(ហៃណាន)៖ សមាគមទេសចរណ៍កម្ពុជា (CATA) បានពង្រឹងទំនាក់ទំនងទិញលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍ឡើងវិញ ជាមួយដៃគូប្រតិបត្តិករទេសចរណ៍នៅខេត្តហៃណាន ប្រទេសចិន ដើម្បីរៀបចំដំណើរកម្សាន្តជូនភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យកាន់តែល្អប្រសើរ។

ការបញ្ជាក់នេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី ឆាយ ស៉ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) និងសមាជិកក្រុមប្រឹក្សាភិបាលសមាគម ទៅកាន់ខេត្តហៃណាន ប្រទេសចិន នាពាក់កណ្ដាលខែមករា ឆ្នាំ២០២៥នេះ។ ក្រោមការសម្របសម្រួលរបស់អគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំខេត្តហៃណាន លោកស្រី ឆាយ ស៉ីវលីន និងក្រុមប្រឹក្សាភិបាលសមាគមទេសចរណ៍កម្ពុជា (CATA) បានជួបពិភាក្សាការងារជាមួយសមាគមទេសចរណ៍ចិនខេត្តហៃណាន ដោយមានការជជែកអំពីកិច្ចសហប្រតិបត្តិការ និងយន្តការទាក់ទាញភ្ញៀវទេសចរទៅវិញទៅមក ពិសេសទាក់ទាញទេសចរមកកាន់កម្ពុជា។

ភាគីទាំងពីរបានលើកឡើងនូវអ្វីដែលជាភាពខ្លាំង និងភាពខ្សោយរៀងៗខ្លួន ដើម្បីបង្ហាញនូវការទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ ក៏ដូចជាដើម្បីរកយន្តការកែតម្រូវ បំពេញភាពខ្វះចន្លោះនូវចំណុចខ្វះខាតទាំងឡាយឱ្យបានល្អប្រសើរឡើងវិញ ពិសេសគឺតម្រែតម្រូវតាមចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរចិនផងដែរ។

ភាគីចិនបានស្នើឱ្យភាគីកម្ពុជាសូមបន្តពង្រឹងបន្ថែមទៅលើគុណភាពសេវាកម្ម និងគុណភាពផលិតផលទេសចរណ៍ ហើយក៏ត្រូវពិចារណាលើការបញ្ចុះតម្លៃឱ្យបានសមរម្យជូនភ្ញៀវទេសចរចិន រួមទាំងការពង្រឹងសុវត្ថិភាពក្នុងការដើរកម្សាន្តជាដើម។ ម្យ៉ាងវិញទៀត ភាគីចិនក៏បានស្នើឱ្យមានការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ថ្មីៗនៅកម្ពុជាទៅកាន់ទីផ្សារទេសចរណ៍ចិន និងបង្កើនការផលិតក្នុងស្រុក ដូចជា វត្ថុអនុស្សាវរីយ៍ ផលិតផលសិប្បកម្ម ផលិតផលហត្ថកម្ម ក៏ដូចជាបង្កើតនិងបង្កើនទម្លាប់ការផ្ដល់ជូនកាដូអនុស្សាវរីយ៍ជូនភ្ញៀវទេសចរ ក្នុងពេលពួគគាត់ចូលទៅទស្សនាទីតាំង ឬគោលដៅនីមួយៗនោះ។

សមាគមទេសចរណ៍ចិនខេត្តហៃណានក៏បានបង្ហាញនូវគន្លឹះមួយចំនួនក្នុងការទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរចិន នោះគឺការទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅក្នុងពេលពួកគាត់មកដល់កម្ពុជា ការយកចិត្តទុកដាក់ចំពោះបដិសណ្ឋារកិច្ច ភ្ញៀវទេសចរចិនក៏ចូលចិត្តទៅទស្សនាគោលដៅដែលផ្សារភ្ជាប់ជាមួយជីវភាពប្រជាពលរដ្ឋក្នុងស្រុក ក៏ដូចជាទីតាំងផលិតផលិផលសិប្បកម្ម ផលិតផលហត្ថកម្ម ពិសេសភ្ញៀវទេសចរចិនក៏នឹងរីករាយបន្ថែមទៀតដែរ ប្រសិនបើមានការប្រគល់កាដូអនុស្សាវរីយ៍ជូនពួកគាត់។

ភាគីកម្ពុជាដែលតំណាងលោកស្រី ឆាយ ស៉ីវលីន បានឯកភាពចំពោះការលើកឡើងនូវចំណុចដ៏មានសារសំខាន់របស់ភាគីចិនខាងលើនេះ ហើយប្ដេជ្ញាបន្តពង្រឹងការទទួលបដិសណ្ឋារកិច្ចឱ្យកាន់តែល្អជាងមុនចំពោះភ្ញៀវទេសចរ ពិសេសនឹងរួមគ្នាបង្កើនទម្លាប់រៀបចំជាកាដូអនុស្សាវរីយ៍ជូនភ្ញៀវទេសចរ។

លោកស្រីប្រធានសមាគមបានផ្សព្វផ្សាយពីកត្តាសុខសន្តិភាព សុវត្ថិភាពសាធារណៈនៅប្រទេសកម្ពុជា ព្រមទាំងការរីករាយស្វាគមន៍ចំពោះភ្ញៀវទេសចរ ការអភិវឌ្ឍផលិតផលនិងភាពទាក់ទាញនៅតាមគោលដៅទេសចរណ៍នានា ដែលបម្រើដល់សេចក្ដីត្រូវការរបស់ភ្ញៀវទេសចរចិន។

យ៉ាងណាក៏ដោយ លោកស្រី ឆាយ ស៉ីវលីន បានស្នើដល់សមាគមទេសចរណ៍ចិនខេត្តហៃណាន សូមបង្កើនការលក់កញ្ចប់ទស្សនកិច្ចជូនភ្ញៀវទេសចរចិនមកទស្សនានៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីជំរុញដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ក៏ដូចជាចូលរួមជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនកម្ពុជា-ចិន៕