(ភ្នំពេញ)៖ ភាពយន្តបែបកំប្លែងដ៏ល្បីល្បាញ នៅក្នុងប្រទេសថៃ «តៃកុងផ្តាច់ព្រលឹង» ឬ «Fast 888» បានមកបង្ហាញវត្តមាន នៅក្នុងប្រទេសកម្ពុជា ក្នុងថ្ងៃនេះហើយ ដោយបានរៀបចំបញ្ចាំង តាមបណ្ដារោងភាពយន្ត Legend គ្រប់សាខាផ្សារទំនើបទាំងអស់ក្នុងក្រុងភ្នំពេញ ដើម្បីឲ្យអ្នកទស្សនា បានសើចកំសាន្តសប្បាយ ប្លែកអារម្មណ៍ ជាមួយនឹងរសជាតិថ្មី នៃភាពយន្តរបស់ប្រទេសជិតខាង។
កញ្ញា Vorn Sothy ប្រធានទីផ្សារនៃរោងភាពយន្ត Legend មានថ្លែងបញ្ជាក់ថា រោងភាពយន្ត Legend បានសហការជាមួយនឹង Sabay MDP នាំយកនូវខ្សែភាពយន្តល្អៗ មកបញ្ចាំងជូន ទស្សនិកជន ជាពិសេស Fan របស់រោងភាពយន្ត លេជេន ទាំងអស់ ដើម្បីកំសាន្តសប្បាយភ្នែក សើច បាត់អស់ទុក្ខកង្វល់។ ជាក់ស្ដែងថ្ងៃនេះ រោងភាពយន្ត Legend បាននាំយករឿង «តៃកុងផ្តាច់ព្រលឹង» ឬ «Fast 888» មកបញ្ចាំងក្នុងរោងភាពយន្ត ហើយជឿជាក់ថា នឹងមិនធ្វើឲ្យ Fan ទាំងអស់ខកបំណងឡើយ ពេលបានចូលទស្សនា។
ប្រធានទីផ្សាររូបនេះ ក៏បានថ្លែងអំណរគុណ ដល់ Fan របស់រោងភាពយន្ត Legend ទាំងអស់ ដែលតែងតែ គាំទ្ររាល់សកម្មភាពរបស់រោងភាពយន្ត ជាពិសេសគាំទ្រនូវ ភាពយន្តខ្នាតធំថ្មីៗ ដែលបានចាក់បញ្ចាំងនាពេលកន្លងមក និងក្នុងពេលនេះ។
ដោយឡែកលោក សុខ សិរីសោភា ប្រធានទីផ្សាររបស់ក្រុមហ៊ុន Sabay MDP បានបញ្ជាក់ថា ក្រុមហ៊ុនសប្បាយអឹមឌីភី បាននាំយកនូវខ្សែភាពយន្ត រឿង«តៃកុងផ្តាច់ព្រលឹង» ឬ «Fast 888» ពីប្រទេសថៃ ដើម្បីបញ្ចាំងក្នុងប្រទេសកម្ពុជា ព្រោះបើតាមដឹង គ្រាន់តែរឿងនេះ បញ្ចាំងនៅក្នុងប្រទេសថៃ តែរយៈពេល១សប្ដាហ៍ប៉ុណ្ណោះ អាចរកចំណូលបាន១០០លានបាត ទៅហើយ គឺឃើញថា មានការគាំទ្រយ៉ាងខ្លាំង។ រឿង «Fast 888» ជារឿងភាគទី២ បន្តពីរឿង «ព្រះតេជគុណ4G» ដែលទទួលបានការគាំទ្រខ្លាំង ពេលដាក់បញ្ចាំង។
លោកបន្តថា រឿង «តៃកុងផ្តាច់ព្រលឹង» ឬ «Fast 888» ជាប្រភេទរឿងបែបកំប្លែង ក្នុងន័យអប់រំ ដល់អុ្នកបើកបរទាំងអស់ កុំបើកបរក្នុងភាពលេងសើច កុំប្រជែងគ្នា ព្រោះមានមនុស្សច្រើន ជិះក្នុងរថយន្ត ដែលកំពុងតែផ្ញើវាសនាលើខ្លួន។ តួសម្ដែងក្នុងរឿងនេះ ក៏មានអ្នកគាំទ្រ នៅក្នុងប្រទេសកម្ពុជា ច្រើនណាស់ដែរ។
យ៉ាងណាមិញ ប្រធានទីផ្សាររូបនេះ បានបង្ហាញក្ដីរំពឹងថា រឿង «តៃកុងផ្តាច់ព្រលឹង» ឬ «Fast 888» អាចនឹងមានអ្នកចូលទស្សនា ប្រមាណជាង១០ម៉ឺននាក់ ព្រោះតែរឿងនេះ មានសារអប់រំច្រើន ជាងរឿងមុនៗ ជាពិសេសគឺអប់រំដល់តៃកុងឡាន ពេលបើកបរតែម្ដង៕