(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នជាប់ជាប្រចាំដើម្បីការពារខ្លួនយើងពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ។

ការបន្តអំពាវនាវបែបនេះរបស់ លោក ទេព អស្នារិទ្ធ ក្រោយពេលដែលព័ត៌មានក្លែងក្លាយមានការកើនឡើងដែលជាការគួរឱ្យព្រួយបារម្ភ។

ជាមួយគ្នានេះដែរ លោកបានឱ្យដឹងថា ការសាយភាយព័ត៌មានក្លែងក្លាយ គឺបានកើតឡើងតាំងពីយូរមកហើយ ហើយវាជានិន្នាការសកល។ ព័ត៌មានក្លែងក្លាយបានមានសន្ទុះខ្លាំងក្លាឡើង ខណៈពេលដែលពិភពលោកមានមធ្យោបាយទំនើបសម្រាប់ប្រើប្រាស់ក្នុងការប្រាស្រ័យទាក់ទងគ្នាផ្តល់ និងទទួលព័ត៌មាន ពោលគឺការសាយភាយព័ត៌មានក្លែងក្លាយបានកើនឡើងច្រើន ក្នុងយុគសម័យបច្ចុប្បន្នដែលបច្ចេកវិទ្យាមានការរីកចម្រើន ជាពិសេសតាមរយៈការប្រើបណ្តាញទំនាក់ទំនងសង្គម និងបច្ចេកវិទ្យា AI។

ជាមួយគ្នានេះដែរ លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា ក្រសួងព័ត៌មាន បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានា និងគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យមានប្រសិទ្ធភាព ដើម្បីផ្តល់សុវត្ថិភាព និងធានាសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន រួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពជាតិ។

លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន ក្នុងឆ្នាំ២០២៤ បានកត់ត្រាព័ត៌មានក្លែងក្លាយសរុប ៣,៦៥១ករណី ដែលចំនួននេះបានកើនឡើងប្រមាណជិត១៤ភាគរយ បើប្រៀបធៀបនឹងចំនួនព័ត៌មានក្លែងក្លាយកត់ត្រាទុកក្នុងឆ្នាំ២០២៣ ដែលមានត្រឹមចំនួន ៣,២០៨ករណី»

អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ក្នុងស្ថានភាពនេះ យើងចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់ឱ្យជាប់លាប់ និងកាន់តែខ្លាំងក្លាជាងមុន ក្នុងការជំរុញប្រសិទ្ធភាពយន្តការប្រឆាំងព័ត៌មានក្លែងក្លាយ ក៏ដូចជាដាក់ចេញនូវយន្តការ ភ្ជាប់ជាមួយនឹងមធ្យោបាយសមស្របនានា ដើម្បីឆ្លើយតប ទាំងសកម្ម និងបុរេសកម្ម លើគ្រប់រូបភាព និងទម្រង់ទាំងបច្ចេកទេស និងសតិអារម្មណ៍ ដោយរាប់បញ្ចូលទាំងការអនុវត្តយុទ្ធសាស្ត្រព័ត៌មាន យុទ្ធនាការអប់រំ ការលើកកម្ពស់ផ្នែកអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីរួមចំណែកជំរុញប្រសិទ្ធភាព។

ទន្ទឹមនេះដែរ លោកបានបន្ថែមថា ការប្រឆាំងព័ត៌មានក្លែងក្លាយក៏ចាំបាច់ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីក្នុងសង្គម ក្នុងនោះប្រជាពលរដ្ឋដែលជាអ្នកទទួល ចែកចាយ និងប្រើប្រាស់ព័ត៌មានជាប្រចាំ ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គមគ្រប់ប្រភេទ ពិតជាមានតួនាទីសំខាន់ក្នុងការរួមចំណែកដល់ការទប់ស្កាត់ និងកាត់បន្ថយព័ត៌មានក្លែងក្លាយចេញពីលំហព័ត៌មានក្នុងសង្គមរស់នៅរបស់យើង។

អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ បានលើកឡើងថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ Say No to Fake News !» ដែលក្រសួងព័ត៌មាននឹងរៀបចំនៅពេលខាងមុខនេះនឹងក្លាយជាយន្តការមួយដ៏សំខាន់រួមចំណែកកាត់បន្ថយឱ្យមកកម្រិតអប្បបរមានូវព័ត៌មានក្លែងក្លាយពីលំហព័ត៌មានក្នុងសង្គមកម្ពុជា ដើម្បីធានាសន្តិសុខព័ត៌មាន៖ គឺការទទួលព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។

ជាមួយគ្នានេះដែរ លោក ទេព អស្នារិទ្ធ បានបន្តថា គោលដៅនៃយុទ្ធនាការនេះផ្តោតលើការផ្លាស់ប្តូរឥរិយាបទរបស់ប្រជាជន ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា។ នៅពេលប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ម្នាក់ៗយល់ដឹងអំពីផលវិបាកនៃព័ត៌មានក្លែងក្លាយ និងចេះបង្កើនការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវ ជាពិសេសមុនការចែកចាយព័ត៌មានណាមួយ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះជាមុនៗនឹងចែកចាយព័ត៌មាន ពេលនោះយើងម្នាក់ៗនឹងអាចរួមចំណែកដល់ការកាត់បន្ថយព័ត៌មានក្លែងក្លាយ ព័ត៌មានបែបបំពុល ចេញពីក្នុងលំហព័ត៌មានរបស់យើងបានជាមិនខាន ហើយទទួលបានមកវិញនូវការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមកក្នុងការរស់នៅ ដើម្បីបន្តធានាស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

ដូច្នេះ ដើម្បីការពារសង្គមគ្រួសារ និងសង្គមជាតិយើងយើងចាំបាច់ត្រូវរួមគ្នាទប់ស្កាត់ហានិភ័យ និងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយទាំងនោះ ដើម្បីបញ្ជៀសការខាតបង់ពេលវេលា ប្រាក់កាស ឬព្យសនកម្មនានាដែលអាចកើតមានជាយថាហេតុ បណ្តាលមកពីព័ត៌មានក្លែងក្លាយ៕