(តាកែវ)៖ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានឃុំដូង បានថ្លែងថា ជ័យជម្នះ ៧ មករា ១៩៧៩ គឺជាគីឡូម៉ែត្រ ចេញដំណើរប្រកបដោយភាពស្វាហាប់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសកម្ពុជាពីចំណុចសូន្យមកកាន់ការអភិវឌ្ឍជាលំដាប់ ពីប្រទេសដែលស្ថិតនៅក្នុងភាពក្រីក្រខ្លាំងក្លាយជាប្រទេសដែលត្រៀមខ្លួនរួចជាស្រេចនៅក្នុងការចាកចេញពីប្រទេសកំពុងអភិវឌ្ឍតិចតួចដោយឈរយ៉ាងរឹងមាំលើទម្រសន្តិភាពយ៉ាងពេញបរិបូរណ៍ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
ការថ្លែងបែបនេះរបស់លោក កឹមរ័ត្ន វិសិដ្ឋ បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសលោកដឹកនាំសិស្សានុសិស្ស និស្សិត បញ្ញវន្ត មន្ត្រីរាជការ កម្មករ-កម្មការិនី ប្រជាជនសរុប៣០៨នាក់ ជួបជុំគ្នាដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ៧ មករា (១៩៧៩-២០២៥) នៅឃុំដូង ស្រុកបាទី ខេត្តតាកែវ។
លោកបានបន្តថា តាមរយៈអគ្គមគ្គុទេសក៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ប្រទេសកម្ពុជាបានក្លាយជារដ្ឋអធិបតេយ្យ មានសន្តិភាពពេញបរិបូរណ៍ មានស្ថិរភាពនយោបាយសេរីពហុបក្ស លំហសេរីភាពពេញលេញ មានការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងខ្លាំងក្លាដែលជាទីតាំងស្រូបទាញវិនិយោគិន និងទេសចរបរទេស និងជាទីតាំងប្រារព្ធវេទិកាអន្តរជាតិនានាទាំងក្នុងកម្រិតតំបន់ ទាំងកម្រិតពិភពលោក។
លោក កឹមរ័ត្ន វិសិដ្ឋ បានបន្ថែមថា ជាសច្ចភាពដែលប្រជាជាតិកម្ពុជាឯកភាពគ្នាថា គណបក្សប្រជាជនកម្ពុជា គឺជានិម្មិតរូបនៃការថែរក្សាសុខសន្តិភាព ការផ្លាស់ប្តូរកាន់តែប្រសើរ កាន់តែមានវិបុលភាព កាន់តែមានសុខដុម ដោយប្រជាជនកម្ពុជាមានសេរីភាពពេញលេញស្របតាមរដ្ឋធម្មនុញ្ញ។
ក្នុងនាមប្រជាជនទាំងអស់រស់ក្នុងឃុំដូង លោក ណុប ទូច មេឃុំឃុំដូង បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានឃុំដូងដែលតែងបានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅនិងសុខដុមរមនារបស់ប្រជាជន បង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ពង្រីកការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបានកៀគរសប្បុរសជនទាំងជាតិ ទាំងអន្តរជាតិមកចូលរួមនៅក្នុងរង្វង់នៃការអភិវឌ្ឍមូលដ្ឋានតាមបន្ទាត់នយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់ៗអាណត្តិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
លោក ឌុច ហាក់ នាយកវិទ្យាល័យ គិតម៉េង ប្រាសាទ តំណាងបញ្ញវន្តដែលបានចូលរួមក្នុងអង្គពិធីនេះបានថ្លែងអំណរគុណដល់គណបក្សប្រជាជនកម្ពុជា ហើយប្រជាជនកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តមរតកស្មារតី ៧មករា ឱ្យស្ថិតស្ថេរអមតៈ ហើយលោកគាំទ្រទាំងស្រុងនូវប្រសាសន៍របស់លោក កឹមរ័ត្ន វិសិដ្ឋ ដែលបានរំលេចថា «តាមរយៈការរួមគ្នារបស់ប្រជាជនកម្ពុជាជ្រោងទង់ស្មារតី ៧មករាដែលមានគណបក្សប្រជាជនកម្ពុជាជាគណបក្សដឹកនាំប្រទេស គឺជាការធានាយ៉ាងពេញលេញបាននូវវប្បធម៌សន្តិភាព និងបង្កើនសន្ទុះនៃការអភិវឌ្ឍសង្គមកម្ពុជា»៕