(សៀមរាប)៖ រដ្ឋបាលសាលាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំគណៈកម្មការរៀបចំ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែក្រោមវត្តមានលោក ឃឹម ប៊ុន សុង អភិបាលខេត្តសៀមរាប និងលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង និងសហភាពសហព័ន្ធយុវជន កម្ពុជាខេត្ត ចូលរួមផងដែរ។
ក្នុងកិច្ចប្រជុំនេះ លោក ឃឹម ប៊ុនសុង បានលើកឡើង អំពីការរៀបចំប្រារព្ធពិធីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដែលនឹងប្រព្រឹត្តិឡើង នៅតាមបណ្តោយដងស្ទឹង ប្រវត្តិសាស្ត្រសៀមរាប និងកម្មវិធីកម្សាន្តផ្សេងៗ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង ក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរ បានទស្សនា កម្សាន្ត អំពីវប្បធម៌ ប្រពៃណី របស់ប្រជាពលរដ្ឋខែ្មរ ដែលមានរយៈពេល២ថ្ងៃ។
លោកអភិបាលខេត្ត បានឲ្យដឹងផងដែរថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនេះ គឺធ្វើឡើងដើម្បីរំលឹក និង គោរពដល់វីរៈភាព នៃបុព្វបុរសទាហានជើង ទឹកជំនាន់ដើម ដែលបានពលីជិវិត ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក ក្នុងការកម្ចាត់ពួកសត្រូវឈ្លានពាន ហើយទទួលបានជ័យជំនះជូនជាតិមាតុភូមិអង្គរ។
ជាមួយគ្នានេះ លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា ការជួបជុំគ្នានាឱកាសនេះ ក៏ដើមី្បធ្វើការពិភាក្សាគ្នា ក្នុងជួរគណៈកម្មការរៀបចំពិធីបុណ្យអុំទូក ដើម្បីធ្វើការរៀបចំក្រុងប្រវត្តិសាស្ត្រសៀមរាប ឲ្យមានសោភណ្ឌភាពកាន់តែមានភាពស្រស់ត្រកាលឡើង ដែលជាក្រុងគោលដៅ របស់ភ្ញៀវទេសចរ លើពិភពលោក ហើយក៏ជាការទាក់ទាញនូវអារម្មណ៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ឲ្យកាត់តែច្រើន ផងដែរ។ ម៉្យាងទៀត លោកក៏សូមឲ្យ បណ្តាមន្ទីរ ធ្វើការរៀបចំទូក ដើម្បីចូលរួមនៅក្នុងពិធីបុណ្យនេះ ហើយក៏ធ្វើការផ្សព្វផ្សាយ ដល់បណ្តាក្រុមហ៊ុន សណ្ឋាគារ សមាគមន៍ទេសចរណ៍ អង្គការជាតិ អន្តរជាតិ ដែលមានបំណងចូលរួម ក្នុងពិធីបុណ្យអុំទូកនេះ សូមមកទំនាក់ទំនងជាមួយគណៈកម្មការរៀបចំបុណ្យអុំទូក នៅគ្រប់ពេលម៉ោងធ្វើការ នារដ្ឋបាលសាលាខេត្តសៀមរាប។
បន្ទាប់ពីការធ្វើកិច្ចពិភាក្សារួចមក លោកអភិបាលខេត្តសៀមរាប ក៏បានធ្វើការបូកសរុប ចំនួនទូកដែលបណ្តាមន្ទីរ អង្គភាពបានរៀបចំ ទាំងទូកអុំនារី និងបុរស ដែលមានចំណុះមនុស្សតាមស្តង់ដា២២នាក់ ហើយក្នុងនោះមាន បណ្តាក្រុមហ៊ុនសណ្ឋាគារ វត្តអារាម រួមទាំងខេត្តជិតខាងនឹងមកចុះបញ្ជី ធ្វើការប្រណាំងជាបន្តបន្ទាប់ទៀតផង ក្រោយ ពេលធ្វើការប្រជុំផ្សព្វផ្សាយនេះ។
បន្ថែមពីនេះ លោកក៏បាន ធ្វើការណែនាំ ដល់កម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាសន្តិសុខ ទេសចរណ៍ ក្នុងគោលដៅលើកស្ទួយ វប្បធម៌ ទំនៀបទំលាប់ប្រពៃណីជាតិ ហើយក៏ជាការផ្សព្វផ្សាយ ទាក់ទាញអារម្មណ៍ ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត នូវសម្បត្តិវប្បធម៌ខ្មែរ ដែលសម្បូរទៅដោយប្រាង្គប្រាសាទ រមណីដ្ឋានធម្មជាតិ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប៕