(ស្វាយរៀង)៖ លោកបណ្ឌិត សម តារា សមាជិកគណៈកម្មាធិការកណ្តាល សមាជិកសភាមណ្ឌលស្វាយរៀង និងជាអនុប្រធានគណៈកម្មការទី១ រដ្ឋសភា នៅថ្ងៃទី១១ ខែមករាឆ្នាំ២០២៥ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងឈ្វេងយល់ការធ្វើសិប្បកម្ម តម្បាញក្រមារបស់ពលរដ្ឋ រស់នៅភូមិដំណាក់កន្ទួត ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

នៅឱកាសនោះ លោកបណ្ឌិតសម តារា បានថ្លែងថា ក្រមា គឺជាស្នាដៃសិប្បកម្មត្បាញ ដែលដូនតាខ្មែរ បានបន្សល់ទុកសម្រាប់ជាកេរ្ត៍តំណែលតកូនចៅជាច្រើនជំនាន់មកហើយ ពីព្រោះជាផលិតផលសិប្បកម្មតម្បាញ ដែលមានអត្ថប្រយោជន៍ប្រើប្រាស់ច្រើនយ៉ាង ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។

លោកបណ្ឌិតសម តារា បានផ្តល់សារៈសំខាន់ទៅលើគោលនយោបាយអភិវឌ្ឍន៍ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលមានសិប្បកម្មតម្បាញក្រមា ជាគោលនយោបាយមួយផ្នែកមានចក្ខុវិស័យមុតស្រួចចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍនូវអ្វីដែលជាកេរ្ត៍តំណែលបន្សល់ទុក ដល់កូនចៅជំនាន់ក្រោយៗ ដែលកើតឡើងដោយភាពអំណត់ព្យាយាមរបស់បុព្វបុរសខ្មែរ ហើយមកដល់ពេលនេះបានផ្សព្វផ្សាយក្រមាខ្មែរយ៉ាងទូលំទូលាយទាំងលើឆាកជាតិ និងអន្តរជាតិ។

បន្ថែមលើសពីនេះ លោកបណ្ឌិត សម តារា បានកោតសរសើរ និងអរគុណអាជ្ញាធរដែនដី នៅក្នុងមូលដ្ឋានស្រុកស្រុកស្វាយជ្រំ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈម និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ឬបក្ខពួកក៏ដូចជាការរក្សាស្ថិរភាព នយោបាយ ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ។

លោកបណ្ឌិត សម តារា បានអំពាវនាវប្រជាពលរដ្ឋជាពិសេសក្មេងៗ និងមនុស្សចាស់ដែលមានអាយុច្រើនត្រូវថែរក្សាសុខភាពឱ្យបានល្អ ព្រោះរដូវនេះជារដូវរងារ ដែលអាកាសធាតុចុះត្រជាក់ខ្លាំង ធ្វើឲ្យមានបញ្ហាសុខភាពដូចជាផ្តាសាយ និងជំងឺផ្លូវដង្ហើម ដូច្នេះត្រូវរស់នៅដោយអនាម័យជាប់ជានិច្ច បើមានបញ្ហាសុខភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យឲ្យបានឆាប់រហ័ស ដើម្បីជៀសផុតគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

ក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋតម្បាញក្រមា នៅស្រុកស្វាយជ្រំ លោកបណ្ឌិត សម តារា បានឧបត្ថម្ភថវិកាដល់ក្រុមការងារ ឃុំ ភូមិ និងកសិករម្ចាស់សិប្បកម្ម ដោយចំណាយថវិកាសរុបចំនួន ២ ២០០ ០០០រៀល ផងដែរ៕