(ភ្នំពេញ)៖ សម្ភារព័ត៌មានវិទ្យា ដែលជាអំណោយរបស់កងទ័ពប្រជាជនវៀតណាម ត្រូវបានផ្តល់ជូនទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាន ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ ខៀវ សុខា នាយករងទីចាត់ការបុគ្គលិក តំណាងឧត្តមសេនីយ៍ឯក ជឹម សុខ នាយកទីចាត់ការបុគ្គលិក និងលោកវរៈសេនីយ៍ឯក ង្វៀន អាញ់យុង ប្រធានការិយាលយ័អនុពន្ធ័យោធា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា។
កម្មវិធីប្រគល់ និងទទួលនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅអគ្គបញ្ជាការដ្ឋាន។
ឧត្តមសេនីយ៍ទោ ខៀវ សុខា បានសំដែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះ លោកប្រធានការិយាល័យអនុពន្ធ័យោធា និង សហការី ព្រមទាំងបានលើកឡើង ពីការជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតីទាំងសម្ភារ និងជួយបណ្តុះបណ្តាល ជំនាញការងារបុគ្គលិក ពីកងទព័ប្រជាជនវៀតណាម តួយ៉ាងថ្ងៃនេះ កងទព័ប្រជាជនវៀតណាម បានជួយជាលើកទី២ ហើយសម្ភារព័ត៌មានវិទ្យា នឹងត្រូវយកទៅបំពាក់ជូន ៦អង្គភាព រួមមាន យោធាភូមិភាគទី១, ទី២, ទី៤, យោធាភូមភាគពិសេស, បញ្ជាការដ្ឋានរថក្រោះ និងបញ្ជាការដ្ឋានបញ្ជូនសារអគ្គបញ្ចាការ។
លោកឧត្តមសេនីយ៍ បានសំដែងនូវការអរគុណ យ៉ាងជ្រាលជ្រៅចំពោះ ការជួយឧបត្ថម្ភទាំងផ្នែកសម្ភារបច្ចេកទេស និង ការបណ្តុះបណ្តាលធនធានមនុស្សដល់ទីចាត់ការបុគ្គលិក ពីសំណាក់កងទព័ប្រជាជនវៀតណាម សបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ពីការ ខិតខំប្រឹងប្រែងធ្វើឲ្យកិច្ចសហប្រតិបត្តិការល្អ រវាងទីចាត់ការបុគ្គលិក អគ្គបញ្ចាការ និងក្រសួងការពារប្រទេសវៀតណាម ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានភាពរឹងមាំ និងស្អិតរមួតបន្ថែមទៀត។
ក្នុងពិធីប្រគល់ទទួលសម្ភារព័ត៌មានវិទ្យានេះ លោកវរសេនីយ៍ឯក ង្វៀន អាញ់យុង បានលើកឡើងពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ជាពិសេសកងទ័ពប្រជាជនទាំងពីរ និងទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាន កាន់តែមានប្រសិទ្ធភាពល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ មានភាពរឹងមាំជាអមតៈ។
លោកប្រធានការិយាល័យ អនុពន្ធ័យោធាវៀតណាម បានលើកឡើងថា ជំនួយឧបត្ថម្ភសម្ភារបច្ចេកទេសព័ត៌មានវិទ្យានេះ គឺជាការជួយបង្កើនចំណេះជំនាញ ដល់កងយោធពលខេមរភូមិន្ទបន្ថែមទៀត ពិសេសការរឹតចំណងសាមគ្គីភាព មិត្តភាព ការជឿទុកចិត្ត និងគាំទ្រគ្នាទៅវិញទៅមក៕