(តិចសាស, អាមេរិក)៖ ប្រជាពលរដ្ឋខ្មែរនៅក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក នៅតែចងចាំ និងដឹងគុណជាប់ជានិច្ចចំពោះថ្ងៃជ័យជម្នះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ពួកគេចាត់ទុកថ្ងៃជ័យជម្នះនេះ ជាថ្ងៃរំដោះយកអាយុជីវិតជីដូនជីតា ឪពុកម្តាយ និងរូបគេផ្ទាល់ចេញពីរបបវាលឃាត និងរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ដើម្បីរំលឹកដល់គុណបំណាច់ថ្ងៃរំដោះ៧មករា ប្រជាពលរដ្ឋខ្មែរនៅក្រុងហ៊ូស្តុន និងមកពីបណ្តាក្រុងនានា ក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក បានជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួប៤៦ឆ្នាំនៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥)។ ពិធីនេះបានប្រព្រឹត្តទៅនៅល្ងាចថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក សូ វិសុទ្ធី ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំតំបន់កណ្តាលខាងត្បូង សហរដ្ឋអាមេរិក, លោក ហេង សូដានី និងលោក ហេង គឹមស័រ អនុប្រធាន លោក អ៊ុំ សុជាតិ អនុប្រធានគណៈកម្មាធិការសាខាបក្សប្រចាំសហរដ្ឋអាមេរិក ក្រុមការងារ និងប្រជាពលរដ្ឋខ្មែរដទៃទៀត ដែលកំពុងរស់នៅក្នុងរដ្ឋតិចសាសន។
ពិធីអបអរសាទរថ្ងៃជ័យជម្នះ៧មករា ត្រូវបានរៀបចំឡើងដោយក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំតំបន់កណ្តាលខាងត្បូង និងគណៈកម្មាធិការសាខាបក្សប្រចាំរដ្ឋតិចសាស សហរដ្ឋអាមេរិក។ ពិធីនេះ មានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករនៅទីក្រុងហ៊ូស្តុន និងទីក្រុងនានា ក្នុងរដ្ឋតិចសាស ប្រកបដោយភាពសប្បាយរីករាយ រួបរួមសាមគ្គីជាតិខ្មែរតែមួយ គាំទ្រ និងចងចាំនូវស្មារតី និងគុណូបការៈនៃថ្ងៃរំដោះ៧មករា។
ថ្លែងក្នុងពិធីនោះ លោក សូ វិសុទ្ធី បានគូសរំលេចពីវីរភាពដ៏អង់អាចក្លាហានរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងអ្នកស្នេហាជាតិខ្មែរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចពញាចក្រី ហេង សំរិន និងសម្តេច ជា ស៊ីម បានធ្វើពលីកម្មសាច់ស្រស់ ឈាមស្រស់ រហូតវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដណ្តើមបានមកវិញនូវអាយុជីវិត និងសិទ្ធិសេរីភាពគ្រប់បែបយ៉ាងសម្រាប់ជាតិកម្ពុជា។
លោក សូ វិសុទ្ធី ក៏បានគូសរំលេចពីការប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរស្វះស្វែងរកសុខសន្តិភាព និងការផ្សះផ្សារជាតិ ក៏ដូចជាកិច្ចអភិវឌ្ឍន៍ទាំងឡាយ បន្ទាប់ពីប្រទេសត្រូវបានរំដោះចេញរបបដ៏ខ្មៅងងឹត។
លោក សូ វិសុទ្ធី បានលើកឡើងទៀតថា ការបិទបញ្ចប់ភ្លើងសង្គ្រាម និងសុខសន្តិភាពតាមរយៈនយោបាយឈ្នះ-ឈ្នះ ចាប់ពីតាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ បូករួមជាមួយឆន្ទៈដ៏ខ្លាំងក្លា ក្នុងកិច្ចកសាង និងអភិវឌ្ឍន៍ជាតិរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យជាតិកម្ពុជាមានការរីកចម្រើនយ៉ាងលឿនរហ័ស និងបានធ្វើឱ្យកិត្យានុភាពជាតិ ត្រូវបានខ្ពស់ត្រដែតជាថ្មី។
បើតាមលោក សូ វិសុទ្ធី រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយអ្នកបន្តវេនមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺនៅតែបន្តការពារយ៉ាងរឹងមាំនូវស្មារតីថ្ងៃជម្នះ៧មករា សុខសន្តិភាព និងស្ថេរភាពនយោបាយ ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍កម្ពុជា ឈានឆ្ពោះទៅសម្រេចគោលដៅកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។
លោក សូ វិសុទ្ធី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរនៅរដ្ឋតិចសាស បើទោះបីឃ្លាតឆ្ងាយស្រុក ប៉ុន្តែបន្តផ្តល់សច្ចធម៌ប្រវត្តិសាស្ត្រ ហើយនៅតែចងចាំ និងដឹងគុណចំពោះថ្ងៃជ័យជម្នះ៧មករា៕