(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ សាកលវិទ្យាល័យឯកទេស​នៃកម្ពុជា (CUS) ទីតាំងទួលគោក បានរៀបចំសន្និសីទស្តីពីការសិក្សា​នៅ​ឧត្តមសិក្សា និងឱកាសការងារ ដល់និស្សិតគ្រប់​ទីតាំង​គោល និងសាខា​ទាំង ៩ទីតាំង ក្នុងបំណងផ្តល់ការស្វែងយល់ពីការសិក្សានៅឧត្តម​សិក្សា និង​ឱកាស​ការងារឱ្យបានល្អប្រសើរបន្ថែមទៀត។

សន្និសីទនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត មាស បូរ៉ា សាកល​វិទ្យាធិការសាកលវិទ្យាល័យឯកទេសនៃកម្ពុជា និងមាននិស្សិតចូល​រួមប្រមាណ ១,៨០០នាក់។

លោកបណ្ឌិត កែវ ជា សាកលវិទ្យាធិការរងសាកលវិទ្យាល័យឯកទេស នៃកម្ពុជា បានបញ្ជាក់ថា សាកលវិទ្យាល័យបង្កើតឡើងជាង២០ឆ្នាំមក​ហើយ។ បច្ចុប្បន្ន CUS មាន ៩ទីតាំង គឺ៣ទីតាំងនៅរាជធានីភ្នំពេញ និង៦​ទីតាំងនៅតាមបណ្តាខេត្តមាន ខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមាន​ជ័យ បាត់ដំបង និងខេត្តកំពត។ និស្សិតដែលបានបញ្ចប់ការសិក្សាមានចំនួន​ជិត ៥០,០០០នាក់ ដែលនិសិ្សតចំនួននេះមានការកើនឡើងជារៀងរាល់ឆ្នាំ ហើយសាកលវិទ្យាល័យបានបណ្តុះបណ្តាលដោយផ្តោតទៅលើ គុណភាព (បង្រៀន រៀនអនុវត្ត ស្រាវជ្រាវ សេវាកម្ម សមត្ថភាពវិជ្ជាជីវៈ), ចំណេះដឹង ចំណេះធ្វើ, បុគ្គលិកលក្ខណៈសម្បត្តិល្អ ចរិយាសម្បត្តិ រូបសម្បត្តិ ភាពសកម្ម​ការងារ និងសិល្បៈនៃការរស់នៅ។

មកដល់ពេលនេះ មាននិស្សិតបានចេញទៅបម្រើការងារ ក្រសួង ស្ថាប័ន និង​តាម​ក្រុមហ៊ុនដៃគូជាច្រើនពាន់នាក់ ក្នុងនោះមាននិស្សិតមួយចំនួនក្លាយ​ជា​ពាណិជ្ជករ ឬជាម្ចាស់សហគ្រាសធុនតូច និងមធ្យម (SME) ឬធំ និងជា​មន្ត្រី​របស់រដ្ឋដែលមានឋានៈរហូតដល់សមាជិកសភាជាតិ រដ្ឋលេខាធិការ អនុ​រដ្ឋ​លេខាធិការ អគ្គនាយក អភិបាលរងខេត្ត អភិបាលស្រុក មេឃុំ និង ជាមន្ត្រី នៅតាមស្ថាប័នក្រុមហ៊ុនរដ្ឋ ឬឯកជន ជាតិ និងអន្តរជាតិ។ ក្នុងឆ្នាំ២០២៤ នេះសាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានបង្កើនទាំង​សមត្ថភាពធន​ធាន​ហិរញ្ញវត្ថុ និងធនធានសម្ភារ ដើម្បីជំរុញឱ្យ​ហេដ្ខារចនា​សម្ព័ន្ធរូប​វ័ន្ត​របស់​ខ្លួន​កាន់តែល្អ និងមានប្រសិទ្ធភាពថែមទៀត។

បើតាមលោក កែវ ជា សន្និសីទនេះ ធ្វើឡើង ក្នុងគោលបំណងឱ្យនិស្សិត​ស្វែង​យល់កាន់តែច្បាស់លាស់អំពីឯកទេសនីមួយៗ នៃមហាវិទ្យាល័យ​ទាំង​៥ ដើម្បីសិក្សាស្របតាមចំណង់ចំណូលចិត្ត និងឱកាសការងារដែលនិសិ្សត​គ្រប់រូបចង់បាន និង ស្វែងយល់អំពីគន្លឹះជោគជ័យសំខាន់ៗសម្រាប់ត្រៀម​លក្ខណៈសម្បត្តិរកការងារធ្វើ និងរក្សាការងារ ស្វែងយល់អំពីសេវាគាំពារ​ផ្សេងៗ​របស់តម្រូវការសង្គម ព្រមទាំង ស្វែងយល់ពីគន្លឹះសិក្សាជោគជ័យនៅ​ថ្នាក់​ឧត្ដមសិក្សា និងវិសាលភាពនៃទីផ្សារការងារក្នុងប្រទេស។

សាកលវិទ្យាល័យមានបទពិសោធន៍លើការបណ្តុះបណ្តាលជាច្រើនឆ្នាំ ប្រក​បដោយភាពជោគជ័យ មានសាស្ត្រាចារ្យ បុគ្គលិកគ្រប់គ្រាន់ដែលមានសញ្ញា​បត្រ​ខ្ពស់ បទពិសោធន៍ជំនាញច្បាស់លាស់ និងបានធ្វើកិច្ចសហប្រតិបត្តិការ​ព្រមទាំងចុះអនុស្សារណៈយោគយល់ជាមួយសាកលវិទ្យាល័យនិងស្ថាប័នបរទេស។

លោកបណ្ឌិត កែវ ជា បានបញ្ជាក់បន្ថែមថា ដើម្បីជួយនិស្សិតងាយស្រួលរក​កន្លែង​ហាត់ការ ធ្វើកម្មសិក្សា ការងារស្ម័គ្រចិត្ត និងរកការងារធ្វើ សាកលវិទ្យា​ល័យឯកទេសនៃកម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយបណ្តាក្រុម​ហ៊ុន និងស្ថាប័នក្នុងស្រុកចំនួន៥៨៣នៅទូទាំងប្រទេស ហើយនឹងបន្តជំរុញ​ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត និងបានចុះអនុស្សរណៈយោគយល់​ជាមួយសាកលវិទ្យាល័យនិងស្ថាប័ន បរទេសចំនួន៥៦ប្រទេស តាមរយៈ​កិច្ច​សហប្រតិបត្តិការនេះសាកលវិទ្យាល័យបានបញ្ជូនសាស្ត្រាចារ្យ និងនិស្សិត ទៅសិក្សាវគ្គវែង និងកម្មសិក្សាខ្លីៗ ព្រមទាំងបានទទួលនិស្សិតបរទេស​មក​ផ្លាស់ប្តូរការសិក្សាជាមួយនិស្សិតសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជាផងដែរ។

លោក ឆោម សុខឃឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បាន​បង្ហាញ​ថាមជ្ឈមណ្ឌលការងាបានបម្រើលើ៖

១) សេវារបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ
២) ទទួលចុះឈ្មោះ ផ្គូរផ្គងការងារក្នុងប្រទេស ដោយឥតគិតថ្លៃ
៣) ផ្ដល់ការបណ្ដុះបណ្ដាលស្ដីពីវគ្គត្រៀមលក្ខណៈសម្បត្តិស្វែងរកការងារធ្វើ និងវគ្គបបណ្ដុះបណ្ដាលជំនាញទន់
៤) ប្រឹក្សាយោបល់ការងារ វិជ្ជាជីវៈ និងការជ្រើសជំនាញសិក្សា។

លោកបណ្ឌិត មាស បូរ៉ា បានបង្ហាញអំពីវិធីសាស្រ្តក្នុងការសិក្សាស្រាវជ្រាវ ដែល​មានវិធីជាច្រើន ក្នុងការទទួលបានចំណេះដឹង ដូចជាការអានសៀវភៅ​ជំនាញ​ជាដើម។ លោកបណ្ឌិតបានថ្លែងថា ជាទ្រឹស្តីជោគជ័យ និងការ​ទទួល​បានចំណូលខ្ពស់ វាចាប់ផ្តើមពីការសិក្សា និងស្រាវជ្រាវ ដែលចូលរួម​ក្នុងកា​រ​អភិវឌ្ឍបុគ្គល និងសង្គម សិស្ស-និស្សិតត្រូវចាត់ទុកការសិក្សាស្រាវ​ជ្រាវជា​ការ​ងារអាទិភាពក្នុងអំឡុងជីវិតក្នុងសាកលវិទ្យាល័យ ដោយព្យាយាមចង​ក្រង​ឯកសារជំនាញអាន ដកស្រង់ ធ្វើបទបង្ហាញ បោះពុម្ពផ្សាយស្នាដៃ ធ្វើ​ខ្លួន​ឱ្យ​ក្លាយជាមនុស្សពូកែគិតពិចារណា ក្លាយជាបុគ្គលមានជំនាញជាក់​លាក់ ដើម្បីមានឧត្តមប្រកួតប្រជែងខ្ពស់ទទួលបានការងារល្អ។

លោកបណ្ឌិតបន្តថា សាកលវិទ្យាល័យបានកំណត់ថា និស្សិតដែលបញ្ចប់​ការ​សិក្សាត្រូវមានសមត្ថភាពវិជ្ជាជីវៈ បុគ្គលិកលក្ខណសម្បត្តិល្អ និស្សិត​នឹង​ទទួលបានទ្រឹស្តីជំនាញ ចំណេះធ្វើ ដើម្បីសម្រេចទិសដៅនោះបាន សាកល​វិទ្យាល័យ នឹងផ្តល់នូវសេវាកម្ម ការស្រាវជ្រាវ ការបង្រៀន និងរៀនប្រកប​ដោយ​គុណភាព ដែលទាំងអស់នេះពាក់ព័ន្ធជាមួយការ​គ្រប់គ្រង​គុណភាព​សរុប ដែលសាកលវិទ្យាល័យ បានធ្វើ និងកំពុងធ្វើប្រកបដោយឆន្ទៈ​មោះ​មុត។ អាស្រ័យហេតុនេះ និស្សិតនិងអាណាព្យាបាល ត្រូវផ្តល់ការជឿទុកចិត្ត និងគាំទ្រដល់សាកលវិទ្យាល័យ៕