(កណ្តាល)៖ លោក ណុប រ័ត្នមល សមាជិកគណៈកម្មការកណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកណ្កាលស្ទឹង តំណាងកិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្កាល នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញអបអរសាទររម្លឹកខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧ មករា (៧ មករា ១៩៧៩ - ៧មករា ២០២៥) នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

នាឱកាសនោះដែរ លោកបានលើកឡើងថា ទិវាជ័យជម្នះ ៧មករា គឺជាការផ្លាស់ប្ដូរកម្ពុជាឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យដូចបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សារាល់សមិទ្ធផល ដែលសម្រេចបានក្រោយថ្ងៃរំដោះ ៧មករា ឱ្យបានគង់វង្សជារៀងរហូត ដោយមិនអនុញ្ញាតឱ្យមជ្ឈដ្ឋានណាមួយមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាមួយក៏ដោយ។

លោក ណុប រ័ត្ននិមល បានគូសបញ្ជាក់ថា ជាពិសេស ត្រូវចូលរួមការពារសុខសន្តិភាព ដែលមានសព្វថ្ងៃដែលយើងបានមកដោយលំបាក ឱ្យនៅគង់វង្សយូរអង្វែងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យប្រទេសយើងកាន់តែអភិវឌ្ឍរីកចម្រើនថែមទៀត។

លោក ណុប រ័ត្ននិមល ក៏បានលើកឡើងពីគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន នៃការរំដោះប្រជាពលរដ្ឋកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាការពុះពាររបស់សម្ដេចតេជោ ហ៊ុន សែន រួមនឹងឥស្សរជនសំខាន់ជាច្រើនទៀតរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋចាត់ទុកថ្ងៃ៧មករាជាថ្ងៃកំណើតទី២ របស់ខ្លួន។

លោកបានបន្តថា មហាជ័យជម្នះ ថ្ងៃ៧ មករា ១៩៧៩ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលបានចារជាប់នៅក្នុងបេះដូងប្រជាជនកម្ពុជាគ្រប់រូប ដែលបានសង្រ្គោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់ឡើងវិញរួចផុតពីការកាប់សម្លាប់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកជូនប្រជាជនវិញនូវសិទ្ធិនិងសេរីភាពគ្រប់ បែបយ៉ាង និងបានស្តារ កសាងជាតិមាតុភូមិឡើងវិញពីគំនរផេះផង់ ឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូក រហូតមានសុខសន្តិភាព ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនភាពបំផុត។

លោក ណុប រ័ត្ននិមល បានបន្តថា នយោបាយឈ្នះឈ្នះ! ដឹងគុណជានិច្ច ស្ថាបនិកមគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។

លោកបានបញ្ជាក់ថា ការរៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ៧មករា នាឱកាសនេះប្រកបដោយបរិយាកាសដ៏សប្បាយរីករាយ ស្ថិតក្រោមដំបូលនៃសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តដឹកនាំប្រទេសជាតិ រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានដាក់ចេញនូវចក្ខុវិស័យ ប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ផង​ដែរ៕