(កំពង់ធំ)៖ លោក ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំបន្ទាយស្ទោង ដែលជាសមិទ្ធផលថ្មីរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់បម្រើជាប្រយោជន៍ដ៏សំខាន់ដល់កិច្ចការទូទៅរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។
ពិធីនេះមានការចូលរួមជាកិត្តិយសពីលោក នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ ព្រមទាំងសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា និងក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងស្រុកស្ទោងសរុបជាង៨០០នាក់។
លោកបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត ជូនដល់ថ្នាក់ដឹកនាំ សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់កម្រិតថ្នាក់នៅទូទាំងស្រុកស្ទោងទាំងមូល។
លោក ថោ ជេដ្ឋា បានបញ្ជក់ថា ក្នុងស្មារតីនៃការចងចាំនិងដឹងគុណថ្ងៃជ័យជម្នះ៧មករា ប្រជាជនកម្ពុជានៅទូទាំងប្រទេសបានចូលរួមអបអរសាទរថ្ងៃជាប្រវត្តិសាស្ត្រដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងចងចាំជានិច្ចនូវគុណូបការរបស់វីរកម្មាភិបាល យុទ្ធជន-យុទ្ធនារីនៃកងកម្លាំងប្រដាប់អាវុធបដិវត្តកម្ពុជា ដែលបានធ្វើពលិកម្មយ៉ាងអង់អាចលើសមរភូមិ ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ និងការពារការរស់ឡើងវិញរបស់ប្រជាជន។
លោកបានសង្កត់ធ្ងន់ថា ចាប់តាំងពីលោកត្រូវបានតែងតាំងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង អ្វីដែលគិតមុនគេនោះ គឺសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការកសាងអគារស្នាក់ការគណបក្សឱ្យបានគ្រប់ឃុំ ក្នុងស្រុកស្ទោង។
លោកបានបញ្ជាក់ថា សមិទ្ធផលអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំបន្ទាយស្ទោង ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះបានបង្ហាញឱ្យឃើញពីភាពរីកចម្រើន ច្បាស់លាស់ និងភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់។ អគារនេះត្រូវបានកែលម្អសាងសង់ពង្រីកឱ្យធំជាងមុន ដោយមានបន្ទប់ការិយាល័យធ្វើការ និងបន្ទប់ប្រជុំ ព្រមទាំងមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត សម្រាប់បម្រើដល់ការងាររបស់មន្ត្រីគណបក្ស កិច្ចប្រជុំ និងការជួបជុំនានារបស់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះ លោក ថោ ជេដ្ឋា បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមាជិក-សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានរួបរួមគ្នាបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ជូនគណបក្ស និងជាតិមាតុភូមិ។
សូមបញ្ជាក់ថា នៅទូទាំងស្រុកស្ទោងមានសមាជិកគណបក្សប្រជាជនកម្ពុជាសរុបចំនួន៥០៦២៣នាក់ ស្រីចំនួន២៨៤៦២នាក់ ក្នុងនោះឃុំបន្ទាយស្ទោងមានចំនួន៤៧២៩នាក់ និងបានកសាងសមាជិកថ្មីចំនួន២៩៣នាក់ (ស្រីចំនួន១៥៣នាក់)៕