(សៀមរាប)៖ នៅទីស្នាក់ការគណបក្សឃុំមានជ័យ បានរៀបចំពិធីសំណេះសំណាលអបអរសាទរខួបលើកទី៤៦ទិវាជ័យជម្នះ៧មករា ក្រោមអធិបតីភាពលោក ដោក សុផា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំមានជ័យ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីព្រះសង្ឃវត្តទាំង២ អតីតយុទ្ធជន និវត្តជន ជនពិការ គ្រួសារពលីមរណៈលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សមាជិកចូលរួមសរុប ៣១៥នាក់។

ក្រោយពីបានអាននូវសុន្ទរកថាទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិងរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) នៅក្នុងមតិសំណេះសំណាលដោយលោក ដោក សុផា បានលើកឡើងជូនអង្គពិធី អំពីសារៈសំខាន់នៃថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាទូទាំងប្រទេស បានចាត់ទុកជាថ្ងៃកំណើតលើកទី២ និងចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ។

លោក ដោក សុផា បានបន្ថែមថា ពិធីដ៏មានសារៈសំខាន់នៅថ្ងៃនេះ៤៦ឆ្នាំកន្លងផុតទៅក៏ពិតមែន គឺបានបញ្ជាក់ឲ្យឃើញថាកម្ពុជាបានរំដោះចេញពីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ប្រជាជនបានមកចូលរួមទាំងអស់គ្នា រំឮកពីទុក្ខសោក និងការព្រាត់ប្រាស់ក្នុងរបបដ៏ខ្មៅយង់ឃ្នងនៅពេលកន្លងទៅ ហើយអាចមើលឃើញយ៉ាងច្បាស់ជាក់ស្តែងនូវសមិទ្ធផលដែលទទួលបានពីបាតដៃទទេ រហូតមកដល់បច្ចុប្បន្នដែលកើតចេញពីការតស៊ូ ការលះបង់របស់ថ្នាក់ដឹកនាំ និងបុព្វបុរសរបស់យើង។

លោកបានគូសបញ្ជាក់ថា «បើគ្មានមហាជ័យជម្នះ ៧ មករា ១៩៧៩ គឺគ្មានអ្វីៗដូចសព្វថ្ងៃនេះទេ» នេះជាសច្ចៈធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចបុគ្គលណាបដិសេធបានឡើយ។

លោក ដោក សុផា បានរំលេចឡើងនូវនិយមន័យ គុណតម្លៃ និងមនុញ្ញផលនៃសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះ ដែលបានដាក់ចេញប្រកបដោយគតិបណ្ឌិត ទេពកោសល្យ និងភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីនៃម្ពុជា ដែលជាអគ្គមគ្គុទេ្ទសដ៏ឆ្នើម បានធ្វើឲ្យប្រទេសកម្ពុជា និងប្រជាជនបានរស់រានឡើងវិញ មានសន្តិភាព ឯកភាពជាតិទឹកដីយ៉ាងពេញលេញនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិ។

រយៈពេលជាងមួយឆ្នាំមកនេះ សន្លឹកឆ្នោតដែលប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវសមិទ្ធផលយ៉ាងធំធេងជូនជាតិសំខាន់នោះ គឺការរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ជាក់ស្តែង សម្តេចធិបតីបានផ្តល់ជូនផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែង១១គីឡូម៉ែត្រ ទៅកាន់រមនីយដ្ឋានធម្មជាតិកំពង់ភ្លុក ដែលត្រូវឆ្លងកាត់បណ្តោយឃុំមានជ័យរបស់យើងប្រមាណ៦គីឡូម៉ែត្រ ជាលំហូរទេសចរណ៍គាំទ្រនូវផលិតផលនាំមកនូវប្រយោជន៍ប្រជាជនរបស់យើងច្រើនឥតគណនា។

លោកប្រធានក្រុមការងារបានឧបត្ថម្ភថវិកា និងសម្ភារមួយចំនួនជូនដល់អតីតយុទ្ធជន និវត្តជន ជនពិការ គ្រួសារពលីមរណៈ លោកគ្រូ អ្នកគ្រូ វត្តទាំង២ ប៉ុស្តិនគរបាលរដ្ឋបាល មណ្ឌលសុខភាព សាលាឃុំ ភូមិ៕