(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតផលម៉ាកល្បីៗរបស់ប្រទេសថៃ នឹងធ្វើការនាំយកផលិតផលរបស់ខ្លួន មកធ្វើការតាំងពិព័រពាណិជ្ជកម្ម ដែលមានឈ្មោះថា «ថប់ថៃប្រែន ២០១៦ ឬ Top Thai Brands 2016» នៅកម្ពុជា ជាលើកទី២ នៅក្នុងក្រុងសៀមរាប។
លោកស្រី ជីរ៉ាណាន់ វង្សមង្គល អគ្គទីប្រឹក្សាពាណិជ្ជកម្ម ស្ថានទូតថៃប្រចាំកម្ពុជានៅបានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ Top Thai Brand 2016 នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះថា ការតាំងពិព័រណ៍នេះ គឺយើងធ្លាប់បានរៀបចំឡើង១ដងមកហើយ នៅក្នុងប្រទេសកម្ពុជា ដោយលើកទី១-យើងធ្វើឡើងនៅក្នុងរាជាធានីភ្នំពេញ និងលើកទី២នេះ គឺធ្វើនៅក្នុងខេត្តសៀមរាប។
លោកស្រីបន្ដទៀតថា ជាមួយការតាំងពិព័រណ៍ពាណិជ្ជកម្ម Top Thai Brand 2016 នេះ គឺយើងនឹងធ្វើការជ្រើសរើស យកផលិតផលថៃម៉ាកល្បីតែប៉ុណ្ណោះ ដើម្បីមកធ្វើការតាំងបង្ហាញ នៅក្នុងពិព័រណ៍ពាណិជ្ជកម្មនេះ។
លោកស្រីបានឲ្យដឹងទៀតថា គោលបំណងនៃការរៀបចំការតាំងពិព័រណ៍នេះ ដើម្បីជាឱកាសឲ្យភ្ញៀវទេសចបរទេស ដែលពួកគាត់ជាភ្ញៀវផង ជាពាណិជ្ជករផង បានឃើញផលិតផលថៃ និងដើម្បីឲ្យពួកគាត់បានធ្វើការចែកចាយផលិផលថៃ ទៅដល់ប្រទេសរបស់ពួកគេ (ភ្ញៀវបរទេស) ក៏ដូចជាឲ្យប្រជាជនកម្ពុជា មានឱកាសទិញ និងប្រើប្រាស់ផលិតផលថៃ ដែលជាម៉ាកល្បីៗ យកមកប្រើប្រាស់នៅកម្ពុជា។
លោកស្រីបានបន្ថែមទៀតថា «យើងចង់ឲ្យប្រជាជនកម្ពុជា ឬពាណិជ្ជករកម្ពុជា បានទិញទំនិញថៃម៉ាកល្បីៗនេះ មកធ្វើការលក់ ឬចែកចាយបន្ដ ទៅដល់ភ្ញៀវទេសចរបរទេស ដែលមានរាប់លាននាក់ ដែលបានមកទស្សនា ប្រទេសកម្ពុជា»។
លោក ជីរ៉ាវុទ្ធ អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំប្រទេសថៃ បានថ្លែងថា កាលដែលយើងរៀបចំតាំពិព័រណ៍ នៅក្នុងសៀមរាបនេះ គឺយើងមានហេតុផលសំខានៗ២យ៉ាង ដូចជា៖
១-ដោយសារនៅក្នុងខេត្តសៀមរាប មានភ្ញៀវទេសចរជាច្រើន មកទស្សនានៅខេត្តសៀមរាប ជាហេតុធ្វើឲ្យពាណិជ្ជកម្មរីកចំរើនឥតឈប់ឈរ និង២-ដោយសាខេត្តសៀមរាប ជាខេត្តដែលមានព្រំដែនជាប់នឹងប្រទេសថៃ មានច្រកពាណិជ្ជកម្មអន្ដរជាតិ ដែលអាចឲ្យការនាំផលិតផលថៃ មកកាន់ខេត្តសៀមរាប ហើយនឹងអាចចែកចាយ ទៅខេត្តផ្សេងៗបានទៀតផង។
លោកក៏បានឲ្យដឹងទៀតថា ការរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ Top Thai Brand 2016 នេះធ្វើឡើងរយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងខេត្តសៀមរាប។
ការតាំងពិព័រណ៍នេះ មានការចូលរួមពីក្រុមហ៊ុនចំនួន១១០ក្រុមហ៊ុន មានស្ដង់សរុបចំនួន១៥០ស្ដង់ ដោយមានការនាំយកទំនិញល្បីៗច្រើនប្រភេទ មកធ្វើការដាក់បង្ហាញ រួមមាន សំភារៈសំណង់ អាហារ និងភេសជ្ជៈ សំលៀកបំពាក់ និងវាយនភណ្ឌ សុខភាពសម្រស់ និងគ្រឿងសំអាង សំភារៈផ្ទះបាយ សំភារៈប្រើប្រាស់ក្នុងផ្ទះ វត្ថុអនុស្សាវរីយ៍ សំភារៈអគ្គិសនី គ្រឿងបន្លាស់រថយន្ដ ទំនិញ OTOP របស់ប្រទេសថៃ៕