(កំពត)៖ លោក ហ៊ុន សុខា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវលំមួយខ្សែ ប្រវែងសរុប ៣០០០ម៉ែត្រ បានស្ថាបនារួច។

ពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករាឆ្នាំ២០២៥ ចំនួន២ភូមិ មានភូមិព្រៃឈើទាល និងភូមិអង្គរំដួល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ផ្លូវលំមួយខ្សែនេះជាចំណងដៃថ្មីមួយ ជូនដល់បងប្អូនពលរដ្ឋដែលរស់ក្នុងឃុំអង្គរជ័យ នៃស្រុកអង្គរជ័យ។

ថ្លែងមានមតិរាយការណ៍ជូនគណៈធិបតី លោក សែម កុសល សមាជិកក្រុមការងារចលនាកសាងសមាជិកបក្ស ខេត្តកំពត បានឡើងមានមតិរាយការណ៍ជូនគណៈអធិបតី អំពីដំណើរការនៃការស្ថាបនា ផ្លូវក្រាលថ្មមិចនិងផ្លូវក្រាលគ្រួសក្រហម ប្រវែង ៣០០០ ម៉ែត្រ នៅភូមិព្រៃឈើទាល ភូមិ អង្គររំដួល ឃុំ អង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត នេះជាសមិទ្ធផលថ្មីមួយទៀត របស់ប្រជាពលរដ្ឋសម្រាប់បំរើដល់សេចក្តីត្រូវការ ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញផ្សេងៗ របស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ បានងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាព។

ថ្លែងមានមតិសំណេះសំណាលក្នុងពិធីនោះ លោក ហ៊ុន សុខា បានមានមតិលើកឡើងពីវីរភាពនិងការលះបង់ មិនស្ដាយអាយុជីវិត របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការចរចារកសន្តិភាព ក្រុមខ្មែរក្រហម រហូតទទួលបានសុខសន្តិភាពទូទាំងប្រទេសជូនប្រជាពលរដ្ឋកម្ពុជា។ លោកបានរំលឹកនៅថ្ងៃជ័យជម្នះ ៧ មករា គឺបានបញ្ជាក់ឲ្យឃើញថាកម្ពុជាបានរំដោះចេញពីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហើយយើងបានមកចូលរួមទាំងអស់គ្នា រំឮកពីទុក្ខសោក និង ការព្រាត់ប្រាស់ក្នុងរបបដ៏ខ្មៅយង់ឃ្នងនៅពេលកន្លងទៅ ហើយយើងអាចមើលឃើញយ៉ាងច្បាស់ជាក់ស្តែងនូវសមិទ្ធិផល ដែលយើងទទួលបានពីបាតដៃទទេ រហូតមកដល់បច្ចុប្បន្នដែលកើតចេញពីការតស៊ូ ការលះបង់របស់ថ្នាក់ដឹកនាំ និងបុព្វបុរសរបស់យើង ថ្ងៃជ័យជម្នះ ៧មករាព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធផលធំៗថ្មីទៀត លើគ្រប់វិស័យ បានកំពុងបន្តដំណើរទៅមុខ ប្រកបដោយភាពជឿជាក់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍ។

«ស្របពេលជាមួយគ្នានេះ យើងក៏ត្រូវសម្លឹងមើលទៅអនាគតរបស់កម្ពុជា និង ប្រជាជនកម្ពុជាគ្រប់ជំនាន់ជាបន្តបន្ទាប់ប្រកបដោយក្តីសង្ឃឹម និងភាពជឿជាក់ក្រោមម្លប់សន្តិភាព ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា»។ នេះបើតាមលោក សុខា។

លោក ហ៊ុន សុខា ក៏បាននាំយកនូវអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្ដល់ជូនតាមរយៈលោក ភឺន ផល្លា ជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រគល់ថវិកាមួយចំនួនជូនដល់កំលាំងសមត្ថកិច្ចមូលដ្ឋានជុំវិញស្រុក និងសម្ភារៈវិទ្យុទាក់ទង ៥២ គ្រឿង វិទ្យុទាក់ទងប្រើស៊ីម ២៥ គ្រឿង ម៉ាស៊ីនកុំព្យូទ័រ ១ឈុត ម៉ាស៊ីនព្រីនធ័រ ១ឈុត សម្លៀកបំពាក់ប្រជាការពារ ៦៥ កំប្លេ និងជូនប្រជាពលរដ្ឋចូលរួមកម្មវិធី សារុងម្នាក់មួយនិងថវិកា មួយចំនួនផងដែរ៕