(ភ្នំពេញ)៖ បន្ទាប់ពីបុគ្គលិកទូរទស្សន៍ Channel News Asia មួយក្រុមបានចូលទៅក្នុងបន្ទប់លោក កឹម សុខា នៅក្នុងទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ក្នុងរាជធានីភ្នំពេញកាលពីសប្តាហ៍មុន លោក កឹម សុខា ប្រធានស្តីទីគណបក្សបានទទួលស្គាល់ថា លោកមិនឯកភាពចំពោះការសម្រេចរបស់លោក សម រង្ស៊ី ដែលនៅតែនិរទេសខ្លួនដើម្បីគេចពីទោសជាប់ពន្ធនាគាររយៈពីរឆ្នាំនោះឡើយ។
លោក កឹម សុខា បានថ្លែងថា «ប្រសិនបើលោក សម រង្ស៊ី វិលមកធ្វើការជាមួយខ្ញុំវិញ វាប្រសើរជាងខ្ញុំនៅម្នាក់ឯង។ ប៉ុន្តែប្រសិនបើគាត់សម្រេចមិនត្រឡប់មកវិញទេ យើងនៅតែអាចដឹកនាំគណបក្សដោយគ្មានគាត់បានដដែល»។
សារព័ត៌មាន Cambodia Daily ចេញផ្សាយថ្ងៃទី១៩ ខែតុលានេះថា «ប៉ុន្មានថ្ងៃក្រោយមកកញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ដែលជាអនុប្រធាន ផ្នែកកិច្ចការ សាធារណៈនៅក្នុងគណបក្សនេះ បានបន្តរិះគន់ចំពោះបំណង វិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី តាមរយៈគេហទំព័របណ្តាញ ទំនាក់ទំនងសង្គមទ្វីតធើ»។ កញ្ញាបានសរសេរក្នុងទំព័រទ្វីតធើកាលពីម្សិលមិញ អមដោយអត្ថបទរបស់កាសែតខេមបូឌា ដេលី ស្តីអំពីសំណើសុំដោះដូរអ្នកទោសថា «មានមនុស្សមើលទូរទស្សន៍ ច្រើនណាស់នៅពេលទំនេរ ប្រសិនបើលោកគោរពទស្សនិកជន យ៉ាងហោចណាស់លោកគួរតែធ្វើឲ្យការ ភូតកុហករបស់លោកមើល ទៅគួរទុកចិត្ត បានផង»។
ការលើកឡើងរបស់កញ្ញា កឹម មនោវិទ្យា បែបនេះធ្វើឡើងបន្ទាប់ពីលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ នៅក្នុងឱកាសចុះសួរសុខទុក្ខសកម្មជន និងមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលជាប់នៅក្នុងពន្ធនាគារព្រៃស នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ បាននាំនូវការថ្លែងរបស់លោក សម រង្ស៉ី ប្រាប់ទៅសកម្មជន និងមន្រ្តីគណបក្សសង្រ្គោះជាតិ អំពីបំណងរបស់គាត់ដែលចង់ ជាប់ពន្ធនាគារជំនួសពួកគេ។
កាសែត Cambodia Daily ចេញផ្សាយនៅថ្ងៃនេះឲ្យដឹងបន្តទៀតថា «នៅពេលសួរកាលពីសប្តាហ៍មុនពាក់ព័ន្ធនឹងការលើកឡើងនេះកញ្ញា កឹម មនោវិទ្យា បានលើកឡើងថា គណបក្សសង្គ្រោះជាតិនៅតែមានដំណើរការដូចធម្មតា ដូចមុនការបោះឆ្នោតឆ្នាំ២០១៣ដែរ ទោះគ្មានលោក សម រង្ស៊ី ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ»។ កញ្ញាបានសរសេរថា «សមាជិកគ្រប់រូបមានតួនាទីបំពេញរៀងៗខ្លួន ការខំពុះពារនៅទីនេះ ហេតុដូច្នេះបើយើងមាន មនុស្សកាន់តែច្រើននៅទីនេះ វាកាន់តែប្រសើរ»។
បន្ទាប់ពីមានការលើកឡើងរបស់លោក សម រង្ស៊ី ចង់ជាប់គុកជំនួសមន្រ្តីរបស់ខ្លួន ត្រូវបានលោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះថា កម្ពុជាមិនមានច្បាប់ឱ្យជាប់ពន្ធនាគារជំនួសនៅទេ ហើយការអនុវត្តទោសត្រូវធ្វើចំពោះបុគ្គលជាចារី អ្នកសមគំនិត អ្នកផ្តើមគំនិត ដែលជាទណ្ឌិតដោយផ្ទាល់។
លោក លី សុផាណា បន្តថា «ពន្ធនាគារឬមណ្ឌលអប់រំកែប្រែជាកន្លែងសម្រាប់អនុវត្តទោសទៅលើទណ្ឌិត និងសម្រាប់អប់រំកែប្រែជនទាំងនេះដើម្បី ធ្វើសមាហរណកម្មទៅក្នុងសង្គម ក្រោយពីអនុវត្តទោសរួចជាស្ថាពរ។ ការអនុវត្តទោសត្រូវធ្វើចំពោះបុគ្គលជាចារី អ្នកសមគំនិត អ្នកផ្តើមគំនិត ដែលជា ទណ្ឌិតដោយផ្ទាល់និងមិនអាចជំនួសបាន។ ពន្ធនាគារនេះក៏ជាទីកន្លែងសម្រាប់អនុវត្តនូវការឃុំខ្លួនលើជនត្រូវចោទ ឬជនជាប់ចោទ ឬពិរុទ្ធជនដែលត្រូវបានចោទប្រកាន់ ឬប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ហើយមិនអាចជំនួសដោយបុគ្គលដទៃនោះឡើយ»។
សូមបញ្ជាក់ថា លោក សម រង្ស៉ី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ ពាក់ព័ន្ធនឹងករណីបរិហារកេរ្តិ៍លើ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។ ពេលនេះ លោកក៏កំពុងញ៉ាំញីដោយពាក្យបណ្តឹង ដោយសារតែការចោទប្រកាន់ ទៅបុគ្គលមួយចំនួននៅជួររាជរដ្ឋាភិបាល ក្នុងនោះមានបណ្តឹងបរិហារកេរ្តិ៍លើ សម្តេច ហេង សំរិន, បណ្តឹងបរិហារកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាបណ្តឹង មួយផ្សេងទៀត ពាក់ព័ន្ធនឹងការបង្ហោះឯកសារក្លែង បំបែកចេញពីសំណុំរឿង លោក ហុង សុខហួរ ជាដើម៕