(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា សន្តិសុខព័ត៌មានត្រូវបានពង្រឹងក្នុងអាណត្តិទី៧ នៃក្រសួងព័ត៌មាន ហើយសណ្តាប់ធ្នាប់ផ្នែកសារព័ត៌មានត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរក្នុងរយៈ ពេល១ឆ្នាំជាងមកនេះ ខណៈក្រសួងព័ត៌មាន បានកសាងការទូតព័ត៌មាន ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ដោយរួមគ្នាពង្រឹងប្រសិទ្ធភាព គុណភាពព័ត៌មាន និងសន្តិសុខព័ត៌មាន ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងដំណាក់កាលបរិបទបច្ចេកវិទ្យាឌីជីថល (AI)។

ការលើកឡើងរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្វែងយល់អំពី ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា សហការរៀបចំដោយក្រសួងព័ត៌មាន និងសមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមសិក្សាស្វែងយល់ពីអ្នកសារព័ត៌មានប្រមាណ ៤០០នាក់។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា សន្តិសុខព័ត៌មាន មាន៣ចំណុចសំខាន់ គឺទី១៖ សិទ្ធិទទួលបានព័ត៌មាន របស់ប្រជាពលរដ្ឋ ត្រូវធានាថាប្រជាពលរដ្ឋត្រូវតែទទួលព័ត៌មាន, ទី២៖ គុណភាពព័ត៌មាន ជាព័ត៌មានដែលបានផលិត មិនមែនជាព័ត៌មានដែលយើងផលិតបានតែប៉ុណ្ណឹងនោះទេ តែជាព័ត៌មាន ដែលផ្តល់នូវចំណេះដឹង មានខ្លឹមសារ ហើយធ្វើឱ្យប្រជាពលរដ្ឋទទួលបានចំណេះដឹង និងទី៣៖ សុវត្ថិភាពព័ត៌មាន ដែលជាចំណុចសំខាន់ គឺអ្វីដែលយើងបានផ្សព្វផ្សាយ និងផ្តល់ជូនប្រជាពលរដ្ឋ តើមានសុវត្ថិភាពគ្រប់គ្រាន់ហើយ ឬនៅ? នៅពេលដែលបរិបទបច្ចេកវិទ្យាឌីជីថល (AI) ដែលបង្កើតបានប្រភពព័ត៌មានបានគ្រប់ទម្រង់ទាំងអស់។

ត្រង់ចំណុចនេះ ត្រូវបានលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ពញ្ញាក់ស្មារតីដល់អ្នកសារព័ត៌មាន ត្រូវធ្វើយ៉ាងម៉េច ដើម្បីឱ្យប្រជាពលរដ្ឋ អាចទទួលបានព័ត៌មានត្រឹមត្រូវ ពិតប្រាកដ ដូច្នេះ ចំណុចនេះអ្នកសារព័ត៌មានទាំងអស់ត្រូវចាប់ឱ្យជាប់ និងចូលរួមគ្រប់សកម្មភាព ដើម្បីពង្រឹងតួនាទីសារព័ត៌មាននៅក្នុងសង្គមកម្ពុជា។ ពីព្រោះសារព័ត៌មាន នៅក្នុងសង្គមមានតួនាទីសំខាន់ខ្លាំងណាស់ បើសិនសារព័ត៌មាន ដែលជាបំពងក របស់សង្គមនិយាយខុស នោះនឹងធ្វើឱ្យប្រជាពលរដ្ឋគិតខុស ទទួលព័ត៌មានខុស សម្រេចចិត្តខុស។ ដូច្នេះ ប្រសិនបើព័ត៌មានផ្សាយចេញទៅមានភាពត្រឹមត្រូវនឹងធ្វើឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិត ដែលឈានទៅដល់ការសម្រេចចិត្តបានត្រឹមត្រូវ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា នៅក្នុងក្របខណ្ឌនៃការរៀបចំ និងពង្រឹងការគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន ក្រសួងព័ត៌មានបានអនុវត្តទិសដៅការងារអាទិភាពក្នុងការរៀបចំប្រព័ន្ធ និងយន្តការគ្រប់គ្រងព័ត៌មាន ដើម្បីធានាលំហព័ត៌មាន និងសន្តិសុខព័ត៌មាន ព្រមទាំងបានអនុវត្តវិធានការសមស្របក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា «យើងត្រូវមានការតាំងចិត្តរួម ទៅលើការកសាងវិស័យព័ត៌មាន និងសោតទស្សន៍របស់យើងជាមួយនឹងមហិច្ឆតា ដែលត្រូវជាប្រទេសមានការអភិវឌ្ឍ វិស័យសារព័ត៌មាន ត្រូវតែមានភាពចាស់ទុំ និងមានគុណភាពដែលអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកបាន […] តើអ្នកណាដែលអាចសរសេរព័ត៌មាន អាចទាញយកពានរង្វាន់បាន? យើងអាចផ្តល់ពានរង្វាន់គុណភាពនៃអត្ថបទ និងក្រមសីលធម៌វិជ្ជាជីវៈ ក៏ប៉ុន្តែមិនមែនជាពានរង្វាន់បែបនយោបាយ ព្រោះអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ប្រទេសមួយចំនួន គឺឱ្យតែអ្នកណាប្រព្រឹត្តខុសច្បាប់ ហ៊ានរំលោភបំពានច្បាប់ក្រោមលេសសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន ឬសេរីភាពនៃអង្គការក្រៅរដ្ឋាភិបាល ហើយត្រូវប្រឈមមុខច្បាប់ និងជាប់ពន្ធនាគារដោយសារអារឿងហ្នឹង គឺឱ្យរង្វាន់ ហើយលើកតម្កើងជាតួឯក និងវីរជនតែម្តងស្របតាមរបៀបវារៈនយោបាយពួកគេ ដោយគ្មានឈរលើការពិត»

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា អ្នកសារព័ត៌មាន ត្រូវតែរួមគ្នា ដើម្បីកសាងវិស័យសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ឱ្យស្មើមុខ ស្មើមាត់ស្មើសិទ្ធិជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក។

«ហើយនៅក្នុងរយៈពេល១ឆ្នាំជាងនេះ យើងបានកសាងនៅក្នុងកម្រិតតំបន់ ដែលយើងនិយាយថាការទូតព័ត៌មាន យើងនិយាយពីការទូតសេដ្ឋកិច្ច, ការទូតនយោបាយ, ការទូតបរិស្ថាន ប៉ុន្តែ អីឡូវនេះយើងចាប់ផ្តើមនិយាយពីការទូតព័ត៌មាន ប្រទេសនីមួយៗមានបញ្ហាដូចគ្នា រឿងបណ្តាញទំនាក់ទំនងសង្គម រឿងព័ត៌មានក្លែងក្លាយ រឿង AI ដែលជ្រៀតជ្រែកក្នុងវិស័យសារព័ត៌មាន អ៊ឹចឹងយើងត្រូវតែនិយាយអំពីការទូតព័ត៌មានដែលគ្រប់ប្រទេស ក្រសួង ស្ថាប័ន ក្នុងចំណោមបណ្តាប្រទេសធ្វើកិច្ចការងាររួមគ្នា ដើម្បីពង្រឹងប្រសិទ្ធភាព និងគុណភាពព័ត៌មាន»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា។

បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានគូសបញ្ជាក់ពីទិសដៅរបស់ក្រសួងព័ត៌មាន ដោយបានជំរុញឱ្យអ្នកសារព័ត៌មានត្រូវរួមគ្នាកសាងរូបភាព សេរីភាពសារព័ត៌មានមួយដែលរឹងមាំ ជំនាញវិជ្ជាជីវៈសារព័ត៌មាន ដែលរឹងមាំ មានគុណភាព និងមានការជឿជាក់។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានដាក់ចេញជាគោលការណ៍ដឹកនាំសម្រាប់វិស័យសារព័ត៌មាន ដោយក្រសួងព័ត៌មាននឹងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាបរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់ការប្រកបវិជា្ជជីវៈសារព័ត៌មាននៅកម្ពុជា, លើកទឹកចិត្តដល់ការពង្រឹងគុណភាព សមត្ថភាពជំនាញ ការអនុវត្តការងារ និងស្នាដៃល្អប្រកបដោយសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ដោយឈរលើមូលដ្ឋានសមភាព គ្មានការរើសអើង គ្មានការគំរាមកំហែង និងមិនប្រកាន់និន្នាការនយោបាយឡើយ, ខណៈបន្តពង្រឹងបច្ចុប្បន្នភាពនៃច្បាប់ និងលិខិតបទដ្ឋានសម្រាប់វិស័យព័ត៌មាន ដើម្បីធានាការការពារសិទ្ធិ សណ្តាប់ធ្នាប់ ការគ្រប់គ្រងនូវគុណភាព និងសុវត្ថិភាពព័ត៌មាន៕