(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានច្រានចោល នូវទស្សនៈរបស់អ្នកវិភាគមួយចំនួនដែលថា បេសកកម្មរបស់លោក នៅក្រៅប្រទេសជាការបំបែកឆ្នាំងបាយរបស់គណបក្សប្រឆាំង។ លោកបញ្ជាក់ថា ពលរដ្ឋនៅក្រៅប្រទេសបានមកគាំទ្ររូបលោក ដោយស្ម័គ្រចិត្ត មិនមាននរណាម្នាក់ត្រូវបានបង្ខិតបង្ខំ។
ក្នុងសន្និសីទកាសែត នៅព្រលានយន្តហោះភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ ក្រោយបញ្ចប់ ទស្សនកិច្ច រយៈពេលជាង១០ថ្ងៃនៅប្រទេសអូស្រ្តាលី លោក ហ៊ុន ម៉ាណែត បានអះអាងថា «វត្តមានរបស់ខ្ញុំនៅខាងក្រៅ ខ្ញុំមិនទៅបំបែកឆ្នាំងបាយរបស់អ្នកណាគេទេ ខ្ញុំមិនទៅបង្ខំឬទៅលួចឆ្នាំងបាយរបស់អ្នកណាគេទេ ខ្ញុំចេញទៅក្រៅ ជួបជាមួយពលរដ្ឋដោយការស័្មគ្រចិត្ត ប្រជាពលរដ្ឋចូលគាំទ្រ មិនគាំទ្រ ចូលស្ដាប់ មិនចូលស្ដាប់ ជារឿងរបស់គាត់»។
លោក ហ៊ុន ម៉ាណែត ត្រូវបានគណបក្សកាន់អំណាចតែងតាំងជាប្រធានចាត់តាំងក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានទៅបំពេញបេសកកម្មញឹកញាប់ប្រទេសមួយចំនួន ដូចជា អូស្រ្តាលី ញូហ្សេឡែន កាណាដា សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបជាដើម។ អ្នកវិភាគមួយចំនួន បានលើកឡើងថា យុទ្ធនាការក្រៅប្រទេសរបស់ លោក ហ៊ុន ម៉ាណែត ដែលជាគេជឿថានឹងក្លាយជាមេដឹកនាំយុវជន ជំនាន់ក្រោយរបស់ គណបក្សប្រជាជននោះ ជាការវាយបំបែកឆ្នាំងបាយគណបក្សប្រឆាំង ដែលតែងទទួលបានមូលនិធិនានាពីអនិកជនខ្មែរ នៅបរទេស។
លោក ហ៊ុន ម៉ាណែត បានបន្ថែមថា «ខ្ញុំមិនមែនទៅ ដើម្បីធ្វើការទាញរកប្រភពហរិញ្ញវត្ថុ មកគាំទ្រគណបក្សប្រជាជននោះទេ បងប្អូនដែលនៅខាងក្រៅគាត់ចូលរួមដោយសារលទ្ធភាពរបស់គាត់ ហើយនៅពេលដែលខ្ញុំទៅប្រជាពលរដ្ឋនៅក្រៅ គាត់បង្វែទិសពីការជួយទៅលើបក្សណាមួយ មកជាការជួយមនុស្សធម៌ វាជារឿងរបស់គាត់»។
Fresh News មិនអាចទំនាក់ទំនងអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ដើម្បីឆ្លើយតបនឹងរឿងនេះបាននៅឡើយទេ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ។
កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ លោក ហុង លីម តំណាងរាស្រ្តប្រចាំរដ្ឋវិកតូរៀ ដែលធ្លាប់មានទំនាក់ទំនង ជាមួយគណបក្សប្រឆាំង បានដឹកនាំធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់ លោក ហ៊ុន ម៉ាណែត នៅប្រទេសអូស្រ្តាលី។ ប៉ុន្តែគណបក្សសង្រ្គោះជាតិ បានបដិសេធថា បាតុកម្មប្រឆាំងលោក ម៉ាណែត នៅអូស្រ្តាលីនេះមិនមានការពាក់ព័ន្ធនឹងគណបក្សសង្រ្គោះជាតិឡើយ។
ទោះជាយ៉ាងនេះក្តី នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ស្រាប់តែមានបាតុកម្មមួយទៀត ដែលដឹកនាំដោយ ប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុង អាដឺឡែត ប្រទេសអូស្រ្តាលី ឈ្មោះ លឹម សាម៉េត ប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត តែម្តង៕