Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សត្វ «ស្មោញ» ប្រមាណ ៦ពាន់គូ កំពុងបន្តពូជពងកូន និងរស់នៅដោយសុខសាន្តនៅតំបន់រ៉ាមសារព្រែកទាល់ (Video inside)

11-01-2025 12:47

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា បច្ចុប្បន្នមានសត្វស្មោញ ដែលឈ្មោះភាសាអង់គ្លេស៖ Oriental Darter និងឈ្មោះវិទ្យាសាស្ត្រោស៖ Anhinga melanogaster ចំនួន ៦,០០០គូ កំពុងបន្តពូជពងកូន និងរស់យ៉ាងសុខសាន្តនៅតំបន់រ៉ាមសារព្រែកទាល់ (បឹងទន្លេសាប)។

យោងតាមក្រសួងបរស្ថាន បានបន្ថែមថា តំបន់រ៉ាមសារព្រែកទាល់ (បឹងទន្លេសាប) គឺជាតំបន់ការពារធម្មជាតិ និងជាជម្រកជីវៈចម្រុះរស់នៅយ៉ាងសុខដុមរមនា។ ដោយបច្ចុប្បន្ននេះ ត្រូវបានក្រុមអ្នកជំនាញសង្កេតឃើញមានសត្វស្មោញ ចំនួន៦,០០០គូ កំពុងបន្តពូជពងកូន នៅតំបន់រ៉ាមសារព្រែកទាល់ (បឹងទន្លេសាប)។

គួរបញ្ជាក់ថា សត្វស្មោញ ( Oriental Darter) ជាប្រភេទបក្សីដែលមានកវែងដូចជាសត្វពស់ ចំពុះរបស់វាស្រួចដូចដាវ សំបុរពណ៌ខ្មៅ កន្ទុយវែង ឆូតសវែងៗនៅផ្នែកខ្នង។ វារស់នៅតាមតំបន់ បឹង វាលភក់ និងទន្លេធំៗ។ សត្វនេះគេសង្កេតឃើញថា មានវត្តមានពេញមួយឆ្នាំ និងមានបន្ទាយពងកូនដ៏ធំនៅតំបន់ព្រែកទាល់ បឹងទន្លេសាប និងនៅតាមតំបន់មួយចំនួននៅភាគខាងជើងនៃប្រទេសកម្ពុជា។

ស្មោញជាប្រភេទសត្វបក្សីធំ មានកម្ពស់ពី៨៥ ទៅ ៩៧សង់ទីម៉ែត្រ។ បក្សីប្រភេទនេះមានលក្ខណះពិសេស ដោយវាអាចហែល និងមុជទឹក មើលទៅដូចជាសត្វពស់អញ្ចឹង។គេអាចសម្គាល់វាដូច្នេះដោយ ក វាមើលទៅវែងដូចពស់ ជាពិសេស ពេលវាចុះហែលក្នុងទឹក ចំណែកចំពុះស្រួចដូចដាវ និងមានសម្បុរពណ៌ខ្មៅ កន្ទុយវែង ឆូតសវែងៗនៅផ្នែកខ្នង។ ស្មោញជាប្រភេទជិតទទួលរងការគំរាមកំហែង តាមចំណាត់ថ្នាក់របស់អង្គការ IUCN៕