(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ បានប្រកាសថា គិតត្រឹមរយៈពេល៩ខែ ដើមឆ្នាំ២០១៦នេះ ក្រសួងការងារ បានចុះធ្វើអធិការកិច្ចការងារបានចំនួន ៦,៥១៨លើក, ដាក់កំហិតដល់សហគ្រាស-គ្រឹះស្ថាន ដែលបានល្មើសច្បាប់ស្ដីពីការងារចំនួន៦៨១កន្លែង និងបានធ្វើការផាកពិន័យ ៥៦កន្លែង។
កម្មវិធីការងារសមរម្យ សម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៦-២០១៨ នាសណ្ឋាគារអ៉ីនធឺរខន ដោយមានការចូលរួមពី ក្រសួងការងារ, អង្គការអន្តរជាតិខាងការងារ (ILO), សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងតំណាងសហជីពកម្មករ ផងដែរ។
លោករដ្ឋមន្រ្តីបានឱ្យដឹងថា ក្រសួងបានចុះធ្វើកំណែទម្រង់ យន្តការអធិការកិច្ចការងារ ពីការចុះធ្វើអធិការកិច្ចការងារច្រើនក្រុមដោយឡែកៗ របស់នាយកដ្ឋាន និងអង្គភាពជំនាញក្រោមឱវាទក្រសួង មកដាក់ជាក្រុមអធិការកិច្ចការងារឯកភាពចំនួន ៤៩ក្រុម ទាំងថ្នាក់ដឹកនាំកណ្ដាល និងរាជធានី-ខេត្ត និងបានរៀបចំបទដ្ឋានវាយតម្លៃមួយ សំដៅធានានូវការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យការងារ។
លោកបញ្ជាក់ថា «គិតត្រឹមរយៈពេល ៩ខែ ដើមឆ្នាំ២០១៦នេះ ក្រសួងការងារបានចុះធ្វើអធិការកិច្ចការងារបានចំនួន ៦,៥១៨លើក ដាក់កំហិត ៦៨១សហគ្រាស-គ្រឹះស្ថាន និងធ្វើការផាកពិន័យ ៥៦សហគ្រាស-គ្រឹះស្ថាន ដែលបានល្មើសនឹងច្បាប់ស្ដីពីការងារ»។
លោកបន្តថា «ដំបូងយើងចុះធ្វើអធិការកិច្ចសិន បើឃើញថាល្អយើងនឹងធ្វើការដាក់ពិន្ទុល្អ តែបើមានការខ្វះខាត ក្នុងចំណុចណាមួយ ទោះដោយចេតនាក្ដី និងអចេតនាក្ដី យើងមាននីតិវិធីព្រមានជាមុខសិន បន្ទាប់ពីការព្រមានយើងទុកពេលកំណត់មួយ ដើម្បីឱ្យធ្វើការកែប្រែ តែបើនៅតែមិនកែប្រែទេ ក្រសួងនឹងចុះផាកពិន័យ ហើយបើនៅតែមិនព្រមបង់ផាកពិន័យទៀត ដំណាក់កាលចុងក្រោយ គឺមាននីតិវិធីបញ្ជូនទៅតុលាការតែម្ដង»។
សូមជម្រាបថា កម្មវិធីការងារសមរម្យ សម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៦-២០១៨ថ្មីនេះ ត្រូវបានរៀបចំឡើង តាមរយៈកិច្ចពិគ្រោះយោបល់ ជាលក្ខណៈត្រីភាគីជាបន្តបន្ទាប់ រហូតទទួលបានការអនុម័តជាផ្លូវការ ដោយសិក្ខាសាលាត្រីភាគីថ្នាក់ជាតិ កាលពីខែឧសភា ឆ្នាំ២០១៦ ដោយផ្ដោតលើការបង្កើនលទ្ធផលការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយចីរភាព ក៏ដូចជាដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការងារសមរម្យ និងការអភិវឌ្ឍនានា ដែលមានការចូលរួមគាំទ្រពីអង្គការអន្តរជាតិខាងការងារ (ILO) ផងដែរ៕