(ស្វាយរៀង)៖ ជារឿងមួយដ៏គួរឱ្យអបអរសាទរបន្ថែមទៀតហើយ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានដើរគៀងគរទាក់ម៉ូយដល់ក្រៅប្រទេស បន្ទាប់ពីចូលកាន់តំណែង នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើឱ្យបណ្តាលវិនិយោគិនជាច្រើន បានចូលមកបណ្តាក់ទុន នៅប្រទេសកម្ពុជាជាបន្ទាប់ និងបានបង្កើតឱកាសការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋ។
ជាក់ស្តែងនាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក បានដាក់ទុនវិនិយោគប្រមាណ ៥០០លានដុល្លារ សាងសង់រោងចក្រផលិតសំបកកង់ដ៏ធំមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត នៃខេត្តស្វាយរៀង ដែលពិធីបើកការដ្ឋានសាងសង់រោងចក្រនេះ បានធ្វើឡើងក្រោមវត្តមានលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាតំណាង៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក WANG WENBIN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
នៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន វ៉ាន់លី ថាយអី ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការបណ្តាក់ទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជារហូតដល់ប្រមាណ ៥០០លានដុល្លារអាម៉េរិក សម្រាប់ដំណាក់កាលទី១ និងទី២ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត នៃខេត្តស្វាយរៀង ដែលនឹងបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១ ០០០កន្លែង។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា រោងចក្រនេះជាសមិទ្ធផលថ្មីមួយដ៏មានសារៈសំខាន់ និងមានតម្លៃសម្រាប់តំបន់សេដ្ឋកិច្ចនេះបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់កម្ពុជា និងសម្រាប់ខេត្តស្វាយរៀង ជាពិសេសគឺមានសង្គតិភាពទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មផលិតកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់។
ស្របជាមួយគ្នានោះផងដែរលោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីទំនាក់ទំនងយ៉ាងស្អិតរមួត រវាងកម្ពុជា និងមិត្តចិនដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរនេះតែងតែបានជួបពិភាក្សា ដើម្បីបន្តរឹតចំណងមិត្តភាព ទំនាក់ទំនងការទូតឱ្យកាន់តែមានភាពល្អប្រសើរឡើង ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប រួមទាំងសម្រេចឱ្យបាននូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ និងស្តង់ដារខ្ពស់ និងពង្រឹងទំនុកចិត្តផ្នែកនយោបាយ ដែលកសាងឡើងដោយថ្នាក់ដឹកនាំមុនៗ។
លើសពីនេះការផ្តល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗរបស់មិត្តចិនដល់កម្ពុជា រួមទាំងនៅក្នុងកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានដាក់ចេញដោយលោកប្រធានាធិបតីចិន ស៊ី ជីនពីង មិនត្រឹមតែបានជួយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹង ឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង។
ស្របជាមួយការប្រកាសបើកដំណើរការសាងសង់រោងចក្រផលិតសំបកកង់នេះដែរ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ដែរថា នៅក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានអនុម័តគម្រោងវិនិយោគទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៤១៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៦,៩ប៊ីលានដុល្លារអាម៉េរិក បើប្រៀបធៀបនឹងឆ្នាំ២០២៣ ចំនួនគម្រោងវិនិយោគមានចំនួន ២៦៨គម្រោង កើនឡើងចំនួន ១៤៦គម្រោង ស្មើនឹងប្រមាណ ៥៤% រីឯទុនវិនិយោគមានការកើនឡើងប្រមាណជិត ២ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៤០% ផងដែរ។
សូមជម្រាបជូនដែរថា៖ តំបន់សេដ្ឋកិច្ចពិសេស នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញ ការវិនិយោគនៅកម្ពុជា ដែលរហូតមកទល់ពេលបច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៥២តំបន់ ដែលកំពុងដំណើរការមានចំនួន ២៨តំបន់ ដោយបានស្រូបយកគម្រោងវិនិយោគប្រមាណ ៨៣៥គម្រោង ក្នុងទំហំទឹកប្រាក់វិនិយោគជាង ១១,៧ពាន់លាន ដុល្លារអាម៉េរិក និងបានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណជាង ១៩,៥ម៉ឺនកន្លែង។
ដោយឡែកនៅក្នុងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ ដែលកំពុងដំណើរការ ហើយបានស្រូបទាញគម្រោងវិនិយោគប្រមាណ ២៨០គម្រោង ក្នុងទុនវិនិយោគប្រមាណ ៣ពាន់លានដុល្លារអាម៉េរិក និងបានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណ ៩៨ ០០០កន្លែង។ សម្រាប់តំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត នេះ បានស្រូបយកគម្រោងវិនិយោគចំនួន ១១គម្រោង ហើយវិស័យដែលគួរឱ្យកត់សម្គាល់នោះគឺការផលិតសំបកកង់យានយន្ត ដែលជាឧស្សាហកម្មមួយថ្មី និងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់មិនធ្លាប់មាននៅកម្ពុជា។
ក្នុងចំណោមគម្រោងវិនិយោគផលិតសំបកកង់យានយន្តចំនួន ៦ ដែលមានវត្តមាននៅកម្ពុជា ក្នុងនោះមានគម្រោងវិនិយោគផលិតសំបកកង់យានយន្តចំនួន ២ ដែលបោះទីតាំងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ក្នុងនោះមានគម្រោងវិនិយោគមួយ ដែលយើងកំពុងចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់រោងចក្ររបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក WANLI TIRE (CAMBODIA) CO., LTD. នាពេលនេះ៕