(ភ្នំពេញ)៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថា ក្រសួងទេសចរណ៍តែងតែគាំទ្ររាល់សកម្មភាព និងការគិតគូរយកចិត្តទុកដាក់លើកកម្ពស់គុណតម្លៃទេសចរណ៍ តាមរយៈការពង្រឹងភាពទាក់ទាញគោលដៅទេសចរណ៍ និងបង្កើនភាពពេញចិត្តរបស់ភ្ញៀវទេសចរ ក្នុងនោះការយកចិត្តទុកដាក់ពង្រឹង ការអនុវត្តបរិស្ថានគ្មានផ្សែងផលិតផលថ្នាំជក់នៅក្នុងវិស័យទេសចរណ៍ ជាការគិតគូរដ៏ល្អមួយក្នុងការជួយបង្កើនគុណតម្លៃវិស័យទេសចរណ៍ផង និងគិតគូរដល់សុខុមាលភាពសង្គម ក៏ដូចជាសហគមន៍ទាំងមូល។
លោក ហោ សារុន បានបញ្ជាក់ដូចនេះនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ នាឱកាសតំណាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធីបតីបើកសិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំស្តីពី ការពង្រឹងការអនុវត្តបរិស្ថានគ្មានផ្សែងផលិតផលថ្នាំជក់ និងវិធានការហាមឃាត់ចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ដល់អភិបាលរងរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត ដែលបានដាក់ចេញដោយក្រសួងទេសចរណ៍ ដើម្បីយកទៅផ្សព្វផ្សាបន្តឱ្យមានប្រសិទ្ធភាពខ្ពស់។ ពិធីនេះក៏មានការចូលរួមពីប្រធានអង្គភាពពាក់ព័ន្ធក្រោមឳវាទក្រសួង និងអាជ្ញាធររាជធានីខេត្តទាំង ២៥ផងដែរ។
លោក ហោ សារុន បានបញ្ជាក់ទៀតថា ការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធពិតជាមានសារសំខាន់ និងបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីការពារសុខភាពពីផលប៉ះពាល់ដោយសារផលិតផលថ្នាំជក់ លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងសហគមន៍ និងភ្ញៀវទេសចរ ព្រមទាំងចូលរួមចំណែកបង្កើនភាពទាក់ទាញដល់គោលដៅទេសចរណ៍ ជាទេសចរណ៍ស្អាត បៃតង និងមានសុវត្ថិភាព។
លោកបានបន្ថែមថា ការអភិវឌ្ឍវិស័យទេសចរណ៍គឺជាការងារធំមួយដែលត្រូវការគិតគូរលើបញ្ហាចម្បងៗជាច្រើនប្រកបដោយយុទ្ធសាស្ត្រ ចំណែកការពង្រឹងការអនុវត្តបរិស្ថានគ្មានផ្សែងផលិតផលថ្នាំជក់នៅក្នុងវិស័យទេសចរណ៍ គ្រាន់តែជាការចូលរួមចំណែកដ៏តូចមួយប៉ុណ្ណោះ ប៉ុន្តែក៏មានសារសំខាន់សម្រាប់វិស័យទេសចរណ៍ផងដែរក្នុងការចូលរួមការពារកិត្តិនាមគោលដៅទេសចរណ៍ ជាគោលដៅមានសុវត្ថិភាព ផ្តល់ភាពកក់ក្តៅ មិនទទួលរងផលប៉ះពាល់ពីការប្រើប្រាស់ផលិតផលថ្នាំជក់។
លោក ហោ សារុន បានបន្ថែមទៀតថា វិស័យទេសចរណ៍នៅតែរក្សាបានតួនាទីយ៉ាងសំខាន់របស់ខ្លួននៅក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងទទួលបានការយកចិត្តទុកដាក់គិតគូរពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ទាំងការរៀបចំគោលនយោបាយនិងការកំណត់យុទ្ធសាស្ត្រ។ ដោយឡែកក្រសួងទេសចរណ៍ដែលមានលោក ហួត ហាក់ ជារដ្ឋមន្ត្រី បានកំណត់ចក្ខុវិស័យច្បាស់លាស់សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយគុណភាពផ្តល់ភាពកក់ក្តៅ និងភាពជឿជាក់ដល់ភ្ញៀវទេសចរ ព្រមទាំង លើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋផងដែរ។
បន្ថែមពីនេះដែរ លោក ហោ សារុន ក៏បានស្នើឱ្យរដ្ឋបាលរាជធានី ខេត្ត មន្ទីរទេសចរណ៍ទាំងអស់យកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលាយ ដើម្បីជាផលប្រយោជន៍យើងទាំងអស់គ្នាក្នុងការចូលរួមការពារសុខភាព សុខមាលភាពជូនប្រជាជនយើង ក៏ដូចជាភ្ញៀវទេសចរ និងបានស្នើឱ្យបន្តការយកចិត្តទុកដាក់លើកិច្ចការផ្សែងបារីនេះ និងជួយជំរុញក្រុងនីមួយៗឱ្យក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ដែលក្លាយជាគោលដៅទេសចរណ៍ក្នុងជម្រើសស្អាត បៃតង មានការលើកកម្ពស់សុខភាព របស់ភ្ញៀវទេសចរ ទាំងក្នុងស្រុក និងបរទេសផងដែរ បង្ហាញពីការយកចិត្តទុកដាក់ពីគ្រប់ផ្នែកពាក់ព័ន្ធ ជាពិសេសរដ្ឋបាលរាជធានី ខេត្តក្នុងការលើកកម្ពស់សុខភាពសាធារណៈ តាមរយៈការកាត់បន្ថយផលប៉ះពាល់សុខភាពដោយផលិតផលថ្នាំជក់។
សូមបញ្ជាក់ដែរថា ក្រសួងទេសចរណ៍កាលពីថ្មីៗនេះ បានដាក់ចេញសេចក្តីណែនាំមួយ ហាមឃាត់ម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ រួមមាន៖ ភោជនីយដ្ឋាន ហាងកាហេ្វ ក្លឹបរាត្រី មណ្ឌលកំសាន្តនានា មិនឱ្យផ្សាយពាណិជ្ជកម្ម ឬដាក់តាំងបង្ហាញសម្ភារៈមានឈ្មោះម៉ាកផលិតផលថ្នាំជក់មានជាអាទិ៍៖ ផ្ទាំងរូបភាព ខិត្តប័ណ្ណផ្សព្វផ្សាយ ឆ័ត្រ នាឡិកា ប្រអប់ដាក់ក្រដាស់អនាម័យ ប្រដាប់គោះបារី ទាំងនៅក្នុងបរិវេណ និងក្រៅបរិវេណទីតាំងអាជីវកម្មសេវាកម្មទេសចរណ៍របស់ខ្លួនឡើយ។
សេចក្តីណែនាំក៏បានហាមឃាត់ម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ការ មិនឱ្យផ្ដល់ទីតាំងមូលដ្ឋានរបស់ខ្លួន សម្រាប់រៀបចំកម្មវិធី ឬរៀបចំព្រឹត្តិការណ៍ ឬសកម្មភាពផ្សេងៗទៀតដែលជាប់ពាក់ព័ន្ធជាមួយនឹងសកម្មភាពផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ទោះបីជាកម្មវិធី ឬសកម្មភាពនោះរៀបចំដោយឧស្សាហករថ្នាំជក់ដោយផ្ទាល់ ឬដោយប្រយោល ឬដោយនិតីបុគ្គល ឬរូបវ័ន្តបុគ្គលក៏ដោយ៕