពួកគាត់រស់នៅក្នុងតំបន់បេតិកភណ្ឌដែរ។
សកម្មភាពទាំងនេះ សបញ្ជាក់ឲ្យឃើញពីការគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្ពស់ ពីថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិក នៃអាជ្ញាធរជាតិអប្សរា ចំពោះសុខទុក្ខប្រជាពលរដ្ឋ ស្រ្តីទើបឆ្លងទន្លេរួច និងសម្បត្តិបេតិកភណ្ឌដូនតា ដែលបានបន្សល់ទុកមក ក្នុងតំបន់ឧទ្យានអង្គរ ដើម្បីលើកកម្ពស់សុខុមាលភាពម្តាយ និងទារក បង្កើនភាពស្និទ្ធស្នាលធ្វើឲ្យពួកគាត់ មានភាពកក់ក្តៅ និងថែរក្សានូវមរតកបេតិកភណ្ឌទាំងនោះ ឲ្យនៅគង់វង្សដល់កូនចៅ ជំនាន់ក្រោយទៀត៕