(កណ្តាល)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ការងារសាធារណមតិ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ ជាមួយអាជ្ញាធរក្នុងខេត្តគ្រប់ជាន់ថ្នាក់។
ការលើកឡើងបែបនេះនេះរបស់លោក ទេព អស្នារិទ្ធ បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសកិច្ចការងារព័ត៌មាន និងសាធារណមតិ នៅមន្ទីរព័ត៌មានខេត្តកណ្តាល នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ម្សិលមិញ។
ជាមួយគ្នានេះដែរ លោក ទេព អស្នារិទ្ធ ក៏បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរព័ត៌មានខេត្តកណ្តាល ត្រូវពិនិត្យតាមដានរាល់ព័ត៌មានមិនពិត ព្រមទាំងទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលា រាល់ព័ត៌មានទាំងអស់ដែលបានផ្សព្វផ្សាយតាមបច្ចេកវិទ្យាទំនើប (បណ្ដាញសង្គម) ដែលធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាព សណ្ដាប់ធ្នាប់ សន្តិសុខក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេស។
អ្នកនាំពាក្យរូបនេះ បានបន្តថា៖ «មន្ទីរព័ត៌មានខេត្ត មានតួនាទីក្នុងការផលិត និងផ្សព្វផ្សាយពីគោលនយោបាយ សមិទ្ធផល សកម្មភាពនានា របស់រាជរដ្ឋាភិបាល និងរដ្ឋបាលឯកភាពខេត្តកណ្តាល ដើម្បីឱ្យប្រជាពលរដ្ឋ និងសាធារណជន នៅគ្រប់ទីសទីបានដឹង និងបានជ្រាប ព្រមទាំងបានពាំនាំនូវក្តីកង្វល់ សំណូមពរ បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋជូនដល់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តដោះស្រាយ។ ទន្ទឹមនឹងនេះដែរ មន្ទីរបានដើរតួនាទីសំខាន់ក្នុងការសម្របសម្រួលលើកិច្ចការផ្សព្វផ្សាយព័ត៌មាន និងសាធារណមតិ ក្នុងគោលបំណងសម្របសម្រួល និងដោះស្រាយបញ្ហាសាធារណមតិ សំដៅលើកកម្ពស់កិន្យានុភាព និងឧត្តមភាព សង្គមជាតិយើង»។
លោកបានបន្ថែមថា ការងារសាធារណមតិ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ ជាមួយអាជ្ញាធរក្នុងខេត្តគ្រប់ជាន់ថ្នាក់ សំដៅលើកកម្ពស់យន្តការដោះស្រាយនូវរាល់បញ្ហា និងឆ្លើយតបទាន់ពេលវេលាដើម្បីជម្រះក្ដីបារម្ភរបស់ប្រជាពលរដ្ឋ រួមចំណែកលើកស្ទួយការអភិវឌ្ឍសហគមន៍នៅទូទាំងខេត្ត ស្របតាមគោលនយោបាយ និងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងកិច្ចប្រជុំនេះដែរ អ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកណ្តាល ត្រូវដឹកនាំ គ្រប់គ្រងការតាមដាន និងផ្ទៀងផ្ទាត់ព័ត៌មាន ដែលបានចែករំលែក និងចែកចាយតាមបណ្តាញសង្គម និងតាមមធ្យោបាយផ្សេងៗ ដែលមានចរិតញុះញង់ គ្មានប្រភពច្បាស់លាស់ និងគ្មានវិជ្ជាជីវៈ ដែលបង្កផលប៉ះពាល់ អវិជ្ជមានដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់ ដែលអាចឈានដល់វិបត្តិសង្គមផ្សេងៗ។ ក្នុងន័យនេះដែរ មន្ទីរព័ត៌មានត្រូវបន្តសហការ សម្របសម្រួលជាមួយអាជ្ញាធរ មន្ទីរ និងអង្គភាពជំនាញក្នុងខេត្ត ដើម្បីចាត់វិធានការឆ្លើយតបជាបន្ទាន់ និងអាចមានវិធានការផ្លូវច្បាប់ចំពោះរាល់ព័ត៌មានបំពុលសង្គម និងបំភ័ន្តសាធារណមតិ។ មិនតែប៉ុណ្ណោះ មន្ទីរព័ត៌មានត្រូវបន្ត និងបង្កើនការផ្សព្វផ្សាយសមិទ្ធផលការងាររបស់ខេត្ត ដើម្បីធានាការទទួលព័ត៌មានត្រឹមត្រូវរបស់ប្រជាពលរដ្ឋ ក្នុងគោលដៅកសាងជំនឿទុកចិត្តរបស់សាធារណជនបន្ថែមទៀតមកលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។
បើតាមលោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤នេះ មន្ទីរព័ត៌មានខេត្តកណ្តាល ផលិតព័ត៌មាន បានចំនួន ៨,៦១៥អត្ថបទ និងរូបភាព ក្នុងនោះសកម្មភាពរបស់រដ្ឋបាលឯកភាពខេត្តកណ្តាល បានចំនួន ១,១១៦អត្ថបទ និងរូបភាព និងធ្វើការផ្សព្វផ្សាយ តាមទូរទស្សន៍ជាតិ ទូរទស្សន៍ឯកជន Page ផ្លូវការទាំង៥ របស់ខេត្ត, បញ្ជារព័ត៌មាន, បណ្តាញសង្គម, និងអង្គភាព សារព័ត៌មាននានា បានចំនួន ៤៥,៤៦៩លើក ក្នុងនោះផ្សព្វផ្សាយតាមរយៈទូរទស្សន៍ជាតិ និងឯកជន បានចំនួន ៤,៦៤០អត្ថបទ និងរូបភាព និងផ្សព្វផ្សាយ តាមរយៈបណ្តាញសង្គម Facebook Youtube TikTok Instagram និងTelegram ចំនួន ៤០,៩២៩ អត្ថបទ និងរូបភាព៕