(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃ១២ ខែមករា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជន ចូលរួមចលនាសម្អាតបរិស្ថានអនាម័យ នៅតាមដងផ្លូវ តាមទីសាធារណៈ និងតាមខ្នងផ្ទះអតីតយុទ្ធជន ដើម្បីត្រៀមទទួលបដិសណ្ឋារកិច្ច វត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញក្នុងពិធីជួបសំណេះសំណាល ជាមួយបងប្អូនគ្រួសារអតីតយុទ្ធជនទាំង៦២៨គ្រួសារ និងសម្ពោធសមិទ្ធផលនានា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ឆាប់ៗខាងមុខ។

គួរជម្រាបជូនថា ភូមិប៊ុនរ៉ានី​សែនជ័យ ដំណាក់ទ្រយឹង គឺជាភូមិដែលទើបនឹងបង្កើតថ្មី ដោយកាត់ចេញពីភូមិសាយ នៃឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានចម្ងាយប្រមាណ៨០គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ និងមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ពីទីរួមស្រុកក្រគរ។ ប្រជាពលរដ្ឋដែលរស់នៅភូមិថ្មីនេះ មានចំនួន៦២៨គ្រួសារ សុទ្ធសឹងជាគ្រួសារអតីតយុទ្ធក្រីក្រ ដែលត្រូវជ្រើសរើសឱ្យទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ច ពីរាជរដ្ឋាភិបាល ដែលពួកគាត់ទាំងអស់នោះ បានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី និងពលីជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាពិសេសធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។

ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបន្តដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសម្តេចតែងតែចងចាំជានិច្ច ទៅដល់គ្រួសារអតីតយុទ្ធជន ដែលជាអ្នកធ្លាប់បានចូលរួមតស៊ូរំដោះជាតិ ដោយបានសាងសង់ផ្ទះ ផ្តល់ដីសម្បទានសង្គមកិច្ច សាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលជាតម្រូវការចាំបាច់ ដូចជាសាលារៀន មន្ទីរពេទ្យ វត្តអារាម អណ្តូងទឹក តបណ្តាញអគ្គិសនី ដាក់ភ្លើងសូឡា សាងសង់ទំនប់ស្ទាក់ទឹក ទំនប់បង្ហៀរ ផ្លូវខ្វាត់ខ្វែង បណ្តុះបណ្តាលបច្ចេកទេសកសិកម្មទំនើប និងផ្តល់អំណោយជាស្បៀងសម្ភារ ទៅតាមលទ្ធភាពជាក់ស្តែង ដែលក្នុងនោះមានរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ជាសម្ព័ន្ធមេត្រីភាពជាមួយ។

សមិទ្ធផលទាំងអស់នេះ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជារួម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ខណៈដែរបច្ចុប្បន្នក្រុមការងារថ្នាក់ជាតិ ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្ត បាននឹងកំពុងសស្រាក់សស្រាំ ក្នុងការឈូសឆាយរៀបចំបដិសណ្ឋារកិច្ច ទៅតាមផែនទទួលខុសត្រូវរៀងៗខ្លួន ធ្វើយ៉ាងណាឱ្យកម្មវិធីបានដំណើរការទៅដោយរលូន៕