(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តសៀមរាប នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញក្រុងពលីបើកការសាងសង់សួន តេជោសន្តិភាព នៅទីតាំងសួនច្បារមហាសណ្ឋាគារអង្គរ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
ពិធីនេះ មានការអញ្ជើញចូលរួមពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក លោកស្រី ជាសមាជិក ព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារចុះជួយខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ និងកំពង់ធំ ព្រមទាំង លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជា ៦០០នាក់ចូលរួមផងដែរ។
ក្នុងកិច្ចស្វាគមន៍របស់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានឲ្យដឹងថា ការរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ សួនតេជោសន្ដិភាព ខេត្តសៀមរាប ពិតជាមានខ្លឹមសារ និងអត្ថន័យយ៉ាងជ្រាលជ្រៅអំពីគុណតម្លៃ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ហើយបាននាំមកនូវសុខសន្តិភាព ស្ថេរភាព និងការឯកភាពជាតិពេញលេញ ព្រមទាំងមានការអភិវឌ្ឍលើគ្រប់វិស័យ។
លោកបន្តថា សួនតេជោសន្ដិភាព នឹងជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចមកកម្សាន្ត និងសិក្សាស្វែងយល់អំពីយុទ្ធសាស្រ្ត និងគុណតម្លៃនៃការបញ្ចប់សង្រ្គាម និងនាំមកនូវសុខសន្តិភាពសម្រាប់កម្ពុជា។
សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា កិច្ចដំណើរការសាងសង់សួនតេជោសន្តិភាព គឺរៀបចំឡើងទៅតាមគំនិតផ្ដួចផ្ដើម និងដឹកនាំផ្ទាល់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អតីតអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលបានរៀបចំអំពីដំណើរការនៃការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដើម្បីតាំងបង្ហាញពីតឹកតាងភូមិសាស្ត្រមួយចំនួន ដែលមានលក្ខណៈស៊ីគ្នាតាមភាពជាក់ស្ដែង នៃប្រវត្តិការណ៍នៃការអនុវត្តនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។
សម្តេចពិជ័យសេនា បន្តថា សួនតេជោសន្តិភាពបានរចនាឡើង ក្នុងសណ្ឋានទម្រង់រាងគូទខ្យង លើផ្ទៃក្រឡា២៩X២៣ម៉ែត្រ និងមានកម្ពស់៩ម៉ែត្រ ៩ទឹក១ហ៊ុន១លី។ សួនតេជោសន្តិភាពបែងចែកជា ៣ផ្នែកសំខាន់ៗ រួមមាន៖ ផ្នែកទី-១ បរិវេណខាងក្រៅ ជាសួនច្បារព័ទ្ធជុំវិញដោយរុក្ខជាតិបៃតង, ផ្នែកទី-២ សណ្ឋានទម្រង់គូទខ្យង ដែលបានរៀបចំខ្លឹមសារសិលាចារឹកទៅតាមរចនាប័ទវិមានឈ្នះ-ឈ្នះ សរុប១៨ផ្ទាំង, ផ្នែកទី-៣ ស្នូលកណ្តាល ដែលជាពូលនៃសួនរៀបចំសាងសង់ឡើងជារូប ដែលបែងចែកជា៣ថ្នាក់៖ ថ្នាក់ទី១មានបីជ្រុង តំណាងឲ្យការធានា៣យ៉ាង, ថ្នាក់ទី២មានប្រាំជ្រុង តំណាងឲ្យយុទ្ធសាស្ត្រឌីហ្វីដ(DIFID), ថ្នាក់ទី៣ មាន៧ជ្រុង តំណាងឲ្យកត្តាទាំង៧ដែលនាំមកនូវជ័យជម្នះ។
សម្តេចពិជ័យសេនា បានបន្តថា ដោយសារភាពចាំបាច់ និងតម្រូវការជាប្រវត្តិសាស្ត្រ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្តល់ការអនុញ្ញាតកសាងស្តូបវិមានឈ្នះ-ឈ្នះ ចំនួន៣កន្លែងទៀត ដោយយកលំនាំវិមានឈ្នះ-ឈ្នះ ធ្វើនៅខេត្តកោះកុង ស្រុកអន្លង់វែង និងខេត្តឧត្តរមានជ័យ និងនៅខេត្តប៉ៃលិន ដើម្បីជាតឹកតាង និងពង្រីកការផ្សព្វផ្សាយបញ្ជ្រាបទុកដាក់ និងការផ្ដល់ការរៀនសូត្រអំពីនយោបាយឈ្នះ-ឈ្នះ អំពីប្រវត្តិសាស្ត្រនៃដំណើរការអនុវត្តទៅតាមទិសនានា។
សម្តេចពិជ័យសេនា បានសម្តែងនូវឧបការៈគុណ ដោយមិនអាចកាត់ថ្លៃបានចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ និង បានដឹកនាំគោលនយោបាយនេះ រហូតសម្រេចបានការបញ្ចប់សង្គ្រាម ទទួលបានសន្តិភាព និងការឯកភាពជាតិពេញលេញ ការបង្រួបបង្រួមជាតិទាំងស្រុងនៅកម្ពុជា នូវបុព្វបទ នូវការកសាងមាតុភូមិដ៏កម្សត់នេះ ឲ្យមានឈ្មោះដ៏ឧត្ដុងឧត្ដមដូចបច្ចុប្បន្ននេះ។
សម្តេចពិជ័យសេនា ក៏បានស្នើឲ្យអភិបាលខេត្តសៀមរាប ក្នុងការរៀបចំសាងសង់សួនតេជោសន្តិភាព គឺត្រូវមានការចូលរួមពីគ្រប់តួអង្គទាំងអស់ ដើម្បីរួមចំណែកក្នុងការផ្តល់នូវតឹកតាងអំណះអំណាងជាក់លាក់ពិតប្រាកដ រួមទាំងបទពិសោធន៍ ដើម្បីឲ្យក្រុមការងារសិក្សាស្រាវជ្រាវ ចារឹក តាក់តែង និងចងក្រងទុកជារតកសម្រាប់មនុស្សជាតិ៕