(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាកុលធីតាខ្មែរដ៏គំរូមួយរូប ទាំងក្នុងសកម្មភាពការងារមនុស្សធម៌ជួយដល់ជនងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅកម្ពុជា ហើយក៏ជាពុទ្ធសាសនិកមួយរូប ដែលតែងតែទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ, នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ បានចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា នាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន វេរប្រគេន សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ព្រះចៅអធិការវត្តឧណ្ណាលោម ដើម្បីប្រគេនព្រះភិក្ខុសង្ឃ និងសាមណសង្ឃជាច្រើនរយអង្គ គង់នៅវត្តឧណ្ណាលោម។
ក្នុងឱកាសនោះ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី បានញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងបានវេរប្រគេននូវបច្ច័យមួយចំនួន និងទេយ្យវត្ថុរួមមាន៖ អង្ករ ១០តោន, ត្រីខ ៥កេសធំ, មី ២០កេស, អូវ៉ាន់ទីន ២កេស, ទឹកគោឆៅ ១កេស និង១កន្ដ្រក, ទឹកត្រចៀកកាំ ១កន្ដ្រក, ទឹកផ្លែឈើ ១កន្ដ្រក, ត្រីងៀត ១កន្ដ្រក, សាច់ក្រក ១កន្ដ្រក កាហ្វេហ្គូរូស ២កន្ដ្រកធំ, ទឹកសុទ្ធ ១០កេស, ទឹកក្រូច ១០កេស, ទឹកដោះខាប់, និងលៀង ចំនួន ៣ រួមទាំងបច្ច័យមួយចំនួនទៀត វេរប្រគេនព្រះចៅអធិការវត្ត និងព្រះសង្ឃចំនួន ២អង្គទៀត។
ការចាត់តំណាងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តឧណ្ណាលោម សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺតែងតែធ្វើជារៀងរាល់ឆ្នាំ ហើយក៏មានប្រគេននៅតាមវត្ដអារាមផ្សេងៗទៀត ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដ ក្នុងឱកាសដើមឆ្នាំថ្មី២០២៥នេះ។
ក្នុងឱកាសនេះដែរ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេសការគិតគូរពីសុខុមាលភាពចំពោះព្រះសង្ឃគ្រប់ៗព្រះអង្គ។ ជាមួយគ្នានេះដែរ លោកស្រីបណ្ឌិត ក៏បានប្រគេនពរដល់ព្រះសង្ឃ គ្រប់ព្រះអង្គ សូមមានព្រះសុខភាពល្អបរិបូរណ៍ ដើម្បីបន្តទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យគង់វង្សតទៅ។
លោកស្រីបណ្ឌិត អ៊ុក ម៉ាលី ក៏ បានឱ្យដឹងទៀតថា វត្តឧណ្ណាលោម មិនត្រឹមតែជាទីគោរពសក្ការៈសម្រាប់ពុទ្ធបរិស័ទគ្រប់ទិសទីប៉ុណ្ណោះទេ ថែមទាំងជាថ្នាលបណ្តុះបណ្តាលពុទ្ធិដល់សាមណសង្ឃ ខណៈដែលវត្ដមានឧណ្ណាលោម មានព្រះសង្ឃរហូតដល់ទៅ ៤០៧អង្គ និងមានកូនសិស្សលោកចំនួន ១៩៥នាក់ ដែលងាយរងនឹងការខ្វះខាតចង្ហាន់ និងការចំណាយផ្សេងៗលើការសិក្សារៀនសូត្រ ដូច្នេះហើយទើបសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគិតគូរ និងឧបត្ថម្ភនូវបច្ច័យ និងទេយ្យវត្ថុខាងលើនេះ។
ទន្ទឹមនឹងនោះ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ព្រះចៅអធិការវត្តឧណ្ណាលោម បានសម្ដែងនូវទឹកចិត្ដដ៏រីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសុខុមាលភាពរបស់ព្រះសង្ឃ និងតែងតែលើកទឹកចិត្ត ចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន ហើយជាពិសេសតែងតែជួយសម្រាលការលំបាកដល់ព្រះសង្ឃដែលគង់នៅក្នុងវត្ត។
ព្រះចៅអធិការវត្ដប្រពើហារ ក៏បានជូនពរសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ទន្ទឹមនឹងនោះ ព្រះចៅអធិការវត្តឧណ្ណាលោម សូមឧទ្ទិសមហាកុសលផលបុណ្យនាថ្ងៃនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន, លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ប្អូនស្រីបង្កើតសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ហ៊ុន កំសត់ កូនប្រុសច្បង សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងឧទិ្ទសមហាកុសល ជូនដួងវិញ្ញាណក្ខ័ន្ធ ជីដូន ជីតា និងញាត្ដិការទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅកាន់បរលោក៕