(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបសកម្មភាពលទ្ធផលការអនុវត្តតួនាទី ភារកិច្ច ការធ្វើកំណែទម្រង់ និងការងារកសាងអង្គភាពកងរាជអាវុធហត្ថ ឆ្នាំ២០២៤ និងបន្តលើកទិសដៅផែនការកម្មវិធីសកម្មភាពការងារកងរាជអាវុធហត្ថ ឆ្នាំ២០២៥ និងពិធីបំពាក់ឋានន្តរសក្តិ ការតែងតាំងផ្លាស់ប្តូរមុខងារ ផ្ទេរភារកិច្ច នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរទាំង០៧ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុក ទាំង៩ និងប្រធានស្នាក់ការសន្តិសុខ មេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំ កងរាជអាវុធហត្ថចល័ត។ ពិធីនេះប្រារព្ធឡើងនៅសាលប្រជុំធំ ជាន់ទី២ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បាននាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះនាយ នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដោយក្តីនឹករលឹកផងដែរ។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងនាយទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យរបស់កងយោធពលខេមរភូមិន្ទ ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសមិនត្រូវពាក់ព័ន្ធ ឬនៅពីក្រោយខ្នងនៃបទល្មើសណាមួយឡើយ បើក្នុងករណីរកឃើញថា មានមន្ត្រីកងអាវុធហត្ថណាដែលជាប់ពាក់ព័ន្ធ នឹងមានវិធានការអនុតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។

លោកបានបញ្ជាក់ទៀតថា ការបង្រ្កាបក្មេងទំនើងគ្រប់ការិយាល័យជំនាញ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ទាំង៩ ត្រូវអនុវត្តឧ្យបានតឹងរឹងបំផុត។

លើសពីនេះ លោកក៏បានកោតសរសើរចំពោះអាវុធហត្ថទាំងអស់ ដែលបានបំពេញភារកិច្ចបានល្អ គោរពវិន័យ ត្រូវទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំតាមរយៈការដំឡើងឋានន្តរស័ក្ដិ តួនាទី ភារកិច្ចជាដើម។ មួយវិញទៀតមន្ត្រីកងរាជអាវុធហត្ថទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ កសាងអង្គភាពឲ្យបានរឹងមាំ បន្តចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបរាល់បទល្មើសផ្សេងៗ ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន៕