(ភ្នំពេញ)៖ របាយការណ៍របស់មន្ទីរពេទ្យកុមារជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៩ ខែតុលានេះ បានបញ្ជាក់ថា រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ មានអ្នកជំងឺជាង៦ពាន់នាក់ បានចូល និងចេញពិនិត្យ ព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារជាតិ។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៧ថ្ងៃនេះ មានអ្នកជំងឺមកទទួលសេវាពិនិត្យព្យាបាល ផ្នែកពិគ្រោះជំងឺក្រៅមានចំនួន ២,៤៨៦នាក់, អ្នកជំងឺអនុញ្ញាតិឲ្យចូលសម្រាក់ព្យាបាល ៣៨៩នាក់ ក្នុងនោះមានជំងឺទារកតូចៗគ្រប់ប្រភេទ៦៩នាក់, អ្នកជំងឺក្រីក្រត្រូវបានអនុញ្ញាតិ សម្រាកព្យាបាលដោយមិនបង់ប្រាក់២២ភាគរយ, ចំនួនវះកាត់សរុប៤៨នាក់, ការព្យាបាលដោយចលនា៤១៥នាក់, កុមារបានទទួលថ្នាំបង្ការ៦៣២នាក់, កុមារព្យាបាលធ្មេញ អញ្ចាញធ្មេញ និងក្រអូមមាត់១១នាក់, កុមារមានផ្ទុកមេរោគអេដស៍ ត្រូវបានទទួលថ្នាំពន្យារ ៦៩នាក់, ជំងឺរបេងកំពុងទទួល ការព្យាបាល៦នាក់, កុមារមានផ្ទុកមេរោគអេដស៍ មកពិគ្រោះជំងឺឱកាសនិយម២១៥នាក់, ថតឆ្លុះវិភាគដោយកាំរស្មីអិច១៥១នាក់, ពិនិត្យវិភាគដោយអេកូ៩២នាក់, ចំនួនតេស្ដបានវិភាគ នៅមន្ទីរពិសោធន៍ មាន២០៤៩នាក់។
មន្ទីរពេទ្យកុមារជាតិ បានឲ្យដឹងផងដែរថា ការផ្ដល់អាហារ តាមបែបវេជ្ជសាស្ដ្រដោយ គិតតាមប្រភេទជំងឺ និងតាមក្រុមអាយុកុមារមួយថ្ងៃ ចំនួន៣ពេល ដោយមិនគិតប្រាក់ ដល់កុមារដែល សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ជាងនេះទៅទៀត មន្ទីរពេទ្យកុមារជាតិ មានទទួលវះកាត់ កុមារឆែបមាត់ ជើងខ្វេ ពីកំណើតដោយពុំមានបង់ប្រាក់៕